
មន្ត្រីពិនិត្យរថយន្តធុនធ្ងន់សង្ស័យដឹកលើសទម្ងន់ ពីឆ្នាំ ២០២១។រូប ក្រសួងសាធារណការ
ភ្នំពេញៈ ក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំនេះ អាជ្ញាធរមានសមត្ថកិច្ច បានត្រួតពិនិត្យរថយន្តសរុបជាង ២ លាន ៥០ ម៉ឺនគ្រឿងដែលសង្ស័យផ្ទុកលើសទម្ងន់កំណត់ក្នុងនោះរកឃើញរថយន្តជិត ២ ៥០០ គ្រឿង ដឹកលើសទម្ងន់ ដែលត្រូវបានផាកពិន័យ និងក្នុងរយៈពេល ១ ឆ្នាំ ឃាត់រថយន្តទុកជាង ២៦០ គ្រឿង។
របាយការណ៍ របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ បានឱ្យដឹងថា ការអនុវត្តការងាររយៈពេល ៩ ខែ ឆ្នាំ ២០២២ កន្លងមកនេះ សមត្ថកិច្ចត្រួតពិនិត្យរថយន្តសរុប បានចំនួន ២ ៥៧៩ ២៦០ គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់កំណត់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៨៤៤ ៥៧៨ គ្រឿង ស្មើនឹង ៣២,៧៤% និងរថយន្តផ្ទុកលើសទម្ងន់ត្រូវបានពិន័យមានចំនួន ២ ៤៧០ គ្រឿង។
របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២២ ដោយមានការចូលរួមពីលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រៃ្តយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ ប្រធាន អនុប្រធានលេខាធិការដ្ឋាន ស្ថានីយជញ្ជីងទាំង ៣៣ និងសមាជិក សមាជិកា នៃលេខាធិការដ្ឋាន កាលពីថ្ងៃទី ១៧ តុលា។
ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ លោក តាំង ពៅ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ តុលាថា រថយន្តដែលត្រូវបានត្រួតពិនិត្យសុទ្ធតែជាប្រភេទរថយន្តដឹកទំនិញធ្ងន់ៗ ដែលសង្ស័យលើសទម្ងន់កំណត់ ដែលភាគច្រើនជារថយន្តដឹកខ្សាច់ថ្ម។ ក្នុងនោះក៏មានរថយន្តដឹកទំនិញផ្សេងៗ ដូចជាគ្រឿងសំណង់ ស៊ីម៉ងត៍ ជាដើម។ លោកបញ្ជាក់ថា ក្នុងចំណោមរថយន្តទាំងនោះ សមត្ថកិច្ចបានឃាត់រថយន្តទុករយៈពេល ១ ឆ្នាំចំនួន ២៦៥ គ្រឿង ដែលដឹកលើសទម្ងន់កំណត់។
លោកថ្លែងថា៖ «ការឃាត់ទុកនោះ ដោយសារគាត់ផ្ទុកលើសពី ២០ ភាគរយ។ កាលណាផ្ទុកលើសចំណុះបែបនេះត្រូវឃាត់ទុក ១ ឆ្នាំ ព្រោះវាប៉ះពាល់ដល់ផ្លូវថ្នល់ខ្លាំង។ តាមពិតម្ចាស់រថយន្តមិនមែនមិនយល់ច្បាប់ទេ ប៉ុន្តែដឹកលើសទម្ងន់បែបនេះ ដោយសារចង់ចំណេញជើងដឹក»។
លោកក៏បន្តអំពាវនាវឱ្យបញ្ឈប់ ការដឹកលើសទម្ងន់កំណត់ ខណៈ ក្រុមមន្ត្រីជំនាញកំពុងបន្តផ្សព្វផ្សាយណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ការដ្ឋានអាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ រណ្តៅដី និងសាធារណជនទាំងអស់ឱ្យបានជ្រាបកាន់តែទូលំទូលាយអំពីបទដ្ឋានច្បាប់នានា ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់កំណត់ ជាពិសេស ច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៦០ និងមាត្រា ២៦ ដែលចែងពីការផាកពិន័យចំពោះការដឹកលើសទម្ងន់។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមឱ្យគាត់គោរពតាមច្បាប់កំណត់ ព្រោះខែវស្សា ផ្លូវជ្រាយ ទឹកលិចច្រើន។ បើគាត់នៅបន្តដឹកលើសទម្ងន់ទៀត ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធខូចច្រើន»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការ របួសអាស៊ីប្រចាំកម្ពុជា (AIP) គាំទ្រចំណាត់ការ របស់សមត្ថកិច្ចជំនាញដែលបានចាត់វិធានការជាបន្តបន្ទាប់។
