ភ្នំពេញៈ ​ធនាគារជាតិ​នៃ​កម្ពុជា បាន​អះអាងថា ឥណទាន​ខុសច្បាប់ ផ្ដល់​ផលប៉ះពាល់​អាក្រក់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ជា​កត្តា​បង្កឱ្យមាន​អសន្តិសុខ​សង្គម ដែល​ត្រូវ​រួមគ្នា​ចាត់វិធានការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់ បន្ទាប់ពី​រកឃើញថា ជនខិលខូច​នៅតែ​បន្តសកម្មភាព​ល្មើស​យ៉ាង​បើកចំហ​។​

ការអះអាង​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី “​វិធានការ​និង​ការបង្ក្រាប សកម្មភាព​ផ្សព្វផ្សាយ និង​ផ្តល់​ឥណទាន​ដោយ​ខុសច្បាប់​” ដែលមាន​ការសហការ​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រសួងយុត្តិធម៌ ដែលមាន​អ្នកចូលរួម ​១២០ រូប មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល ឡឺ​រ៉ូយ៉ាល់​។​

ក្នុងឱកាស​នោះ លោក រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា បាន​អះអាងថា ធនាគារជាតិ​នៃ​កម្ពុជា នៅតែ​សង្កេតឃើញថា មាន​ជនខិលខូច​មួយចំនួន​នៅ បន្តធ្វើ​ការផ្សព្វផ្សាយ​យ៉ាង​បើកចំហ ស្តីពី​ការផ្តល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​តាម​រូរ​ភាព​ផ្សេងៗ ជាច្រើន ដូចជា ប្រព័ន្ធ​អន​ឡាញ បណ្តាញ​សង្គម ការផ្សព្វផ្សាយ​តាម​ខិត្តប័ណ្ណ និង​ការបិទ​ផ្សាយ តាម​ទីកន្លែង​សាធារណៈ​នានា ជាដើម​។​

លោក បាន​បញ្ជាក់ថា​៖ «​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ពុំទាន់​យល់ច្បាស់​អំពី​កាតព្វកិច្ច និង​ការប្រើប្រាស់ សេវា​ហិរញ្ញវត្ថុ ព្រមទាំង​ពុំទាន់​អាច​ទទួល​ព័ត៌មាន​ហិរញ្ញវត្ថុ​បាន​ពេញលេញ និង មានការ​លំបាក​ក្នុងការ​ស្វែងរក​ការពន្យល់​បញ្ជាក់​នៅពេល​មាន​បញ្ហា ឬ​ចម្ងល់​ផ្សេងៗ ទាក់ទង​នឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​។ អាជ្ញាធរ​មូលដ្ឋាន មានការ​លំបាក​ក្នុងការ​កំណត់ឱ្យ​ច្បាស់​រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ស្របច្បាប់ និង​មិន​ស្របច្បាប់ និង​មាន​ក្រុម​ជនខិលខូច​មួយចំនួន បាននិងកំពុង​ធ្វើ​ប្រតិបត្តិការ​ធនាគារ នៅតាម​មូលដ្ឋាន ស្រុក​-​ឃុំ ទាំង​សេវា​ផ្តល់ប្រាក់​កម្ចី​និង​សេវា​ប្រមូលប្រាក់​បញ្ញើ ដោយ​ពុំមាន​ច្បាប់ អនុញ្ញាត​ត្រឹមត្រូវ និង​មាន​លក្ខណៈ​កេងប្រវ័ញ្ច​»​។​

លោក រ័ត្ន សុវណ្ណ​នរៈ បាន​លើកឡើងថា ការផ្តល់សេវា​ឥណទាន​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ខុស​នឹង​មាត្រា ៩ នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។ លោក​ថា ការផ្តល់​ឥណទាន​ខុសច្បាប់​នេះ ក៏​ផ្ដល់​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​អាច​បង្កឱ្យមាន​បំណុល​ច្រើន​លើសលុប តាមរយៈ​ការយក​អត្រា​ការប្រាក់​ខ្ពស់​ហួសហេតុ​។

