
ស្ថានភាពការលក់ដូរបន្លែក្នុងផ្សារកណ្ដាល រាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ទប់ស្កាត់ចំណាយមិនចាំបាច់អាចរួមចំណែកកាត់បន្ថយភាពខ្វះខាតនៅក្នុងគ្រួសារ ដែលបណ្ដាលមកពីបញ្ហាអតិផរណា។ អ្នកសេដ្ឋកិច្ចបានប្រាប់ពីដំណោះស្រាយនេះ នៅគ្រាដែលពលរដ្ឋមួយចំនួនត្អូញត្អែរថា ពួកគេរកបានត្រឹមតែទប់ការចំណាយប្រចាំថ្ងៃតែមិនសល់សម្រាប់ការបម្រុងទុក ដើម្បីដោះស្រាយបញ្ហាបន្ទាន់មួយចំនួននៅចំពោះដូចជាបញ្ហាសុខភាព កម្មវិធីបុណ្យទាន មង្គលការជាដើម។
លោក ង៉ែត ជូរ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចលើកឡើងថា «នៅក្នុងបរិបទដែលអតិផរណាកំពុងកើនឡើងពលរដ្ឋមានចំណូលទាបពួកគេរកបានគ្រាន់តែទប់ការចំណាយ ហើយពួកគេប្រឈមនឹងការខ្វះមុខខ្វះក្រោយ ដូច្នេះមានតែបង្ខំចិត្តកាត់បន្ថយចំណាយមិនចាំបាច់»។
បើតាមលោក ង៉ែត ជូរ ពលរដ្ឋមានចំណូលទាបត្រូវបង្ខំចិត្តខ្ចីបុលបន្ថែម ហើយអ្នកខ្លះដែលបញ្ចេញធនធានដែលបម្រុងទុកដើម្បីទប់ភាពខ្វះខាត។ លោកថា៖«ជាយន្តការដើម្បីទប់ទល់គឺត្រូវលក់សត្វចិញ្ចឹមរបស់ខ្លួនដូចជា មាន់ ទា សត្វពាហនៈអីជាដើមហ្នឹង ហើយអ្នកខ្លះទៀតគាត់ត្រូវលក់ទ្រព្យសន្សំដូចជា មាស ជាប្រាក់ សម្រាប់ដោះទាល់ក្នុងការព្យាបាលជំងឺនិងចំណាយចាំបាច់ ដូចជាបញ្ជូនកូនទៅសាលា ហើយខ្លះទៅក៏ពឹងពាក់បងប្អូនសាច់ញាតិក្នុងការខ្ចីប្រាក់ដើម្បីដោះទាល់ដែរ។ មានតែធ្វើបែបហ្នឹងទេទើបអាចដោះទាល់ទាន់តាមសភាពជាក់ស្ដែង»។
ជាអ្នកលក់ម្ហូបបាយសម្លនៅទីសាធារណៈ ១ កន្លែង ក្នុងរាជធានីភ្នំពេញ អ្នកស្រី ស៊ឹម ផារ៉េត ប្រាប់ថា នៅចំពោះមុខទំនិញឡើងថ្លៃ អ្វីៗសព្វមុខឡើងថ្លៃ បានប្រែក្លាយគាត់ជាកូនបំណុលទៅវិញ។ ក្នុងសំណើចហួសចិត្តពេលនិយាយដល់ចំណុចនេះអ្នកស្រីសង្កត់ធ្ងន់ថា៖ «ពីមុនអត់ដែលខ្ចីលុយគេទេ ឥឡូវទៅជាចេះខ្ចីដើម្បីបង្វិលការចំណាយលើក ១ ដាក់ ១»។
ជាង ១០ ឆ្នាំ ក្នុងរបរលើដងផ្លូវស្ត្រីរូបនេះកត់សម្គាល់ថា ធៀបកាលពី ១០ ឆ្នាំមុន និងបច្ចុប្បន្នតម្លៃទំនិញឡើងអាក្រក់មិនធ្លាប់មានទោះជាតម្លៃប្រាក់ខែបច្ចុប្បន្នត្រូវបានដំឡើងក៏ដោយ។ អ្នកស្រីផារ៉េតបន្តថា៖ «ពីមុនខ្ញុំលក់បាយដាក់សាច់តែ ២ ០០០ រៀលទេ ឥឡូវ ៤ ០០០ រៀល ចំណែកឥវ៉ាន់សម្រាប់លក់ចំណាយធ្លាប់តែ ១០ ម៉ឺនកើនដល់ ២០ ម៉ឺន ដែលគិតទៅតម្លៃឡើងគុណ ១ ជា ២ ទោះបីជាចំណូលខ្ញុំរកបាន ១ ថ្ងៃ ២០ ម៉ឺនរៀល រាប់ទាំងថ្លៃដើម ហើយត្រូវចំណាយដែលចាំបាច់ក្នុង ១ ខែ រង្វង់ ៣០០ ដុល្លារដូចជាថ្លៃសាលាកូន ផ្ទះជួល ទឹក ភ្លើង គ្មានប្រាក់សន្សំទុកទេ។ ពីមុនគ្រាន់មានប្រាក់សន្សំទុកខ្លះសម្រាប់បន្ទាន់បញ្ហាអីមួយ»។
ចំណែកអាជីវករលក់អីវ៉ាន់បោះដុំម្នាក់ទៀតសុំមិនប្រាប់ឈ្មោះគិតថា មិនចាំបាច់លើកឡើងថា ដើម្បីរក្សាម៉ូយអ្នកស្រីត្រូវបង្ខំចិត្តខាតថ្លៃដើម។ អ្នកស្រីបន្ត៖«នៅពេលដែលទំនិញឡើងថ្លៃ ខ្ញុំជាអ្នកលក់ក៏ជាផលវិបាកដែរ ហើយភ្ញៀវដែលធ្លាប់មកទិញខ្ញុំ និងភ្ញៀវថ្មីគាត់តែងនិយាយថា ខ្ញុំលក់ថ្លៃអ៊ីចឹងណា ហើយអីវ៉ាន់ខ្លះឡើងថ្លៃអាចចុះឡើងវិញ តែអីវ៉ាន់ខ្លះឡើងថ្លៃបន្តឡើងព្រោះវានាំចូលពីក្រៅប្រទេសដែលត្រូវឆ្លងកាត់របាំងពន្ធគយ»។
នៅលើទីផ្សារបន្លែដែលធ្លាប់តែលក់ក្នុងតម្លៃថោកនិងសមរម្យបែរជាហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មាន។ ជាក់ស្ដែងស្ពៃ ១ គីឡូក្រាមក្នុងតម្លៃ ៧ ០០០ រៀល ខណៈត្រកួន ១ ដុំ ២ ០០០ រៀល។
បញ្ហាអតិផរណាមិនបានធ្វើឲ្យរដ្ឋាភិបាលនៅស្ងៀមឡើយដោយបានប្រកាសពីគម្រោងផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីអតិផរណាប្រមាណ ៦០ ម៉ឺនគ្រួសារ ដែលគិតជាចំនួន ប្រជាជនប្រមាណ ២ លាននាក់។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការពន្យល់ថា ពលរដ្ឋដែលអាចទទួលបានកញ្ចប់ជំនួយសង្គមពីផលប៉ះពាល់អតិផរណានេះ លុះត្រាតែជាប្រជាជនដែលមានបណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារនៅក្នុងតំបន់ ខណៈនីតិវិធីនៃការផ្តល់ថវិកាដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយអតិផរណា ខុសគ្នាពីពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩៕