ភ្នំពេញៈ ការផ្លាស់ប្តូរ និង​ការប្រែប្រួល​ទម្លាប់​បុគ្គល និង​សង្គម បាន​ធ្វើឱ្យ​មាន​ឥទ្ធិពល​លើ​ស្ថានភាព​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ដែល​តម្រូវឱ្យ​មាន​ការយក​ចិត្ត​ទុកដាក់​បន្ថែម​លើ​ការប្រយុទ្ធ​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​ដែល​បញ្ហា​នេះ​បាន​បង្ក​ការគំរាមកំហែង​ដល់​សុខភាព និង​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​។

នេះ​ជា​ការថ្លែង​របស់​លោក យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី “​ការធ្វើការ​រួមគ្នា​បំពេញ​កង្វះខាត​ផែនការ​សកម្មភាព​សកល​ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ស្គមស្គាំង​របស់​កុមារ​” ​នា​ថ្ងៃទី ​១៨ ​តុលា ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បានឱ្យ​ដឹងថា វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​មូលធន​មនុស្ស បង្កើន​ប្រសិទ្ធភាព​ការងារ ជំរុញ​កំណើន​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​។ ការអភិវឌ្ឍ​ទីក្រុង ការធ្វើ​ចំណាកស្រុក ការប្រែប្រួល​អាកាសធាតុ ការប្រែប្រួល​ប្រជាសាស្ត្រ និង​ការរីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​បាន​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ការហូបចុក​។

លោក​ យឹម ឆៃលី ថ្លែង​ថា​៖ «​ការផ្លាស់ប្តូរ និង​បម្រែបម្រួល​ទម្លាប់​បុគ្គល និង​សង្គម​នេះ មាន​ឥទ្ធិពល​លើ​ស្ថានភាព​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដែល​តម្រូវឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​បន្ថែមទៀត​លើ​ការប្រយុទ្ធ​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​គ្រប់​ទម្រង់ ហើយ​បញ្ហា​នេះ​បាន​ធ្វើឱ្យ​ប្រជាជន​ប្រឈម​នឹង​បញ្ហា​ថ្មីៗ ដែល​បង្ក​ការគំរាម​កំហែង​ដល់​សុខភាព និង​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​»​។ ប្រសិន​បើ​គ្មាន​ការយកចិត្ត​ទុកដាក់​លើ​សុខភាព សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នោះទេ ផល​លាភ​ដែល​បាន​មកពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នឹងត្រូវ​ធ្លាក់ចុះ ដោយសារ​ការខាតបង់​ដែល​មិនអាច​មើល​រំលង​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​បន្ទុក​ចំណាយ​លើ​ការថែទាំ និង​ព្យាបាល​ជំងឺ​មិនឆ្លង​នានា ដូចជា​ជំងឺ​ទឹកនោមផ្អែម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ យឹម ឆៃលី​។

លោក​បន្ថែមថា ដើម្បី​បង្កើន​វឌ្ឍនភាព​ស្តីពី​ការលើក​កម្ពស់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ឱ្យមាន​ការរីកចម្រើន​ជា​ប្រព័ន្ធ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​ដោយ​ប្រើប្រាស់​កាលានុប្បវត្តភាព​នៃ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដើម្បី​បង្កើតបាន​នូវ​បរិយាកាស​មួយ​ដ៏រឹងមាំ ឈាន​ទៅ​សម្រេច​បាន​ចក្ខុវិស័យ ស្តីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​ ២០៣០ តាមរយៈ​ការចូលរួម​យ៉ាងសកម្ម នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នានា ទាំង​ក្នុង​តំបន់ និង​សកល​លោក​។

ជាមួយ​គ្នា​នោះដែរ លោក សុខ ស៊ីឡូ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ ក៏​បាន​លើកឡើង​ដែរ​ថា នៅក្នុង​ខែ​ឧសភា ឆ្នាំ​ ២០២១ ប្រទេស​កម្ពុជា​បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ស្ដីពី​ផែនការ​សកម្មភាព​សកល​ ដើម្បី​កាត់បន្ថយ​ភាពស្គម​ស្គាំង​កុមារ​ក្រោម​ការដឹកនាំ​សម្រប​សម្រួល​របស់​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។ ផែនទី​នេះ​បាន​កំណត់​យក​ខេត្ត​ចំនួន​ ១៣ ​ជា​តំបន់​អាទិភាព​ប្រជាសាស្ត្រ​ខ្ពស់ ដើម្បី​ធ្វើ​សកម្មភាព​កាត់បន្ថយ​ភាពស្គម​ស្គាំង​របស់​កុមារ​។ ខេត្ត​ទាំងនេះ​មាន​ដូចជា​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ សៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និង​ខេត្តតាកែវ​។

ចំណែក លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា ចាប់​តាំងពី​ឆ្នាំ​ ២០០០​ មក កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួល​បាន​សេវា​ថែទាំ​សុខភាព​ជា​មូលដ្ឋាន ដែល​មាន​គុណភាព ការសម្រាល​កូន​ដោយ​បុគ្គលិក​សុខាភិបាល​ដែលមាន​ជំនាញ ការលើកកម្ពស់​អាហារូបត្ថម្ភ និង​របប​អាហារ​សុខភាព​។

លោកស្រី​បាន​បន្ថែមថា តាម​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ​ ២០២១ បាន​បង្ហាញថា មាន​ការថយចុះ អត្រា​ក្រិស​ក្រិន​របស់​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ​ពី​ ៣២% ​នៅ​ឆ្នាំ​ ២០១៤ មក​នៅត្រឹម ២២% ​នៅ​ឆ្នាំ​ ២០២១​ ។ ក៏ប៉ុន្តែ​អត្រា​កុមារ​ស្គមស្គាំង​ស្ថិតនៅ​មិន​ប្រែប្រួល​ទាល់តែសោះ គឺ​នៅ​កម្រិត​ ១០% ​ដដែល​ សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។

ខេត្ត​មួយចំនួន មាន​អត្រា​កុមារ​ក្រិស​ក្រិន​ជុំវិញ​ ៣០% ដែល​បញ្ជាក់ថា លើសពី​កម្រិត​ចាំបាច់​ និង​បន្ទាន់​ផងដែរ​។ លោកស្រី ប្រាក់ សោភ័ណនារី បាន​ថ្លែង​​ថា​៖ «​ចាប់តាំងពី​ឆ្នាំ​ ២០១៨ មក រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​ដាក់​បន្ថែម​ថវិកាជាតិ សម្រាប់​ទិញ​អាហារ​ព្យាបាល​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ ដោយសារ​តាម​ការប៉ាន់ប្រមាណ​ក្នុង​ ១ ​ឆ្នាំៗ កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ​សរុប​ ៦ ​ម៉ឺន​នាក់ ហើយ​ក្នុងចំណោម​នោះ មាន​ប្រហែល​តែ​ ១០% នៃ​កុមារ​ស្គមស្គាំង​ប៉ុណ្ណោះ ដែល​បាន​ទទួល​សេវា​ព្យាបាល​»៕