​ភ្នំពេញៈ ក្រុម​អ្នកស្រាវជ្រាវនៃ​សមាគមន​អ្នកស្រាវជ្រាវ​ច្បាប់​អន្តរជាតិ​នៃ​កម្ពុជា បាន​បោះពុម្ព​ចេញ​សៀវភៅ ​១​ ក្បាល មាន​ចំណងជើង «​ព្រឹត្តិបត្រ​ច្បាប់​អន្តរជាតិ​» មាន​កម្រាស់ ១៧៣ ទំព័រ ដោយបាន​បង្ហាញ​ខ្លឹមសារ​នៃ ច្បាប់​អន្តរជាតិ កាតព្វកិច្ច​សន្ធិសញ្ញា គោលការណ៍​ព្រំដែន វិវាទ​កោះ វិវាទ​ព្រា​សាទ​ព្រះវិហារ និង​សំណុំ​រឿងក្ដី​នៅក្នុង​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ដែលជា​បញ្ហា​ទាក់ទង​វិវាទ​អន្តរជាតិ​។

សៀវភៅ ​«​ព្រឹត្តិបត្រ​ច្បាប់​អន្តរជាតិ​» នេះ គឺជា​ស្នាដៃ​ដំបូង​របស់​សមាគម​អ្នកស្រាវជ្រាវ​ច្បាប់​អន្តរជាតិ​នៃ​កម្ពុជា ដែល​សមាគម​នេះ បានទទួល​ការអនុញ្ញាត​ច្បាប់​ផ្លូវការ ពី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីដើមឆ្នាំ​២០២២​។

អារម្ភកថា នៃ​សៀវភៅ​នេះ​បានសរសេរថា​៖ «​សមាគម​មិនមាន​បំណង​អ្វី​ក្រៅតែពី​រួមចំណែក និង​បំពេញបន្ថែម ដល់​ការរៀនសូត្រ និង​ជា​ពន្លឺ​ដល់​និស្សិត អ្នកសិក្សា​ស្រាវជ្រាវ​ខ្មែរ​យើង​ដើម្បី​ចាប់​បានជា​ពុទ្ធិ​បន្ថែម​ផង និង​ប្រើ​ជា​ឯកសារយោង​ផងដែរ​។ យើងខ្ញុំ​សូមបញ្ជាក់ថា​ សំណេរ​ក្នុង​សៀវភៅ​នេះ ផ្ដោត​សំខាន់​តែ​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ ​មិន​ផ្សារភ្ជាប់​នឹង​បញ្ហានយោបាយ​ឡើយ​»​។

លោក យោង ចាន់​សុភារ អនុប្រធាន​សមាគមន​អ្នកស្រាវជ្រាវ​ច្បាប់​អន្តរជាតិ​នៃ​កម្ពុជា បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី​ ១៩ ខែតុលា​​ថា ​សៀវភៅ​នេះ បាន​រំលេច​ឡើង​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ កាតព្វកិច្ច​សន្ធិសញ្ញា គោលការណ៍​ព្រំដែន​មិន​កែប្រែ និង​ជាពិសេស​ទៅទៀត​បាន​នាំ​អ្នកអាន​ទៅ​យល់ដឹង​អំពី​រឿងក្តី​ប្រាសាទព្រះវិហារ ព្រោះ​ទាក់ទង​នឹង​បញ្ហា​ផែនទី​និង​អធិបតេយ្យ​ប្រទាញប្រទង់​រវាង​កម្ពុជា​ថៃ និង​ចាត់ទុកថា​ជា​រឿង​ប្រវត្តិសាស្ត្រ​ដែល​គួរ​យល់ដឹង​មុនគេ​។ លើសពីនេះ​អ្នកសិក្សា​នឹង​បាន​ឈ្វេងយល់​អំពី របប​កោះ វិវាទ​កោះ និង​នីតិវិធី​ត្រួសៗ​អំពី​សាលាក្តី​ខ្មែរក្រហម​ផងដែរ​។

