
ក្បួនដង្ហែសពសិស្សរងគ្រោះពីការលិចទូកដ កាលពីថ្ងៃទី ១៥ តុលា ។ រូបថត ប៉ូលិស
កណ្ដាលៈឪពុកម្ដាយរបស់កុមាររងគ្រោះដែលស្លាប់ក្នុងករណីលិចទូកនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធមានចំណាត់ការតាមនីតិវិធីទៅលើម្ចាស់ និងកម្មករទូក ដែលធ្វេសប្រហែសបណ្ដាលឱ្យទូកលិចស្លាប់កូនៗរបស់ពួកគាត់។ ប៉ុន្តែពួកគាត់មិនទាមទារដល់ឈានទៅរកការឃុំខ្លួនម្ចាស់និងកម្មករទូកនោះឡើយ។
លោក ប៊ុត សុវត្តិ អាយុ ៤៨ ឆ្នាំ រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ និងជាឪពុករបស់កុមារីរងគ្រោះម្នាក់ឈ្មោះសុវត្ថិ លក្ខិណា អាយុ ១៣ ឆ្នាំ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកកាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីលិចទូកស្លាប់សិស្សសាលា ១១ នាក់រួមទាំងកូនស្រីរបស់គាត់ម្នាក់នោះ ថ្វីដ្បិតតែជាឧបទ្ទវហេតុ ប៉ុន្តែវាគួរតែត្រូវបានសមត្ថកិច្ចពាក់ព័ន្ធមានចំណាត់ការតាមនីតិវិធីឱ្យបានម៉ឺងម៉ាត់ទៅលើម្ចាស់ និងកម្មករទូកដដែលធ្វេសប្រហែសបណ្ដាលឱ្យកើតមានសោកនាដកម្មដ៏អាក្រក់នេះឡើង។
លោកបានបញ្ជាក់ថា៖ «យើងខ្ញុំជាឪពុកម្ដាយកុមាររងគ្រោះ មិនទាមទារឱ្យសមត្ថកិច្ចចាប់ឃុំខ្លួនម្ចាស់ និងកម្មករទូកនោះទេ តែសូមឱ្យមានចំណាត់ការតាមនីតិវិធី អប់រំណែនាំឱ្យពួកគាត់មានការទទួលខុសត្រូវខាងផ្នែកស្មារតី ដើម្បីកុំឱ្យពួកគាត់ធ្វេសប្រហែសដូចយ៉ាងបែបនេះទៀត»។
ស្រដៀងគ្នានេះដែរ លោក ហេង ហ៊ុន នាយកសាលាបឋមសិក្សា ហ៊ុន សែន កោះចំរើនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កូនប្រុសរបស់គាត់ម្នាក់ ឈ្មោះ ហេង ហ៊ុយ អាយុ ១១ ឆ្នាំ ក៏ជាជនរងគ្រោះនៅក្នុងហេតុការណ៍លិចទូកនោះដែរ ប៉ុន្តែកូនប្រុសគាត់បានរួចពីការស្លាប់ ដោយសារចេះហែលទឹក។
លោកមានប្រសាសន៍ថា តាមការរៀបរាប់របស់កូនប្រុសគាត់ដែលស្ថិតនៅក្នុងហេតុការណ៍នោះ នៅយប់ថ្ងៃកើតហេតុនោះអ្នកបើកទូក[កម្មករ]ឈ្មោះ ថេត ចន្ធី អាយុ ១៥ ឆ្នាំ បានផ្ទុកអ្នកដំណើរជាសិស្សសាលា ១៥ នាក់ រួមទាំងមធ្យោបាយធ្វើដំណើរកង់ ១៤ គ្រឿង និងម៉ូតូ ១ គ្រឿង។ក្នុងពេលទូកចាកចេញពីច្រាំង [ពីភូមិអម្ពិលទឹក ទៅភូមិកោះចំរើន] ទឹកបានហូរចូលតាមក្បាលទូក ហើយពួកគេមួយចំនួនបាននាំគ្នាយកដៃសាចទឹកលេងដាក់គ្នាបណ្ដាលឱ្យទូកឃ្លោងនិងមានទឹកហូរចូលក្នុងទូកកាន់តែច្រើន បន្ទាប់មកក៏លិចតែម្ដង។
លោកបានបញ្ជាក់ថា៖ «ការលិចទូកស្លាប់សិស្សសាលាតូចៗ ១១ នាក់ និងរបួស ៤ នាក់នេះ គឺបណ្ដាលមកពីទូកមានសភាពចាស់ទ្រុឌទ្រោម ហើយផ្ទុកមនុស្សច្រើនលើសចំណុះ។ ម្យ៉ាងទៀតមកពីម្ចាស់ទូកធ្វេសប្រហែសមួយគ្រា បណ្ដោយឱ្យកម្មករដែលមានវ័យក្មេងខ្វះបទពិសោធក្នុងការគ្រប់គ្រងស្ថានភាពពេលមានគ្រោះអាសន្នកើតឡើង ទៅបញ្ជាទូកតែម្នាក់ឯង»។
