ភ្នំពេញៈ ​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ និយាយថា កង្វះខាត​បន្ទប់​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ​ជា​កត្តា​នាំឱ្យ​និយោជិត​ជា​ស្ត្រី បោះបង់​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ ​ហើយ​ងាក​មក​បំបៅកូន​ដោយ​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ជំនួស​វិញ ដែល​កត្តា​នេះ ទាមទារ​ឱ្យ​ធ្វើការ​រួមគ្នា​បន្ថែមទៀត ដើម្បី​លើកកម្ពស់​អាហារូបត្ថម្ភ ការចិញ្ចឹម​ទារក និង​កុមារ​នៅ​កន្លែងធ្វើការ​។​

នៅ​ថ្ងៃទី ​១៩ ខែតុលា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួមគ្នា​ជាមួយ​អង្គការ Helen Keller បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គម្រោង និង​ពិភាក្សា​លើ​ផែនការ​សកម្មភាព​រប​ស់​គម្រោង​លើកកម្ពស់​អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក និង​កុមារ​នៅ​កន្លែងធ្វើការ​ជាមួយ​ថ្នាក់​គ្រប់គ្រង​រោងចក្រ និង​សហគ្រាស នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​ថ្នាក់​គ្រប់គ្រង​នៅតាម​រោងចក្រ សហគ្រាស ចូលរួម​ពិភាក្សា​នូវ​ផែនការ​សកម្មភាព​នានា​ដែល​គម្រោង​កំពុង​អនុវត្ត និង​ទទួលបាន​ចំណេះដឹង និង​សារ​គន្លឹះ​ទាក់ទង​នឹង​អាហារូបត្ថម្ភ ការចិញ្ចឹម​ទារក និង​កុមារ​នៅ​កន្លែងធ្វើការ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ដល់​បុគ្គលិក និយោជិត​ជា​ស្ដ្រី ឱ្យចូល​រូ​ម​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​។​

ក្នុងឱកាស​នោះ លោក អ៊ុន សំអឿន តំណាង​គម្រោង MUSEFO នៃ​អង្គការ GIZ បាន​ថ្លែងថា ដៃគូ​ពាក់ព័ន្ធ​បាន​សហការគ្នា អនុវត្ត​គម្រោង​លើកកម្ពស់​អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក និង​កុមារ​នៅ​កន្លែងធ្វើការ ដើម្បី​លើកកម្ពស់​អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក និង​កុមារ​នៅ​កន្លែងធ្វើការ​។ លោក​បន្តថា គម្រោង​នេះ គឺ​បាន​ផ្តោត​សំខាន់​ឱ្យមាន​បន្ទប់​បំបៅ​ដោះ​កូន និង​បង្កើត​នូវ​ការយល់ដឹង​ដល់​និយោជិត និង​និយោជក​ស្តីពី​អាហារូបត្ថម្ភ និង​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​។​

យ៉ាងណា លោក សង្កេតឃើញថា កង្វះ​បន្ទប់​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ គឺ​ហេតុ​ធ្វើឱ្យ​ស្ត្រី​ម្តាយ ផ្លាស់ប្តូរ​គំនិត និង​ឥរិយាបថ​ពី​ការ​បំបៅកូន​ដោយ​ទឹកដោះ ទៅ​ចាប់យក​ការ​បំបៅកូន​ដោយ​ទឹកដោះគោ​ម្សៅ​ជំនួស​វិញ ហើយ​ជាពិសេស​គឺ​ក្នុងអំឡុង​ពេលដែល​ពួកគេ​បាន​វិល​ត្រឡប់មក​បំពេញការងា​រវិ​ញ ក្រោយ​សម្រាល​មាតុភាព​រយៈពេល ​៣ ​ខែ​។

លោក បាន​បញ្ជាក់ថា​៖ «​សព្វថ្ងៃនេះ ស្ត្រី ឬ​និយោជិត​គ្រប់រូប ចំណាយពេល​វេលា​របស់​ខ្លួន​ស្ទើរតែ​ទាំងអស់​របស់ខ្លួន​ក្នុង ​១​ ថ្ងៃៗ​នៅ​កន្លែងធ្វើការ និង​នៅ​ឆ្ងាយ​ពី​ផ្ទះ​។ ដោយហេតុនេះ ទីកន្លែង​ធ្វើការ បាន​ក្លាយជា​កត្តា​តួអង្គ​សំខាន់​ក្នុង​វិស័យ​លើកស្ទួយ​អាហារូបត្ថម្ភ​សម្រាប់​មាតា កុមារ និង​ទារក និង​សម្រាប់​លើកស្ទួយ​សុខភាព​ដល់​និយោជិត​»​។​