លោក​ថ្លែងថា​៖ «​សំណួរ​គឺថា​ តើ​យើង​បាន​ត្រៀមលក្ខណសម្បត្តិ​ច្បាប់​គ្រប់គ្រាន់​ហើយ​ឬ​នៅពេល​មាន​វិវាទ​ច្បាប់​កើតឡើង​។ សូម​លើកទឹកចិត្ត​ឱ្យ​អ្នកសិក្សា​យើង ចូល​រូ​ម​ជាមួយ​សមាគម​សិក្សា​ស្រាវជ្រាវ​ជា​បន្ត​ទៅមុខទៀត ដើម្បី​រួម​បង្កើត​ស្នាដៃ​ជាការ​បន្សល់ទុក​ដល់​អ្ន​ក​ជំនាន់​ក្រោយ​»​។

លោក​បាន​លើកឡើងថា ពិតណាស់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ ការកំណត់​ព្រំដែន​ដីគោក និង​សមុទ្រ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ដំណោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​តាម​ប្រព័ន្ធ​យុត្តាធិការ និង​កិច្ចការ​អន្តរជាតិ​ឯទៀត ត្រូវការ​អ្នកជំនាញ​ច្បាប់​ជា​ចាំបាច់ រឿងក្តីប្រាសាទព្រះវិហារ​បាន​ឆ្លងកាត់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ២លើក​មកហើយ ដែល​នេះ​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​សម្រាប់​កម្ពុជា​។

លោក​បន្តថា ដូច្នេះ​ដើម្បី​រួមចំណែក​កិច្ចការ​នេះ សមាគម​អ្នកស្រាវជ្រាវ​ច្បាប់​អន្តរជាតិ​កម្ពុជា បាន​ប្រមូលផ្ដុំ​ធនធានមនុស្ស​របស់​ខ្មែរ ខិតខំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ សរសេរ អត្ថបទ​មាន​លក្ខណៈ​ចម្រុះ​ពណ៌ វែង ឬ​ខ្លី ទៅតាម​ប្រធានបទ​ជំនាញ​របស់ខ្លួន​ឱ្យស្រប​ទៅនឹង​ការវិវឌ្ឍ​ថ្មី​នៃ​ច្បាប់​អន្តរជាតិ​ ហើយ​សំណេរ​អត្ថបទ​នីមួយៗ សុទ្ធ​តែមាន​អំណះអំណាង ច្បាស់លាស់ យោងតាម​ច្បាប់ ទំនៀមទម្លាប់​អន្តរជាតិ យុទ្ធសាស្ត្រ​តុលាការ និង​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ និង​សំណេរ​របស់​អ្នកប្រាជ្ញ​ច្បាប់​អន្តរជាតិ​ល្បីៗ​ជាច្រើន​។

លោក ចាន់​សុភារ បានឱ្យដឹងថា សៀវភៅ​នេះ គឺជា​ស្នាដៃ​ដំបូង​របស់​សមាគម​អ្នកស្រាវជ្រាវ​ច្បាប់​អន្តរជាតិ​នៃ​កម្ពុជា ដែល​សមាគម​នេះ​បានទទួល​ការអនុញ្ញាត​ច្បាប់​ផ្លូវការ ពី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ដើមឆ្នាំ​២០២២​ នេះ​។

លោក​បន្តថា ការបង្កើត​សមាគម​ក៏ដូចជា​សំណេរ​ក្នុង​សៀវភៅ​នេះ គឺ​ពុំ​មានបំណង​អ្វី​ក្រៅតែពី​ប្រមូលផ្តុំ​បញ្ញាវន្ត​ខ្មែរ​ដែល​ចូលចិត្ត​ជំនាញ​ច្បាប់​អន្តរជាតិ រួមដៃគ្នា​លើកកម្ពស់​ចំណេះដឹង ទាំង​នីតិ​អន្តរជាតិ​សាធារណ​: រហូតដល់​នីតិ​អន្តរជាតិ​ឯកជន ដែល​រួមទាំង​ច្បាប់ពាណិជ្ជកម្ម​និង​វិនិយោគ​អន្តរជាតិ​រហូតដល់​ម​ជឈ្ឈ​ត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ដែលជា​ធាតុ​មិនអាច​ខ្វះ​បាន​សម្រាប់​កម្ពុជា​។