លោកបានបន្តថា ថ្វីដ្បិតកូនគាត់ និងសិស្សប្រុសស្រី ៣ នាក់ទៀតមិនស្លាប់នៅក្នុងហេតុការណ៍នោះ ប៉ុន្តែ ភាពភ័យខ្លាចនិងតក់ស្លុតក្នុងពេលនោះបានធ្វើឱ្យពួកគេរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកសតិបញ្ញា និងស្មារតី ដែលកត្តានេះ ចាំបាច់ត្រូវទាមទារឱ្យម្ចាស់និងកម្មករទូក មានការទទួលខុសត្រូវចំពោះឧបទ្ទវហេតុដែលបានកើតឡើងនេះ។
លោកបានបញ្ជាក់ថា៖ «ការទទួលខុសត្រូវនេះមិនមែនតម្រូវឱ្យពួកគាត់[ម្ចាស់ និងកម្មករទូក] ត្រូវតែទោសទណ្ឌអ្វីនោះទេគឺសូមឱ្យពួកគាត់បញ្ឈប់ការប្រមាថទៅលើគ្រប់ស្ថានការណ៍ទាំងអស់ហើយត្រូវពង្រឹងភាពទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ខ្លួន និងអ្នកដទៃធ្វើយ៉ាងណាកុំឱ្យកើតមាននូវគ្រោះអាក្រក់បែបនេះទៀត។ ជាពិសេស ត្រូវហ៊ានទទួលស្គាល់ការពិតអំពីកំហុសឆ្គងរបស់ខ្លួន»។
យ៉ាងណាក៏ដោយ ក្រោយពីមានឧបទ្ទវហេតុលិចទូកស្លាប់សិស្សសាលា ១១ នាក់ និងរបួស ៤ នាក់នោះ សមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែកបានឃាត់ខ្លួនស្ត្រីជាម្ចាស់អាជីវកម្មទូកដចំនួន ២ នាក់ រួមមាន ឈ្មោះ ឆឹង វណ្ណា អាយុ ៥២ ឆ្នាំនិងឈ្មោះ ឆឹង ស្រីនាង អាយុ ៦៩ ឆ្នាំ ព្រមទាំងយុវជនអាយុ ១៥ ម្នាក់ ឈ្មោះ ថេតចន្ធី ជាអ្នកបើកទូកទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅឱ្យតុលាការខេត្តកណ្ដាលចាត់ការបន្តតាមនីតិវិធី ។
ប៉ុន្តែពួកគេទាំង ៣ នាក់ត្រូវបានអយ្យការអមសាលាដំបូងខេត្តកណ្ដាលសម្រេចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២។ នេះបើតាមលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។
លោកបានបញ្ជាក់ថា៖ «អនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ជាបណ្ដោះអាសន្ន មិនមែនមានន័យថា សំណុំរឿងនេះ សមត្ថកិច្ចជំនាញមិនចាត់ការនោះទេ គឺនៅតែបន្តអនុវត្តទៅតាមនីតិវិធីច្បាប់ដដែល»។
បើតាមលោក សុចិត្ត សំណុំរឿងលិចទូកស្លាប់សិស្សសាលា ១១ នាក់ និងរបួស ៤ នាក់នេះ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបញ្ជូនទៅដល់តុលាការខេត្តកណ្ដាលហើយកាលពីល្ងាចថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២។
ជុំវិញករណីនេះដែរ លោក ឯក ស៊ុនរស្មី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះ ស្ថាប័នអយ្យការនៃសាលាដំបូងខេត្តកណ្ដាល បានទទួលសំណុំរឿងនោះ ពីមន្ត្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលរួចហើយ ។
លោកបានបញ្ជាក់ថា៖ «សំណុំរឿងនេះកំពុងស្ថិតក្រុមយុត្តាធិការរបស់អយ្យការ»៕