​លោក បន្ថែមថា បញ្ហា​កង្វះ​ក្រមសីលធម៌ និង​យន្តការ​ការពារ​អតិថិជន អាច​ជំរុញឱ្យមាន​អំពើហិង្សា ការបាត់បង់​ទ្រព្យ​ធានា និង​អាច​កើតមាន​នូវ​អសន្តិសុខ​សង្គម (​ចោរកម្ម​)​ ផងដែរ ហើយ​ស្ថានភាព​នេះ ក៏​បន្ត​ជះឥទ្ធិពល​អវិជ្ជមាន​មក​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​កំពុងផ្តល់​សេវា​ធនាគារ​ជា​ផ្លូវការ​។​

លោក បាន​បញ្ជាក់ថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា បាននិងកំពុង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួងយុត្តិធម៌ ស្ថាប័ន​តុលាការខេត្ត​-​ក្រុង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងការ​ចូលរួម​គាំទ្រ​ដល់​ការប្រមូល​ពន្ធដារ​ជូន​រដ្ឋាភិបាល ការប្រយុទ្ធ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការជួញដូរ​ខុសច្បាប់​»​។​

កាលពី​ថ្ងៃទី ​២៥ ខែសីហា ឆ្នាំ​ ២០២២ ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី “​ការផ្សព្វផ្សាយ និង​ផ្តល់​ឥណទាន​ដោយ​ខុសច្បាប់​" ដើម្បី​ផ្ដល់​សារ​បន្ថែម​ដល់​សាធារណជន​អំពី​គ្រឹះស្ថាន​ស្របច្បាប់​និង​ផ្លូវការ ដែល​ផ្តល់​សេវា​ឥណទាន និង​/​ឬ សេវា​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​ស្នើ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត​ចំពោះ​អ្នកផ្តល់​សេវា ឥណទាន​ខុសច្បាប់ និង​/​ឬ​ក្រៅផ្លូវការ​។

លោក រ័ត្ន សុវណ្ណ​នរៈ បាន​អះអាង​ទៀតថា សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី “​វិធានការ​និង​ការបង្ក្រាប សកម្មភាព​ផ្សព្វផ្សាយ និង​ផ្តល់​ឥណទាន​ដោយ​ខុសច្បាប់​នេះ នឹង​បញ្ជ្រាប​ការយល់ដឹង បន្ថែម​ដល់​ភាគី​ពាក់ព័ន្ធ​អំពី​វិធានការ​ផ្លូវច្បាប់​ចំពោះ​ការផ្សព្វផ្សាយ​និង​ផ្តល់​ឥណទាន​ខុសច្បាប់​។ បន្ថែម​ពីនេះ លោក ថា សិក្ខាសាលា​នេះ ក៏បង្ក​ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ រួមគ្នា​ដាក់ចេញ​នូវ​វិធាន​ការអប់រំ ឬ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ច្បាស់​ពី​សេវា​ធនាគារ​ផ្លូវការ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នកផ្តល់​សេវា​ធនាគារ​មិនមាន​ច្បាប់​អនុញ្ញាត​ផងដែរ​។

លោក បាន​បញ្ជាក់ថា​៖ «​ជា​ទិសដៅ​បន្ទាប់ ធនាគារជាតិ​នៃ​កម្ពុជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួងយុត្តិធម៌ នឹង​រៀបចំ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន រួមគ្នា​អំពី​លទ្ធផល​នៃ​សិក្ខាសាលា ក៏ដូចជា​ជំហរ​នៃ​កិច្ច​សហការគ្នា​ទៅវិញទៅមក ក្នុង​ការចាត់ វិធានការ​ឱ្យទាន់ពេល​វេលា​សំដៅ​បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​សកម្មភាព​ផ្សព្វផ្សាយ និង​ផ្តល់​ឥណទាន​ខុសច្បាប់​»​។​

តាម​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៩-២០២៥ ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាសថា កិច្ច​គាំពារ​អតិថិជន និង​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ទទួលបាន​សេវា​ធនាគារ​តាម​តម្រូវការ ទាន់ពេលវេលា មានតម្លៃ​សមរម្យ និង​មាន​កិច្ច​គាំពារ តាមផ្លូវ​ច្បាប់ គឺជា​របៀបវារៈ​ស្នូល​របស់ រាជរដ្ឋាភិបាល​៕