មេធាវី ហ៊ឹប ណា​រិ​ទ្ធិ វេស៍ បាន​សរសេរ​នៅក្នុង​កថាមុខ​នៃ​សៀវភៅ​នេះ​ថា សំណេរ​អត្ថបទ​ក្នុង​សៀវភៅ​នេះ​បានបង្ហាញ​នូវ​ការខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ដ៍​ប្រាកដប្រជា​មួយ​ទុកជា​ឯកសារ​ស្រាវជ្រាវ​បន្ត​សម្រាប់​អ្នកសិក្សា​និង​អ្នកច្បាប់​ស្វែងយល់​បន្ថែម​។ ការ​ពោល​ដោយ​គ្មាន​អំណះអំណាង​ផ្លូវច្បាប់​នាំឱ្យ​អ្នកច្បាប់​ម្នាក់ បាត់​នូវ​តម្លៃ​របស់ខ្លួន ប៉ុន្តែ​ការស្រាវជ្រាវ​ប្រកបដោយ​ភាពប្រាកដនិយម​និង​មូលដ្ឋាន​ច្បាប់​រឹងមាំ​វិញ​នោះ​គឺជា​ទ្រព្យសម្បត្តិ​មានតម្លៃ​វិសេសវិសាល​ដែល​យើង​ត្រូវ​នាំគ្នា​លើកតម្កើង​។​

លោក​បាន​ថ្លែងថា​៖ «​ក្រោយពី​បាន​អាន​ដោយ​ចិត្ត​ទុកដាក់​រួចមក ខ្ញុំ​វាយតម្លៃ​ខ្ពស់ ចំពោះ​ម្ចាស់​អត្ថបទ​ទាំងអស់ ដែល​ខិតខំ​តាក់តែង​យ៉ាង​ម៉ត់ចត់ ដោយ​ឈរលើ​ច្បាប់​អន្តរជាតិ ទំនៀមទម្លាប់​អន្តរជាតិ គោលការណ៍​ច្បាប់ និង​និយាម​អន្តរជាតិ​ជា​ធរមាន​»​។

លោក​បន្តថា​ ពិតណាស់​កម្ពុជា​កំពុង​ត្រូវការ​អ្នកច្បាប់​អន្តរជាតិ​ជាច្រើន​នាក់ ច្រើន​វិស័យ រាប់​ចាប់តាំងពី​នីតិ​អន្តរជាតិ​សាធារណៈ រហូតដល់​នីតិ​អន្តរជាតិ​ឯកជន ដែល​រួមទាំង​ច្បាប់ពាណិជ្ជកម្ម​និង​វិនិយោគ​អន្តរជាតិ រហូតដល់​តុលាការ​និង​ម​ជ្ឈ​ត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​។ នៅ​ថ្ងៃ​ណាមួយ​បណ្តឹង​ទៅ​តុលាការ​ និង​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​នឹង​ជា​ជម្រើស ដំណោះស្រាយ​ដោយ​សន្តិវិធី ដែល​យើង​លំបាក​នឹង​ចៀសផុតដូច​កម្ពុជា​បានធ្វើ​រួចហើយ​នៅក្នុង​រឿងក្តី​ប្រាសាទព្រះវិហារ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​មេធាវី​ម្នាក់ និង​ក្នុងនាម​ជា​អ្នកសិក្សា​ច្បាប់​អន្តរជាតិ​ម្នាក់​ផងដែរ​នោះ ខ្ញុំ​យល់ច្បាស់​ពី​តម្រូវការ​អ្នកច្បាប់​នៅ​កម្ពុជា ដែល​កាន់តែ​កើនឡើង​ពី​ ១​ ថ្ងៃ​ ទៅ​ ១​ ថ្ងៃ​នៅ​ ខណៈពេលដែល​កម្ពុជា​កាន់តែ​សកម្ម​ក្នុង​ការទំនាក់ទំនង​អន្តរជាតិ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ដ៏​វែងឆ្ងាយ​។ ដូច្នេះហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​កូន​ខ្មែរ​បន្ត​ចាប់យក​ចំណេះវិជ្ជា​ច្បាប់ ជាពិសេស​ច្បាប់​អន្តរជាតិ​»៕