
កងកម្លាំងកម្ពុជានៅក្នុងពិធីមុនចេញទៅបំពេញបេសកកម្មសន្ដិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្ដិ៍
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនកម្លាំងយោធានៃកងយោធពលខេមរភូមិន្ទជាបុរសចំនួន ៧ ៧២២ នាក់ និងស្ត្រី ៥៨០ នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ៩ ក្រោយពីមានសន្តិភាពពេញលេញ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលដោយនយោបាយ ឈ្នះ - ឈ្នះ។ ក្នុងបេសកកម្មមួកខៀវនេះ កងយោធពលខេមរភូមិន្ទ ១០ នាក់ បានស្លាប់ និង ១៤ នាក់ របួស។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ។
លោក ផល សាមន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ កន្លងមករបស់ក្រសួងការពារជាតិ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី ១៨ ខែតុលា នេះថា កម្លាំងកងយោធពលខេមរភូមិន្ទសរុបទាំង ៨ ៣០២ នាក់ បានចាប់ផ្ដើមចេញជាបន្តបន្ទាប់ទៅប្រទេស ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្ដាល ឆាដ ស៊ីប ស៊ីរី និងយេម៉ែន ក្នុងជំនាញបោសសម្អាតគ្រាប់មីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យកម្រិត ២ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការនិងនាយទាហានសង្កេតការណ៍។
លោកថ្លែងថា ក្នុងបេសកកម្មដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នោះគឺ គិតចាប់ពីឆ្នាំ ២០១៨ ដល់ ៩ ខែដើមឆ្នាំ ២០២២ កងកម្លាំងបញ្ជូនទៅបំពេញបេសកកម្មមានចំនួន ៣ ៣១២ នាក់ (នារី ៣៥០ នាក់) នៅ ៥ ប្រទេស (ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្ដាល)។ បច្ចុប្បន្នកម្លាំងកងយោធពល-ខេមរភូមិន្ទដែលកំពុងបំពេញបេសកកម្មមានចំនួន ៨០១ នាក់ (នារី ១១៨ នាក់) នៅ ៥ ប្រទេស រួមមាន ស៊ូដង់ខាងត្បូង ស៊ូដង់ លីបង់ ម៉ាលី និងអាហ្វិ្រកកណ្ដាល។ នៅតំបន់ដែលត្រូវបំពេញភារកិច្ចទាំងនោះ ក៏គ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជាតំបន់ភ្នំ ខ្ពង់រាប ព្រមទាំងប្រឈមនឹងការ គំរាមកំហែងផ្នែកសន្តិសុខដូចជាការវាយប្រហារអត្តឃាតពីក្រុមភេរវករ ព្យុះខ្សាច់សាហារ៉ា គ្រាប់មីន គ្រឿងផ្ទុះ កែច្នៃជាដើម។
លោកបានថ្លែងទៀតថា៖ «កងកម្លាំងយើងបានបំពេញការងារដោយមិនខ្លាចនឿយហត់ក្រោមអាកាសធាតុក្តៅហួតហែងរហូតដល់ ៥៣ អង្សានៅទ្វីបអាហ្វិ្រកនិងត្រជាក់ដល់ក្រោមសូន្យអង្សានៅមជ្ឈិមបូព៌ា»។
លោកបញ្ជាក់ថា កងកម្លាំង ៨០០ នាក់នេះ កំពុងប្រតិបត្ដិការហើយប្រឈមនឹងគ្រោះថ្នាក់។ ប៉ុន្ដែដើម្បីគ្រប់គ្រងការងារដឹកនាំ និងផ្ដល់ព័ត៌មានមជ្ឈមណ្ឌលជាតិ បានចែកចេញជា ២ គឺទី ១ ខាងក្រៅ និងក្នុងប្រទេសទោះបីមានពេលវេលាគម្លាតគ្នាពេលថ្ងៃនឹងយប់ក៏ដោយ ប៉ុន្ដែការគ្រប់គ្រងព័ត៌មាន គឺបានច្បាស់លាស់។ ហេតុការណ៍ដែលកើតឡើងនៅតំបន់ដែលកម្ពុជាឈរជើងគឺត្រូវដឹងមកដល់កម្ពុជារយៈកាលលឿនបំផុតតាមរយៈបច្ចេកវិទ្យា។ ទី២ មជ្ឈមណ្ឌលជាតិបានធ្វើ ការណែនាំ និងគ្រប់គ្រងចំពោះអ្វីដែលជាយថាហេតុអ្វីដែលជាឧបសគ្គក្នុងតំបន់ឈរជើង។
លោកបញ្ជាក់ថា៖ «កាលពីមុនយើងមានការលំបាកដោយសារការគ្រប់គ្រងរបស់យើងជាមួយកងកម្លាំងឈរជើង វាអត់ទាន់មានយន្តការច្បាស់លាស់។ ប៉ុន្ដែឥឡូវយើងបង្កើតបច្ចេកវិទ្យាគ្រប់គ្រងច្បាស់។