លោក បញ្ជាក់​បន្តថា​៖ «​យើង​ត្រូវការ​ចាំបាច់ និង​អ្នក​ចាប់ផ្តើម​ក្នុងការ​បង្ហាញ​ឆន្ទៈ ដើម្បី​អនុវត្ត​ការងារ​ដ៏​មានការ​សារៈសំខាន់​ក្នុងការ​គាំទ្រ​ដល់​ស្ត្រី​។ ការបង្កើតឱ្យមាន​បន្ទ​ប់​បំបៅ​ដោះ​កូន និង​អាហារូបត្ថម្ភ ពុំមែន​ផ្តល់​ផលប្រយោជន៍​សម្រាប់តែ​និយោជិត​ជា​ស្ត្រី​ប៉ុណ្ណោះ​ទេ​។ វា​ថែមទាំង​ជួយ​លើកកម្ពស់​សុខភាព និង​ការអភិវឌ្ឍ​របស់​កុមារ ព្រមទាំង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​រីកលូតលាស់​របស់​ប្រទេសជាតិ​ផងដែរ​»​។​

តាមច្បាប់​ការងារ​កម្ពុជា មាត្រា ១៨៦ បាន​ចែងថា សហគ្រាស​ទាំងឡាយណា​ដែលមាន​និយោជិត​ជា​ស្ត្រី​ចាប់ពី​ ១០០ ​នាក់​ឡើងទៅ ត្រូវមាន​បន្ទប់​សម្រាប់​បំបៅ​ដោះ​កូន​១ និង​ទារកដ្ឋាន​មួយ​ផងដែរ ដែល​លោក អ៊ុន សំអឿន ចាត់ទុកថា កង្វះ​បន្ទប់​បំបៅ​ដោះ​កូន​នៅ​កន្លែងធ្វើការ គឺជា​ឧបសគ្គ​រារាំង​ដល់​ស្ត្រី​ក្នុងការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ ​១ ​មុខ​គត់​ឱ្យបាន​រយៈពេល​ ៦ ​ខែ នៃ​វត្តមាន​ដំបូង​របស់​ទារក និង​បន្ត​បំបៅ​ដោះ​កូន​រហូតដល់​កុមារ​មាន​អាយុ​ ២ ​ឆ្នាំ​។​

លោក ជុំ សែន​វាសនា តំណាង​អង្គការ Helen Keller បានលើកឡើង​ដែរ​ថា គម្រោង​លើកកម្ពស់​អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក និង​កុមារ​នៅ​កន្លែងធ្វើការ នឹង​ផ្តល់នូវ​ដំណោះស្រាយ​សមស្រប​ដ៏​សំខាន់​មួយ​ដែលមាន​ការចំណាយ​តិច​តួច ហើយ​អនុញ្ញាតឱ្យ​និយោជិត​ជា​ស្ត្រី​នៅតែ​អាច​បន្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​នៅពេល​ពួកគេ​ត្រឡប់មក​ធ្វើការ​វិញ​។

លោក បាន​បន្តថា គម្រោង​ប្រភេទ​នេះ ក៏​អាច​ផ្ដល់​ជា​វេទិកា​មួយ​ដល់​ស្ត្រី ដើម្បី​ពួកគេ​មានឱកាស​ចូលរួម​ក្នុង​កម្មវិធី​សំខាន់​ផ្សេងៗ​ទៀត​ដូចជា​ការអប់រំ​អាហារូបត្ថម្ភ និង​អនាម័យ ការអប់រំ​ការចិញ្ចឹម​ទារក និង​កុមារ និង​ការប្រឹក្សា​លើ​របប​អាហារ និង​សុខភាព​របស់​ស្ត្រី ខណៈ​ការអនុវត្ត​គម្រោង​ប្រភេទ​នេះ​អាច​ចាត់ទុកជា​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​មួយ​សម្រាប់​និយោជក និង​និយោជិត​។

