ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ​ជំរុញ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​និង​អ្នកពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការកំណត់​បញ្ហា​ប្រឈម​ នៃ​បរិស្ថាន ​និង​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​នានា ​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន ​និង​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​។​

​ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី ​“កិច្ចគាំពារ​បរិស្ថាន” ​ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ ​និង​អង្គភាព​ចំណុះ​ក្រសួង​បរិស្ថាន ​ប្រមាណ ​២០០​ នាក់ នា​ថ្ងៃទី​ ១៩ ​ខែតុលា​។ សិក្ខាសាលា​នេះ​មាន​គោល​បំណង​ពិនិត្យ ​និង​ពិភាក្សា​ក្នុង​ការកំណត់​វិធានការ​លើ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​កិច្ចគាំពារ​បរិស្ថាន ​និង​លើក​ទិសដៅ​ឆ្នាំ ២០២៣​។​

​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ​លោក​ សៅ ​សុភាព ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ថ្លែងថា ​សិក្ខាសាលា​នេះ​ ដើម្បី​ប្រមូល​ធាតុ​ចូល ​ពាក់ព័ន្ធ​កិច្ច​គាំពារ​បរិស្ថាន ​សម្រាប់​ចូលរួម ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២២ ​និង​ទិសដៅ​ការងារ ​ឆ្នាំ​ ២០២៣ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៣១​ ខែតុលា ​ឆ្នាំ២០២២ ​ខាង​មុខ​នេះ​។

​លោក​បន្តថា ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា ​មាន​សុខសន្តិភាព ​ស្ថិរភាព​នយោបាយ ​និង​ការរីកចម្រើន​គ្រប់​វិស័យ ​ធ្វើឱ្យ​កំណើន​ប្រជាជន​នៅតាម​ទីប្រជុំជន ​សកម្មភាព​កំណើន​សេដ្ឋកិច្ច​សង្គម ​កើនឡើង​យ៉ាង​ឆាប់រហ័ស ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ និង​បាន​បង្កឱ្យ​មាន​ផលប៉ះពាល់​ដល់​គុណភាព​បរិស្ថាន ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​ សម្ព័ន្ធភាព​ទីក្រុង ​សុខភាព​សាធារណៈ ​និង​សុខុមាលភាព​សង្គម​។​

​លោក​ថ្លែងថា​៖ «នៅ​ទីប្រជុំជន ​នៅ​ក្រុង​ធំៗ​បាននិង​កំពុង​ប្រឈម​ការកើនឡើង​នូវ​បរិមាណ​សំណល់​រឹង​ រាវ​ ការថយ​ចុះ​នូវ​គុណភាព​ទឹក​ ដី​ ខ្យល់​។ ការរំខាន​ដោយសារ​សំឡេង ​បញ្ហា​កកស្ទះ​ចរាចរណ៍ ​កំណើន​តម្រូវការ​ថាមពល ​ក៏ដូចជា​កង្វះ​លម្ហបៃតង​ជាដើម ​ដែល​តម្រូវឱ្យ​ក្រសួង​ស្ថាប័ន ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ​ព្រម​ទាំង​ដៃគូ​អភិវឌ្ឍន៍​ផ្នែក​ឯកជន​ត្រូវ​រួមគ្នា​ស្វែងរក​វិធានការ​ដោះស្រាយ​ឱ្យបាន​សម​ស្រប ​និង​ទាន់​ពេល​វេលា»។​

​លោក​ថា ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​ផលប៉ះពាល់​ទាំងនេះ​ ក្រសួងបរិស្ថាន​ បាន​ខិតខំ​យកចិត្ត​ទុកដាក់​ប្រែក្លាយ​បញ្ហា​ប្រឈម ​ឱ្យក្លាយ​ទៅជា​ឱកាស​ និង​សក្តានុពល​នានា ​ហើយ​ជំរុញ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​កំណត់​បញ្ហា​ប្រឈម ​ដោយ​ដាក់ចេញ​ផែនការ ​យុទ្ធសាស្ត្រ​នានា ​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ដល់​បរិស្ថាន​។​

​លោក​ សៅ សុភាព ​បញ្ជាក់ថា​៖«ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ ការអនុវត្ត​ភារកិច្ច​នៃ​កិច្ចគាំពារ​បរិស្ថាន ​គ្រប់​ក្រសួង​ ស្ថាប័ន ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ និង​អ្នកពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការកំណត់​បញ្ហា​ប្រឈម ​អាទិភាព ​យុទ្ធសាស្ត្រ ​ទិសដៅ​ការងារ ​កិច្ចសហការ»។

