
លោក ស ខេង ក្នុងពិធីសម្ពោធអគារហ្វឹកហាត់បាញ់គ្រាប់ពិតកាលពីថ្ងៃទី ១៩ តុលា។ រូបថត Sar Kheng page
កណ្តាលៈ អគារទំនើបសម្រាប់ហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី សម្រាប់បំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ក្នុងការបំពេញការងារ ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឃុំដីឥដ្ឋ ស្រុកគៀនស្វាយខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី ១៩ ខែតុលា។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទំនើប សម្រាប់ហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីនេះ ដោយចាត់ទុក ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ សម្រាប់ចេញទៅបម្រើប្រទេសជាតិ និងប្រជាជន និងការបណ្ដុះបណ្ដាលផ្សេងទៀតដែលមាននៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកបានថ្លែអំណរគុណដល់លោក យឹម លាង ដែលបានចូលរួមឧត្ថម្ភគាំទ្រដំណើរការកសាងអគារទំនើបបាញ់គ្រាប់ពិតនេះ និងលោក ឈន សារ៉ាណេ ដែលជួយសាងសង់អគារទទួលភ្ញៀវជាតិ និងអន្តរជាតិ និងអគារស្នាក់នៅ សម្រាប់នគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។
លោកបានថ្លែងថា៖ «លាសានគរបាលជាតិភូមិភាគនានា ក៏កំពុងមានការអភិវឌ្ឍ ទាំងការសិក្សារៀនសូត្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអគារសិក្សា អគារស្នាក់នៅ ផ្លូវ និងប្រព័ន្ធលូ ដែលជាជំនួយឧត្ថម្ភពីអភិបាលខេត្តពាក់ព័ន្ធ»។
លោក ស ខេង បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានផ្ដល់អាទិភាពដល់បណ្ឌិត្យសភានគរបាលកម្ពុជា តាមរយៈការឧត្ថម្ភជាច្រើន ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារសិក្សា និងហ្វឹកហាត់នានាឱ្យស្របតាមតម្រូវការជាក់ស្ដែង និងបានផ្ដល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិ ទៅតាមរូបភាពផ្សេងៗ ដើម្បីលើកកម្ពស់ការងារ និងស្មារតីទទួលខុសត្រូវ។
លោក ស ខេង មានជំនឿថា រាល់និស្សិត និងសិក្ខាកាមទាំងអស់នឹងក្លាយជានគរបាលជាតិប្រកបដោយសក្ដានុពល។
លោក សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបង្ហាញរបាយការណ៍ក្នុងពិធីនេះថា អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាអគារដែលទទួលសាងសង់ដោយលោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដោយចំណាយទឹកប្រាក់ជាង ៦០ ម៉ឺនដុល្លារអាមេរិក។
លោកថ្លែងថា៖ «អគារនេះ ដំណើរការសាងសង់រយៈពេលជាង ៥ ខែ លើទីតាំងអគារក្បាច់គុនចាស់ មានលក្ខណៈទំនើបស្របតាមស្តង់ដារអន្តរជាតិ។ អគារនេះ អាចហ្វឹកហាត់បាញ់គ្រាប់ពិតបាន១០នាក់ក្នុង ១ លើក ដោយមានប្រព័ន្ធការពារក្បាលគ្រាប់ និងសំឡេងចេញក្រៅ»។
ក្រៅពីការសម្ពោធអគារបាញ់គ្រាប់ពិត ពិធីនេះក៏បានសម្ពោធ អគារទទួលភ្ញៀវជាតិ អន្តរជាតិ និងការស្នាក់នៅដែលចំណាយថវិកាជាង ២ លានដុល្លារ ក្រោមការឧបត្ថម្ភពីលោក លោក ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុផងដែរ។ ប៉ុន្ដែអគារទាំងនេះកំពុងបន្តដំណើរការសាងសង់នៅឡើយ៕