ភ្នំពេញៈ រយៈពេល​ ២ ​ខែ នៃ​ការងារ​បោសសម្អាត​មីន​ ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៥ ​ក្រោម​គម្រោង​សម្តេច​តេជោ ​សម្រាប់​សកម្មភាព​មីន ​លទ្ធផល​សម្រេចបាន​ គឺ​ជាង​ ៣១ ​ភាគរយ ​ដោយបាន​រកឃើញ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​សរុប​ជាង ​១ ២០០ ​គ្រាប់​។ នេះ​បើតាម​អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន​។​

លោក​ លី ធុជ ​ទេសរដ្ឋមន្ត្រី ​និង​ជា​អនុប្រធាន​ទី​១ ​នៃ​អាជ្ញាធរ​មីន ​បានឱ្យដឹង ​នៅ​ថ្ងៃទី​ ១៩​ ខែតុលាថា ​គិត​ត្រឹម​រយៈពេល​ ២ ខែ ​គឺ​ចាប់ពី​ខែសីហា ​ដល់​ខែកញ្ញា ​ឆ្នាំ ២០២២ ​កន្លង​ទៅនេះ ​ការងារ​បោសសម្អាត​មីន​ក្នុង​ខេត្ត​ចំនួន​ ៥​ សម្រេច​លទ្ធផល​បាន​ ៣១,១៨​ ភាគរយ​ហើយ។

លោក​ថ្លែងថា​៖ «ខេត្ត​ចំនួន​ ៥ ​នោះ ​មាន​ដូចជា ​ខេត្តតាកែវ ​កំពង់ឆ្នាំង ​កំពង់ចាម ​កំពត ​និង​ខេត្ត​ស្វាយរៀង ​ដែល​ការងារ​បោសសម្អាត​មីន​នេះ ​ក្រោម​គម្រោង​សម្តេច​តេជោ ​សម្រាប់​សកម្មភាព​មីន ​ផ្តល់​ដី​សុវត្ថិភាព​ បង្កើត​ស្នាម​ញញឹម ​ដែល​សម្រេចបាន ​៣១,១៨ ​ភាគរយ​ ស្មើនឹង​ទំហំ​ផ្ទៃដី​សរុប​ចំនួន ​៨ ៧០៣ ០៨២ ​ម៉ែត្រក្រឡា​ នៃ​ផែនការ​ផ្ទៃដី​សរុប​ចំនួន​ ២៧ ៩១៣ ២៥៦​ ម៉ែត្រ​ក្រឡា»។​

លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា​ ការបោស​សម្អាត​មីន​នេះ ​ក្រុមការងារ​បាន​រក​ឃើញ ​និង​កម្ទេចចោល​នូវ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន​ ៦៣៨ ​គ្រាប់ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ ៦០៣ ​គ្រាប់។​

បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ការអនុវត្ត​គម្រោង ​«សម្តេច​តេជោ ​សម្រាប់​សកម្មភាព​មីន ​ផ្តល់​ដី​សុវត្ថិភាព ​បង្កើត​ស្នាមញញឹម»​ អាជ្ញាធរ​មីន​បានដាក់​ពង្រាយ​កម្លាំង​បោសសម្អាត​មីន​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​(ស៊ីម៉ាក់) ​ធ្វើការ​បោសសម្អាត​មីន​នៅ​ខេត្ត​ចំនួន ​៥ ​នេះ ​ចាប់តាំង​ពី​ថ្ងៃទី ១ ​ខែសីហា ​ឆ្នាំ ២០២២​ មក​។​

លោក​ លី ធុជ ​ថ្លែងថា​៖ «ខេត្ត​ទាំង ​៥​ នេះ ​ក៏​ត្រៀម​ប្រកាស​ជា​ខេត្ត​អស់​មីន ក្រោម​គម្រោង​សម្តេច​តេជោ​ផងដែរ​ ដែល​ក្នុងនោះ​អង្គភាព​ស៊ីម៉ាក់​ បានដាក់​ពង្រាយ​កម្លាំង​សរុប​ចំនួន ​៣៧ ​ក្រុម ​មាន​អ្នក​ជំនាញការ​ឯកទេស​កម្ចាត់មីន​ជាង​ ៣៦០ ​នាក់ ​រួមទាំង​សម្ភារ​គាំទ្រ​ប្រតិបត្តិការ ​និង​គ្រឿងចក្រ​បោសសម្អាត​មីន​ផងដែរ»។

