
អណ្តូងនៅស្រុកពារាំង ខេត្តព្រៃវែងដែលឪពុកកូន ២ នាក់ស្លាប់។ រូប FN
ភ្នំពេញៈ អ្នកជំនាញផ្នែកសុខភាព និងអភិវឌ្ឍន៍ជនបទ បាននិយាយថា ការចុះស្ដារ ឬរើសរបស់អ្វីមួយពីក្នុងអណ្ដូងលូ (ទឹក) ដែលមានជម្រៅជ្រៅលើសពី ៤ ម៉ែត្រឡើងទៅ ហើយត្រូវបានបោះបង់ ឬខកខានមិនបានប្រើប្រាស់ជាច្រើនខែច្រើនឆ្នាំ ដោយខ្វះឧបករណ៍បច្ចេកទេស និងបំពង់ខ្យល់អុកស៊ីហ្ស៊ែនជាជំនួយ អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិត។
លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អណ្ដូងទឹកដែលជ្រៅ និងខកខានប្រើប្រាស់យូរឆ្នាំ ភាគច្រើនគ្មានខ្យល់អុកស៊ីហ្ស៊ែនទេដោយសារតែកម្ទេចកម្ទីស្លឹកឈើ ឬសំរាមដែលរសាត់តាមខ្យល់ជ្រុះធ្លាក់ចូល និងល្បាប់ភក់នៅបាតអណ្ដូង បង្កឱ្យកើតមានឧស្ម័នមេតាន (CH4) ហើយវាទៅស្រូបយកសារធាតុ អុកស៊ីហ្ស៊ែន (O2) ដែលមាននៅក្នុងអណ្ដូងនោះ។ ម្យ៉ាងទៀតបើអណ្ដូងនោះស្ថិតនៅទីតាំងម្លប់ មានដើមឈើស៊ប់ទ្រុប ខ្វះពន្លឺថ្ងៃ កម្រិតនៃការខ្វះអុកស៊ីហ្ស៊ែនមានជាតិពុលក្នុងនោះកាន់តែខ្ពស់។
លោកបញ្ជាក់ថា៖ «អ៊ីចឹងបើសិនជាយើងចុះស្ដារវា [អណ្ដូង] ដោយខ្វះឧបករណ៍បច្ចេកទេស ឬបំពង់ខ្យល់អុកស៊ីហ្ស៊ែនជាជំនួយនោះ វានឹងធ្វើឱ្យយើងកើតមានបញ្ហាសុខភាព ដូចជាជំងឺសួត ជំងឺរមាស់អីជាដើម។ មិនតែប៉ុណ្ណោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង»។ លោកបន្ថែមថា៖ «យកល្អអណ្ដូងបែបនោះគួរលុបដី ឈប់ប្រើប្រាស់ទៅ»។
កាលពីពេលថ្មីៗនេះមានរឿងសោកនាដកម្មមួយ ទៅលើបុរស ២ នាក់ជាឪពុក-កូន បន្ទាប់ពីពួកគាត់ បានចុះទៅរាវរកកូនសោដោះម៉ាស៊ីនបូមទឹក ដែលបានធ្លាក់ចូលទៅក្នុងអណ្ដូងទឹកដែលមានជម្រៅ ៧ ម៉ែត្រ ស្ថិតក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បណ្ដាលឱ្យថប់ដង្ហើមស្លាប់នៅក្នុងអណ្តូងទឹកនោះទាំង ២ នាក់យ៉ាងអាណោចអាធ័ម។
លោក លី ធី នាយនគរបាល-ប៉ុស្តិ៍ព្រៃព្នៅ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោក ខ្លឹង ពៅ អាយុ ៥២ ឆ្នាំ និងកូនប្រុសឈ្មោះ ពៅ ប៊ុនធឿន អាយុ ២៨ ឆ្នាំ ជាកសិករមកពីភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង បានស្លាប់នៅក្នុងអណ្ដូងលូទឹករបស់ខ្លួនដែលស្ថិតនៅលើវាលស្រែមួយកន្លែងក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ នៃស្រុកពារាំង។
លោកថ្លែងថា តាមការបំភ្លឺរបស់សាច់ញាតិ មុនពេលកើតហេតុ ពួកគេបាននាំគ្នាជិះទូកទៅដោះម៉ាស៊ីនបូមទឹក ដែលដាក់តម្កល់នៅលើអណ្ដូងនោះយកទៅទុក ព្រោះខ្លាចទឹកជន់លិចខូចខាត។ ក្រោយពេលដោះម៉ាស៊ីននោះរួច ក៏នាំគ្នាសែងម៉ាស៊ីនបូមទឹកឡើងលើទូកបម្រុងដឹកមកផ្ទះ ក៏បានរអិលដៃធ្លាក់សោដោះម៉ាស៊ីន ចូលទៅក្នុងអណ្ដូង។ ឃើញដូច្នោះ បុរសជាកូនក៏ចុះទៅក្នុងអណ្ដូងនោះ ដើម្បីរាវរកកូនសោរើសយកមកវិញតែអកុសលក៏បានថប់ដង្ហើមសន្លប់បាត់ស្មារតីនៅក្នុងអណ្ដូង។
បន្ទាប់មកបុរសជាឪពុកក៏បានចុះទៅតាមហើយក៏បានថប់ដង្ហើមសន្លប់នៅក្នុងអណ្ដូងនោះម្នាក់ទៀត។ ក្រោយពីឃើញស្ថានភាពដូច្នេះ សាច់ញាតិរបស់គាត់ ក៏បានស្រែកហៅកសិករនៅក្បែរនោះឱ្យមកជួយ។ ប៉ុន្តែគ្មាននរណាហ៊ានចុះទៅក្នុងអណ្ដូងនោះទៀតទេ ព្រោះខ្លាចមានហានិភ័យកើតឡើងដូចជា ឪពុក-កូនទាំង ២ នាក់នោះ។
លោក ធី បញ្ជាក់ថា៖ «ដោយសារកង្វះឧបករណ៍ ដើម្បីចុះទៅសង្គ្រោះបានទាន់ពេលវេលា ជនរងគ្រោះទាំង ២ នាក់ឪពុក និងកូននោះក៏បានស្លាប់។ បន្ទាប់មកក្រុមសាច់ញាតិ បានប្រើបំពង់ឫស្សី និងទុយោទឹកធំៗ ព្រមទាំងខ្សែពួរ ចុះទៅយកសពជនរងគ្រោះពីក្នុងអណ្ដូង»។
បើតាមលោក លី ធី ករណីថប់ខ្យល់អុកស៊ីហ្ស៊ែន ស្លាប់ក្នុងអណ្ដូងទឹកបែបនេះ បានកើតឡើងម្ដងរួចមកហើយ នៅភូមិអង្គាសដី ឃុំព្រៃព្នៅ កាលពីអំឡុងខែមីនា ឆ្នាំ ២០២១ ដោយមានបុរស ២ នាក់ ជាអ្នកស៊ីឈ្នួលជីកស្ដារអណ្ដូងបានស្លាប់។ «ពួកគេបានថប់ដង្ហើមស្លាប់នៅប៉ុន្មាននាទី ក្រោយចុះទៅជីកស្ដារអណ្ដូងនោះ ក្រោមកម្ដៅថ្ងៃ និងពោរពេញដោយក្លិនស្អុយ ដែលបណ្ដាលមកពីមានសត្វកណ្ដុរ បានធ្លាក់ងាប់ក្នុងអណ្ដូងនោះ»។
ករណីសោកនាដកម្មខាងលើនេះ មិនមែនកើតមានតែនៅក្នុងខេត្តព្រៃវែងនេះទេ។ កាលពីប៉ុន្មានឆ្នាំមុន នៅខេត្តក្រចេះ សៀមរាប និងកំពង់ចាម ក៏មានករណីមនុស្សស្លាប់ក្នុងអណ្ដូងរហូតដល់ជិត ១០ នាក់ ផងដែរ។
លោក ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានចាត់ករណីខាងលើនេះថា បណ្ដាលមកពីកង្វះការផ្សព្វផ្សាយ និងការទទួលបានព័ត៌មាន អំពីចំណេះដឹងជាមូលដ្ឋាន ទាក់ទងនឹងការជីកស្ដារអណ្ដូងទឹកដែលមានជម្រៅជ្រៅៗនៅតាមតំបន់ទីជនបទដាច់ស្រយាល។
លោកថ្លែងថា៖ «កង្វះការផ្សព្វផ្សាយ និងការទទួលបានព័ត៌មាន ទាក់ទងទៅនឹងសុវត្ថិភាពនៃការជីកស្ដារអណ្ដូងទឹកមានជម្រៅជ្រៅៗនេះ គឺជាផ្នែកមួយ ដែលធ្វើឱ្យពលរដ្ឋនៅតាមទីជនបទជួបគ្រោះថ្នាក់ដល់អាយុជីវិត»។
លោក សៀងហេង ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រផងដែរនោះ បានពន្យល់ថា មានកត្តាជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកជីកឬស្ដារអណ្ដូងលូ ឬអណ្ដូងខ្នោះដែលមានជម្រៅជ្រៅ។ ក្នុងនោះកត្តាភូមិសាស្ត្រ សណ្ឋានដីបរិយាកាស នៃទីតាំងអណ្ដូង ដែលត្រូវជីកឬ ស្ដារ ជាតំបន់បែបណា? បើវាជាតំបន់វាលទំនាប គឺមិនសូវជាបញ្ហានោះទេ ព្រោះអណ្ដូងដែលត្រូវជីក ឬស្ដារនោះមិនជាជ្រៅណាស់ណាទេ តែបើវាជាតំបន់ខ្ពង់រាប គឺពិតជាមានបញ្ហាប្រឈមគ្រោះថ្នាក់ខ្ពស់បំផុត។ លោកបញ្ជាក់ថា៖ «តំបន់កាន់តែខ្ពស់ ការជីកអណ្ដូងយកទឹកក្រោមដីមកប្រើប្រាស់ គឺកាន់តែជ្រៅ ហើយខ្យល់អុកស៊ីហ្ស៊ែនក៏កាន់តែខ្វះ។ ដូច្នេះហានិភ័យនៃគ្រោះថ្នាក់ដល់ជីវិត ក្នុងពេលជីកស្ដារអណ្ដូងគឺកាន់តែខ្ពស់»។