​លោក​បន្ថែមថា​៖ «ដាក់ចេញ​នូវ​ផែនការ​សកម្មភាព ​និង​ថវិកា ​សំដៅ​ទប់ស្កាត់ ​កាត់បន្ថយ ​និង​ស្តារ​ការបំពុល​បរិស្ថាន ​ការពារ​គុណភាព​បរិស្ថាន ​រក្សាបាន​នូវ​បរិស្ថាន​ល្អ​ស្អាត ​និង​ការពារ​សុខុមាលភាព​សាធារណៈ»។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ​លោក​ ប៉ាក ​សុខារ៉ាវុត ​បាន​ថ្លែង​ដែរ​ថា ​ដើម្បី​លើកកម្ពស់​បរិស្ថាន​ អគ្គនាយកដ្ឋាន​បានដាក់​ចេញ​នូ​សសរស្តម្ភ​ចំនួន​៣​ រួមមាន ​ការត្រួតពិនិត្យ​តាមដាន​គុណភាព​បរិស្ថាន ​(ទឹក​ ដី​ ខ្យល់) ​ការត្រួតពិនិត្យ​បំពុល​បរិស្ថាន ​និង​ការវាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ក្នុង​គោល​បំណង​លើកកម្ពស់​សុខុមាលភាព​សាធារណៈ ​និង​អភិរក្ស​ចម្រុះ ​ក្នុង​ការទប់ស្កាត់​[ឱ្យបាន]​ការបំពុល​បរិស្ថាន។​

លោក​ថា ​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​បំពុល​បរិស្ថាន ​នៅតាមទី​សាធារណៈ ​រោងចក្រ ​សហគ្រាស​ ការគ្រប់គ្រង​សារធាតុ ​និង​សំណល់​គ្រោះថ្នាក់ ​ដើម្បី​ប្រមូល​ធាតុ​ចូល ​និង​ចងក្រង​ទិន្នន័យ​ទាំងនោះ ​សម្រាប់​ដាក់ចេញ​វិធានការ​ដោះស្រាយ​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ​លោក ​ស៊ុន គង់ ​ថ្លែងថា ​សិក្ខាសាលា​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែល​អនុញ្ញាតឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​លើក​បញ្ហា​ប្រឈម ​និង​សំណូមពរ​ផ្សេង​។ លោក​បន្តថា ​សម្រាប់​ខេត្ត​សៀមរាប​ នាពេល​បច្ចុប្បន្ន ​កំពុង​ជួប​បញ្ហា​ក្នុង​ការគ្រប់គ្រង​សំរាម ​ខ្វះ​ទីលាន​ចាក់​សំរាម ​ស្របពេល​មាន​កំណើន​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន ​បើទោះ​បីជា​ប្រជាពលរដ្ឋ​មាន​របៀបរៀបរយ ​ក្នុង​ការទុកដាក់​សំរាម​ក្តី។​

​លោក​ថ្លែងថា​៖ «ថ្មីៗ​នេះ​បងប្អូន​ដែល​មក​កម្សាន្ត​នៅតាម​ទីសាធារណៈ​ មាន​ការយល់ដឹង​ វេច​ខ្ចប់​សំរាម​ត្រឹមត្រូវ​ក្រោយពី​បរិភោគ​។ ប៉ុន្តែ​នៅក្នុង​ក្រុង​សៀមរាប​ ក៏មាន​ការប្រឈម​ពាក់ព័ន្ធ​ ប្រមូល ​និង​ដឹកជញ្ជូន​សម្អាត​ អនាម័យ​បរិស្ថាន ​ដោយសារ​មិនទាន់​មាន​ការពង្រីក​សេវា​ដល់​ ១២ ​សង្កាត់​នៅ​ឡើយ​ទេ»។​

​លោក​បន្ថែមថា​៖ «ម្យ៉ាងវិញ​ទៀត​ទីលាន​ទុកដាក់​សំរាម ​ក៏​មិនទាន់​ធ្វើការ​កែលម្អ​ទៅតាម​ស្តង់ដា ​ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ ​កំពុង​ពិភាក្សា​គ្នា​លើ​ទីលាន​ចាក់​សំរាម​ថ្មី​ផងដែរ»។​

​តាមរយៈ​សិក្ខាសាលា​នេះ​ ភាគី​ដែល​បាន​ចូលរួម ​បានផ្តល់​ជា​មតិ​យោបល់ ​ក៏ដូចជា​សំណូមពរ​នានា ​ពាក់ព័ន្ធ​កិច្ច​គាំពារ​បរិស្ថាន ​ដើម្បី​ជា​ធាតុ​ចូល​យ៉ាង​សំខាន់ ​សម្រាប់​រួមគ្នា​ស្វែង​រង​វិធានការ​សមស្រប ​និង​កំណត់​ទិស​ការងារ​ ក្នុង​ការឆ្លើយតប​នឹង​ការជំរុញ​ប្រសិទ្ធភាព ​ការគ្រប់គ្រង​បរិស្ថាន ​ប្រកប​ដោយ​ចីរភាព​។ បញ្ហា​ប្រឈម​ដែល​ត្រូវ​លើក​មក​ជជែក​ពិភាក្សា ​រួមមាន ​វិធានការ​គ្រប់គ្រង​ការងារ​បំពុល​ទឹក ​ដី ​ខ្យល់ ​និង​វិធានការ​គ្រប់គ្រង​សំណល់ ​ទីប្រជុំជន​ សារធាតុ​គ្រោះថ្នាក់ ​ការបំពុល ​និង​ការវាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន៕