យោង​តាម​អាជ្ញាធរ​មីន ​អង្គភាព​ស៊ីម៉ាក់​ បាន​ប្រតិបត្តិការ​រំដោះ​ផ្ទៃដី​មាន​មីន​ក្នុង​ទំហំ​ផ្ទៃដី​ ៨ ៧០៣ ០៨២​ ម៉ែត្រ​ក្រឡា​។ ក្នុង​នោះ​បាន​បោស​សម្អាត​រួច ​មាន​ដូចជា ​ក្នុង​ខេត្តតាកែវ ​បាន​ចំនួន​ ២ ៥១៥ ២៦៩ ​ម៉ែត្រក្រឡា ​ស្មើនឹង​ ៦៩,៣៥% ​ខេត្តកំពង់ឆ្នាំង ​ចំនួន ​៤៩៤ ៥០០​ ម៉ែត្រក្រឡា ​ស្មើនឹង​ ៧៩,០៥%​។​

ខេត្តកំពង់ចាម​ ចំនួន​ ៤៨០ ៥២៩​ ម៉ែត្រក្រឡា ​ស្មើនឹង​ ៣៩,៨៩ % ​ខេត្តកំពត ​ចំនួន ​១ ៩៩២ ១៥៧ ​ម៉ែត្រក្រឡា​ ស្មើនឹង​ ២០,៤១% ​និង​ខេត្តស្វាយរៀង ​បាន​ចំនួន​ ៣ ២២០ ៦២៧ ម៉ែត្រក្រឡា ​ស្មើនឹង​ ២៥,៣៦%​។

​បើតាម​លោក​ លី ធុជ ​ការងារ​បោសសម្អាត​មីន ​គ្រោង​សម្រេច​មុន​ផែនការ​កំណត់ ​ដែល​ក្នុងនោះ ​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តតាកែវ ​នឹង​ក្លាយជា​ខេត្ត​អស់​មីន ​នៅ​ចុង​ខែតុលា​នេះ ​ខណៈ​ខេត្តកំពង់ចាម ​អាច​អស់​បញ្ហា​គ្រាប់មីន​នៅ​ចុង​ឆ្នាំ ២០២២​។ ដោយឡែក​ខេត្តកំពត ​និង​ខេត្តស្វាយរៀង ​អាច​បញ្ចប់​ក្នុង​ខែមីនា ​ឆ្នាំ​ ២០២៣​ ខាង​មុខ​។

លោក​ថា​៖ «លទ្ធផល​នៃ​ការបោសសម្អាត​មីន​នេះ​ បានកើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង ​និង​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ​ក្នុង​ការដោះស្រាយ​បញ្ហា​គ្រាប់មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​សេសសល់​ក្រោយ​សង្គ្រាម ​ដែល​ធនធាន​ទាំងនេះ ​បានមក​ពី​ការបំផុស​ឱ្យមាន​ចលនា​ជាតិ​លុប​បំបាត់​គ្រាប់មីន​ឱ្យអស់​ក្នុង​ឆ្នាំ ២០២៥ ​របស់​សម្តេច​តេជោ»។​

ក្នុង​រយៈពេល​ប្រតិបត្តិការ​នេះ​ដែរ ​អង្គភាព​ស៊ីម៉ាក់ ​បាន​ជួប​ឧបសគ្គ​មួយចំនួន ​ដោយសារ​កត្តា​គ្រោះ​ធម្មជាតិ​ទឹក​ជន់​លិច​ចម្ការមីន​នៅ​រដូវវស្សា ​ហើយ​ក្នុង​ករណី​គ្រោះធម្មជាតិ​នេះ​ អង្គភាព​ស៊ីម៉ាក់​បាន​ធ្វើការ​ផ្លាស់ប្តូរ​ចល័ត​កម្លាំង​ចូល​ចម្ការមីន​ដែល​មិន​លិច​ទឹក​។ ចំពោះ​ចម្ការមីន ​ដែលមាន​ឧបសគ្គ​ទឹក​លិច​ នឹងត្រូវ​ឆ្លើយតប​នៅពេល​ក្រោយ​។ នេះ​បើតាម​ការលើក​ឡើង​ពី​លោក​ទេសរដ្ឋមន្ត្រី​ លី ធុជ​៕