លោកថ្លែងដោយរំឭកថា កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈកាលជាង ៣ ទសវត្សរ៍ហើយសូម្បីតែនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ និងកម្លាំងអ៊ុនតាក់ ដែលចូលមកដោះស្រាយ ស្វែងរក សន្ដិភាពនៅកម្ពុជា គឺមិនទាន់បានសម្រេចដែរ។ ដូច្នេះលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយឈ្នះ ឈ្នះ ធ្វើឱ្យមានសន្ដិភាពនៅកម្ពុជានាចុងឆ្នាំ ១៩៩៣ ដែលកម្ពុជាទទួលបានការឯកភាពជាតិពេញលេញ។
លោកលើកឡើងថា កម្ពុជាមានសន្តិភាពហើយ តើកម្ពុជាបន្តធ្វើអ្វីទៀត? លោកបញ្ជាក់ថា គឺកម្ពុជាមានសុច្ឆន្ទៈមួយចង់ចូលរួមការថែរក្សាសន្ដិភាពនៅលើពិភពលោកដែលមានការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្រោយពីលោក កូហ្វី អាណាន់ ពេលនោះជាអគ្គលេខាធិការអង្គការសហប្រជាជាតិបានធ្វើលិខិតមកកម្ពុជាកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០០៥។
លោកបន្តថា៖ «ក្នុងពេលនោះរយៈកាលតែ ៤ ថ្ងៃទេ ដែលកម្ពុជាបានសម្រេចចិត្ត គឺនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០០៥។ អ៊ីចឹងកងទ័ពទទួលបាននូវបទបញ្ជាដើម្បីចូលរួមនៅអង្គការសហប្រជាជាតិ។ យើងបានយកនូវបទបញ្ជាមកអនុវត្តរយៈកាលមិនដល់ ១ ឆ្នាំទេ យើងបានបង្កើតគណៈកម្មការជាតិ បង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដើម្បីបញ្ជូនកម្លាំងទៅចូលរួមជាមួយអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសនានាលើសកលលោក»។
លោក សាមន បានឱ្យដឹងថា កម្ពុជាបានហ្វឹកហ្វឺនកងកម្លាំងចូលរួមដំបូងបំផុតនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០០៦ ដែលកងយោធពលខេមរភូមិន្ទបានពាក់មួកខៀវទៅចូលរួមប្រតិបត្ដិការក្រោមឆត្ររបស់អង្គការសហប្រជាតិនៅបណ្ដាប្រទេសខាងក្រៅ។
លោក ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននេះដែរថា ចំពោះកងកម្លាំងពលីក្នុងពេលបំពេញបេសកកម្មការពារសន្ដិភាព តាមបណ្ដាប្រទេសនានា ក្រោមឆត្រអង្គការសហប្រជាជាតិ គិតចាប់ពីឆ្នាំ ២០០៦ រហូតមក គឺមានចំនួន ១០ នាក់។ ក្នុងនោះ កងកម្លាំងបាន ពលីនៅប្រទេសម៉ាលីចំនួន ៥ នាក់ ដែលរងគ្រោះដោយសារព្យុះ ១ នាក់ ដោយសារជំងឺកូវីដ ១ នាក់ និងដោយបញ្ហាផ្សេងៗទៀតចំនួន ៣ នាក់។ ចំណែកកងកម្លាំងនៅប្រទេសអាហ្វិ្រកកណ្ដាល បានពលីដោយសារជំងឺគ្រុនចាញ់ម្នាក់ និងដោយការពួនស្ទាក់ ៤ នាក់។ ក្រៅពីនេះក៏មានកងកម្លាំងដែលរងរបួសចំនួន ១៤ នាក់ ផងដែរ។
លោកថា បើផ្អែកតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិកាលពីចុងឆ្នាំ ២០២១ កម្ពុជាទទួលបានលំដាប់លេខ ២៨ ក្នុងចំណោម ១២២ នៃប្រទេសបរិច្ចាគកម្លាំង។ ការបញ្ជូនកម្លាំងនារីទទួលបានលំដាប់លេខ ១៣ ក្នុងចំណោម ១២២ នៃប្រទេសបរិច្ចាគកម្លាំង និងនៅក្នុងសហគមន៍អាស៊ានទទួលបានលំដាប់លេខ ៣ ការបញ្ជូនកម្លាំងនារីទទួលបានលំដាប់លេខ ២ ។ កងយោធពលខេមរភូមិន្ទបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងអន្តរជាតិ ពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសជាដៃគូឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត។ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អដើម្បីជំរុញបង្កើនសមត្ថភាព ការពារជាតិ ពង្រឹងសាមគ្គីភាព ឈរលើគោលការណ៍ឯករាជ្យ អព្យាក្រឹត គោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