ប៉ុន្ដែលោកបានជំរុញឱ្យក្រសួងសាធារណការ គួរតែកោះហៅតំណាងក្រុមហ៊ុនដឹកជញ្ជូនមកប្រជុំពីបញ្ហាដែលត្រូវដោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍ណែនាំជុំវិញការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន។
លោកថ្លែងថា៖ «ការដឹកលើសទម្ងន់នេះ គឺវាមានហានិភ័យខ្ពស់បំផុត ក្នុងការបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នករួមដំណើរលើដងផ្លូវ ជាពិសេស គឺធ្វើឱ្យខូចខាតផ្លូវថ្នល់។ ប្រសិនយើងបានណែនាំហើយ ប៉ុន្ដែក្រុមហ៊ុននៅតែមិនអនុវត្តទេ គឺស្ថាប័នជំនាញត្រូវតែដកអាជ្ញាប័ណ្ណ ពីក្រុមហ៊ុនដឹកជញ្ជូនហ្នឹង ព្រោះជាការព្រមានដល់ក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀត»។
ពាក់ព័ន្ធការត្រួតពិនិត្យការដឹកលើសទម្ងន់នេះ គណៈកម្មាធិការ បានដាក់ឱ្យប្រើប្រាស់ជញ្ជីងឌីណាមិច ចំនួន ៤ ស្ថានីយ បន្ថែមទៀត និងបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធការពាររន្ទះនៅគ្រប់ស្ថានីយ ដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយ។
គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ ក៏នឹងពង្រឹងការគ្រប់គ្រង និងការអនុវត្តការងារ ដូចជា ការសាងសង់ស្ថានីយថ្មី ការរុះរើ និងជួសជុលស្ថានីយ និងការតភ្ជាប់បណ្តាញបច្ចេកវិទ្យាពីគ្រប់ស្ថានីយជញ្ជីងអចល័ត ទាំងអស់មកទីស្តីការក្រសួង។
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា ៦០ បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ដែលមិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥ សែនរៀល។ ផ្ទុកទម្ងន់មិនលើស ៥ ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។ ផ្ទុកទម្ងន់លើសពី ៥-១០ ភាគរយ នៃទម្ងន់កំណត់ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ ជាប្រាក់ ១០ ម៉ឺនរៀល ក្នុងទម្ងន់ ១ តោន។
ផ្ទុកទម្ងន់លើសពី ១០-២០ ភាគរយត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុក ១ ខែ និងពិន័យអន្តរការណ៍ជាប្រាក់ ២០ ម៉ឺនរៀល ក្នុងទម្ងន់ ១ តោន។ ផ្ទុកទម្ងន់លើសពី ២០ ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុក ១ ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៣០ ម៉ឺនរៀលក្នុងទំនិញទម្ងន់ ១ តោន។
មាត្រាដដែលបញ្ជាក់ថា ក្នុងករណីរថយន្តដឹកលើសទម្ងន់លើសកម្រិតអនុគ្រោះ នឹងត្រូវផាកពិន័យកាន់តែច្រើន ហើយដកបណ្ណបើកបរ និងព្យួរទុករយៈពេល ២ ឆ្នាំ៕