ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ចំនួន​ ៤ ដែល​រង​ផល​ប៉ះពាល់​ ដោយសារ​ទឹកជំនន់ គឺ​សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​រយៈពេល​ ៥ ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២០ ខែតុលា ដើម្បី​ជួប​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​។

លោក​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​​នៅ​ថ្ងៃទី​ ១៨ ខែតុលា ថា​៖ «​បន្ទាប់ពី​ទទួល​​ប្រធានាធិបតី​ទីម័រឡេស្ត​ថ្ងៃ ​២០ តុលា ខ្ញុំ​នឹង​​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ចំនួន​ ៤ គឺ​សៀមរាប បន្ទាយមានជ័យ បាត់ដំបង​ និង​ពោធិ៍សាត់ ដោយ​ប្រើពេល ​៥ ​ថ្ងៃ​ ៤ ​យប់​»​។

លោក​បន្ថែមថា​៖ «​ដំណើរ​ទៅ​លើក​នេះ​សំខាន់​ជួប និង​ដោះស្រាយ​ជូន​ប្រជាជន​ដែល​រងគ្រោះ​ ដោយ​ជំនន់​ទឹកភ្លៀង​។ ត្រៀមខ្លួន​ហត់នឿយ​កិច្ចការ​ក្នុង​ប្រទេស​មុននឹង​ហត់​កិច្ចការ​អន្តរជាតិ​ដែលមាន ASEAN G20 APEC ក្នុង​ខែ​វិច្ឆិកា ខាងមុខ​»​។

ការប្រកាស​របស់​លោក ហ៊ុន សែន ធ្វើឡើង ​១​ ថ្ងៃ​បន្ទាប់ពី​លោក​បាន​ដាក់​បញ្ជា​ដល់​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ធ្វើ​អន្តរាគមន៍​បន្ទាន់ ដោយ​ផ្គត់ផ្គង់​ស្រូវពូជ និង​ពូជ​ដំណាំ​ដទៃ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​។

នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​កាលពី​ថ្ងៃទី​ ១៧ ខែ​តុលា លោក​បាន​ប្រាប់​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ការ​វាយតម្លៃ​ផលប៉ះពាល់​ ដោយសារ​ទឹកជំនន់ និង​ផ្តល់​ពូជស្រូវ​ជូន​កសិករ​ឱ្យបាន​ឆាប់​បំផុត​។ លោក​ក៏បាន​ផ្តាំ​ដល់​មន្ត្រី​កសិកម្ម​ទាំងអស់​ «​កុំ​ជិះសេះ​មើល​ផ្កា​» ​ត្រូវ​គិតគូរ​ពី​ការលំបាក​របស់​កសិករ​​នៅក្នុង​អំឡុងពេល​នៃ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ដែល​បាន​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ពួកគាត់​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ ខែតុលា​​ថា ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​អំណោយ​នៅមុន​ប្រជាជន​រងគ្រោះ ដោយសារ​ទឹកជំនន់​ដោយ​បាន​ស្តុក​ទុក​នៅក្នុង​ឃ្លាំង ហើយ​បាន​ចែក​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៅតាម​ស្រុក​ទាំងអស់​។

រីឯ​លោក​ សួស សុភ័ក្ត្រ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់ដំបង ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា កន្លងមក អភិបាលខេត្ត​បាត់ដំបង លោក​ សុខ លូ បាន​ចុះ​ចែក​ជំនួយ​ជា​បន្តបន្ទាប់​ទៅតាម​ស្រុក​ដែល​រងគ្រោះ​ ដោយសារ​ទឹកជំនន់​ទាំង​​អំណោយ​មនុស្សធម៌​របស់​កាកបាត​ក្រហម​កម្ពុជា ទាំង​អំណោយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក​ ជាវ តាយ អភិបាល​ខេត្តពោធិ៍សាត់​មិនអាច​ទាក់ទង​ ដើម្បី​សុំ​បញ្ជាក់​ពី​បញ្ហា​ជនរងគ្រោះ​ដោយ​ទឹកជំនន់​បាន​​ទេ​នៅ​ថ្ងៃទី ​១៨ តុលា ដោយ​​ទូរស័ព្ទ​លោក​ពុំមាន​អ្នក​ទទួល​។

លោក​បញ្ជាក់​ថា​៖ «​នៅ​ថ្ងៃទី​ ២៤ [​ខែតុលា​]​ ព្រឹក​ហ្នឹង សម្តេច​ចុះ​ចែក​ស្រូវពូជ​ជាង​ ១ ​ម៉ឺន​គ្រួសារ​ទៀត​នៅ​ខេត្ត​បាត់ដំបង​យើង​»​។

លោក ​ឌិត ទីណា រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ថ្មី​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត បន្ទាប់ពី​បិទ​បញ្ចប់​ពិធី​ប្រកាស​ចូលកាន់​តំណែង​របស់​លោក​កាលពី​ថ្ងៃទី​ ១៧ ខែតុលា ថា ប្រហែលជា​ថ្ងៃទី​ ១៩ ខែតុលា លោក​នឹង​ត្រូវ​ចុះ​ទៅតាម​បណ្តា​ទីតាំង​នៅតាម​ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​គ្រោះ​ទឹកជំនន់ ដើម្បី​ចែកជា​ជំនួយ​សម្រាប់​ការស្តារ​ឡើងវិញ សម្រាប់​ប្រជាពលរដ្ឋ​។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​ពិធី​នោះដែរ​ថា ផ្អែក​តាម​ការវាយតម្លៃ​បឋម​គិត​ត្រឹម​ថ្ងៃទី​ ១២ ខែតុលា ដំណាំស្រូវ​ដែល​ទទួលរង​ផលប៉ះពាល់​ ដោយសារ​ទឹកជំនន់​មាន​ចំនួន​ប្រមាណ​ជាង​ ២ ​សែន​ហិកតា ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​រង​ការ​ខូចខាត​មាន​ចំនួន​ជាង ៨៥ ​ពាន់​​ហិកតា និង​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​អាច​ស្តារឡើងវិញ​មាន​ចំនួន​ជាង​ ៤៨ ​ពាន់​ហិកតា​។

កាលពី​ថ្ងៃទី ​១៧ ខែតុលា លោក ​គន់ គីម អនុប្រធាន​ទី​ ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​គ្រោះមហន្តរាយ បាន​ចុះ​ចែក​ពូជស្រូវ​ចំនួន​ជាង​ ១០​ ម៉ឺន​គីឡូក្រាម ជា​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទឹកទន្លេ​មេគង្គ​ចំនួន​ ១ ៤៤៦ ​គ្រួសារ មកពី​ឃុំ​ចំនួន​ ៦ ​ក្នុងស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​ ដើម្បី​ធ្វើ​ការដាំដុះ​ឡើងវិញ​។

នៅថ្ងៃ​នោះ​ដែរ​លោក​ គន់ គីម​ បាន​បន្ត​ចែក​ស្រូវពូជ​ចំនួន​ ៣៧៧ ​តោន​ដល់​កសិករ​ចំនួន ២ ៥៩៤ ​គ្រួសារ មកពី​ស្រុក​ស្រីស្នំ និង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប​ ដើម្បី​ដាំដុះ​ឡើងវិញ​ ក្រោយ​​ពេល​ទឹក​ស្រក​។ ​ក្រៅពីនោះ​ក៏​​បានផ្តល់​ជា​ជំនួយ​សង្គ្រោះបន្ទាន់​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ចំនួន​១ ០០០​គ្រួសារ មកពី​១០​ឃុំ​ក្នុងស្រុក​ក្រឡាញ់​ផងដែរ​៕