បើតាមការពន្យល់របស់លោក សៀងហេង នៅពេលជីកស្ដារអណ្ដូងលូ មានជម្រៅ លើសពី ៤ ម៉ែត្រទៅ អ្នកជីកស្ដារត្រូវមានឧបករណ៍ សម្ភារបច្ចេកទេសសំខាន់ៗដូចជា ជណ្ដើរសុវត្ថិភាព ខ្សែយោង បំពង់ខ្យល់ ដបទឹកអុកស៊ីហ្ស៊ែន និងត្រូវធ្វើការផ្លាស់ប្ដូរគ្នារៀងរាល់ ១០-១៥ នាទីម្ដង ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើង ដោយសារតែបាត់បង់ខ្យល់អុកស៊ីហ្ស៊ែនពីក្នុងខ្លួន។
ក្នុងករណីស្ដារអណ្ដូងចាស់ៗ ដែលមានកំណកល្បាប់ភក់ក្រាស់ ដោយសារតែការបោះបង់ចោលយូរនោះ អ្នកជីកស្ដារចាំបាច់ត្រូវពិនិត្យ និងប្រើឧបករណ៍វាស់ស្ទង់សម្ពាធខ្យល់អុកស៊ីហ្ស៊ែននៅក្នុងអណ្ដូងជាមុន ដើម្បីឱ្យប្រាកដថា ក្នុងអណ្ដូងចាស់ៗទាំងនោះ មានខ្យល់អុកស៊ីហ្ស៊ែនគ្រប់គ្រាន់ អាចឱ្យពួកគេចុះជីកស្ដារបាន។ លោកថា៖ «ជាទូទៅ អណ្ដូងចាស់ៗ ដែលត្រូវបានគេឈប់ប្រើប្រាស់យូរឆ្នាំ ភាគច្រើនគ្មានខ្យល់អុកស៊ីហ្ស៊ែនទេ។ ដើម្បីឱ្យដឹងថា វាមានអុកស៊ីហ្ស៊ែនឬអត់ យើងត្រូវប្រើឧបករណ៍បច្ចេកទេសមកវាស់ស្ទង់ ប៉ុន្តែនៅទីជនបទ ដែលគ្មានឧករណ៍វាស់ស្ទង់ យើងចាំបាច់ត្រូវប្រើវិធីសាស្ត្រងាយៗមួយចំនួន ដូចជា ត្រូវដាក់ត្រីរស់ទៅក្នុងសំណាញ់ ហើយចងខ្សែទម្លាក់ចូលទៅក្នុងទឹកអណ្ដូងនោះ បើសិនជាក្នុងចន្លោះពី ២០-៣០ នាទី វាមិនងាប់ទេ មានន័យថា អណ្ដូងនោះមានខ្យល់អុកស៊ីហ្ស៊ែន ដែលអាចឱ្យយើងចុះជីកស្ដារបាន»។
ទន្ទឹមជាមួយគ្នានេះ លោកបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវចុះធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ពលរដ្ឋ អំពីចំណេះដឹងជាមូលដ្ឋាននៅក្នុងការងារជីកស្ដារអណ្ដូងលូនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ម្យ៉ាងទៀត ការជីកអណ្ដូងលូដោយដៃគួរបញ្ឈប់ ហើយជំនួសមកវិញនូវការបុកខួងអណ្ដូងស្នប់ ដោយប្រើគ្រឿងចក្រវិញ ព្រោះវាមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
ជុំវិញករណីនេះ លោក ឡុក វុទ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ថ្លែងថា នៅពេលនេះ លោកបានចាត់ឱ្យមន្ត្រីចុះសហការជាមួយអាជ្ញាធរមូលដ្ឋាននៅទូទាំងខេត្ត ជាពិសេសស្រុកពារាំង និងស្រុកពោធិ៍រៀង ធ្វើការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ក្នុងករណីមានការជីកស្ដារអណ្ដូងទឹកនៅតាមវាលស្រែ ឬក្នុងភូមិ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់មន្ត្រីជំនាញចំនួន ៣ ចំណុច រួមមានត្រូវប្រើបំពង់ឫស្សី ឬទុយោទឹក ជណ្ដើរ ខ្សែយោង និងកង្ហារបាញ់ខ្យល់ទៅក្នុងអណ្ដូង ជាជំនួយក្នុងពេលជីកស្ដារអណ្ដូង និងត្រូវធ្វើការផ្លាស់ប្ដូរវេនគ្នាចុះក្នុងពេល ១០-១៥ នាទីម្ដងក្នុងករណីមានបញ្ហាកើតឡើង ត្រូវរាយការណ៍បន្ទាន់ដល់សមត្ថកិច្ច៕