លោក អះអាងថា​៖ «​ព្រោះ​ការបង្ក​បរិយាកាស​សម​ស្រប​ដូចជា​ផ្ដល់​ពេលវេលា​សម្រាក​ដល់​ស្ត្រី​ក្នុងការ​បំបៅ ដោះ​កូន​នៅ​កន្លែងធ្វើការ ផ្តល់​ពេលវេលា​ក្នុងការ​បូមទឹក​ដោះ​ម្តាយ​ក្នុង​បន្ទប់​បំបៅ​ជាមួយនឹង​ការបំពាក់​សម្ភារ និង​ឧបករណ៍ គ្រប់គ្រាន់ នឹង​ធ្វើឱ្យ​ស្ត្រី​មានការ​ពេញចិត្ត មាន​អារម្មណ៍ល្អ​ស្រស់ថ្លា​នៅ​កន្លែងធ្វើការ ទទួលបាន​សុខភាព​ល្អប្រសើរ​ជាង​មុន ទាំង​ខ្លួន​គាត់​ផ្ទាល់ និង​ក្រុមគ្រួសារ​ដែលជា​បច្ច័យ​នាំមក​នូវ​ការកើនឡើង​ផលិតភាព​ការងារ និង​កាត់បន្ថយ​អវត្តមាន​បុគ្គលិក ព្រមទាំង​កាត់បន្ថយ​ការចំណាយ​លើ​ការធានារ៉ាប់រង​សុខភាព​ផងដែរ​»​។​

លោកស្រី គង់ សត្យា តំណាង​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ក៏បាន​ចាត់ទុក​ដែរ​ថា គម្រោង​នេះ ជា​ចំណែក​មួយ​ជួយ​ផ្សព្វផ្សាយ​ដល់​ថ្នាក់​គ្រប់គ្រង​នៅតាម​រោងចក្រ​សហគ្រាស និង​កម្មករនិយោជិត​ជា​ស្ត្រី​ខ្លួនឯង​ផ្ទាល់​ឱ្យទទួល​បាន​ចំណេះដឹង និង​សារ​គន្លឹះ​ទាក់ទង​នឹង​អាហារូបត្ថម្ភ ការចិញ្ចឹម​ទារក និង​កុមារ​នៅ​កន្លែងធ្វើការ​។​

លោកស្រី បាន​បញ្ជាក់ថា​៖ «​គម្រោង​នេះ នឹងចូលរួម​ជំរុញ​ឱ្យ​និយោជិត​ជា​ស្ត្រី ចូលរួម​ប្រើប្រាស់​បន្ទប់​បំបៅ​ដោះ​កូន ដើម្បី​ជា​ប្រយោជន៍​។ បេសកកម្ម​ចម្បង​របស់​ក្រសួង​ការងារ គឺ​គាំទ្រ​រដ្ឋាភិបាល​លើកកម្ពស់​លក្ខខណ្ឌ​ការងារ សុខភាព អាហារូបត្ថម្ភ​ឱ្យ​កាន់តែ​ប្រសើរ​ជូន​ដល់​បុគ្គលិក​និយោជិត និង​កម្មករ​កម្មការិនី នៅតាម​រោច​ក្រ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក និង​កុមារ តាមរយៈ​ធ្វើឱ្យ​ប្រសើរឡើង​អាហារូបត្ថម្ភ​»​។​

តាម​ការប្រកាស គម្រោង​លើកកម្ពស់​អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក និង​កុមារ​នៅ​កន្លែងធ្វើការ នឹង​បង្កើតឱ្យមាន​បន្ទប់​បំបៅ​ដោះ​កូន​ក្នុងតម្លៃ​សមស្រប​មាន​កម្រិតស្ដង់ដា ដែល​អាច​ទទួលយកបាន និង​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​ស្ត្រី​គ្រប់រូប​ក្នុងការ​បំបៅ​ដោះ​កូន ការបូមទឹក​ដោះ​ដោយមាន ឧបករណ៍​គ្រប់គ្រាន់​ដូចជា​ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹក​ដោះ កន្សែង​ជូត​ដៃ និង​បណ្ណ​ផ្នត់​បត់​អប់រំ​សុខភាព​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ជាដើម​។​

សម្ភារ និង​ឧបករណ៍​ទាំងអស់នេះ​នឹងត្រូវ​ផ្ដល់​ជូនទៅ​បន្ទប់​បំបៅ​ដោះ​កូន​ដែលមាន​ស្រាប់​តាម កន្លែងធ្វើការ​ផ្សេងៗ​គ្នា​ចំនួន​ ២៨ ​កន្លែង​ដែលជា​គោលដៅ​របស់​គម្រោង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពត និង កំពង់ធំ​។ នេះ​បើតាម​ការអះអាង​របស់​អង្គការ Helen Keller៕