ក្រចេះ: លោក ឌិត ទីណា រដ្ឋមន្ដ្រី​ថ្មី ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៩ ខែ​តុលា​ បាន​ចាប់ផ្ដើម​ចុះ​បេសកកម្ម​ទៅ​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​ចែក​ពូជ​ស្រូវ​ដល់​កសិករ​​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ ដោយ​លោក​បាន​គូសបញ្ជាក់​ថា បញ្ហា​ទីផ្សារ​តម្លៃ​ស្រូវ​គឺជា​រឿង​ដែល​ត្រូវ​ដោះស្រាយ ដោយ​មាន​ការ​ជជែក​គ្នា​ និង​​មិន​អាច​ធ្វើការ​មើល​តែ ១ ជ្រុង​នោះ​ទេ​។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ រដ្ឋមន្ដ្រី​ថ្មី​​នៃ​ក្រសួង​កសិកម្ម លោក ឌិត ទីណា​ បាន​បង្ហោះ​រូបភាព​នៅ​វេលា​ម៉ោង​ ​៦ ​កន្លះ​​ព្រឹក ដែល​បង្ហាញ​ពី​រូប​លោក និង​លោក គន់ គីម ទេស​រដ្ឋមន្រ្តី​ទទួល​បន្ទុក​​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​ឆ្ពោះ​ទៅ​ជួប​ប្រជា​កសិករ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ក្រចេះ។

ការ​ចុះ​បេសកកម្ម​របស់​លោក​រដ្ឋមន្ដ្រី វ័យ​ក្មេង​រូប​នេះ ធ្វើ​ឡើង​តែ ២ ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​លោក​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ផ្លូវការ កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែ​តុលា ឆ្នាំ ២០២២។

នៅក្នុង​សន្និសីទ​កាសែត​កាល​ពីថ្ងៃ​ទី​ ១៧ ខែ​តុលា​នោះ​លោក ឌិត ទីណា បាន​បញ្ជាក់​ថា ការងារ​បន្ទាន់​នៅ​ចំពោះ​មុខ ដែល​លោក​ត្រូវ​ដោះស្រាយ​ក្នុង​ជំហាន​ដំបូង​ បន្ទាប់ពី​ប្រកាស​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម គឺ​ដោះស្រាយ​​បញ្ហា​របស់​ប្រជាកសិករ ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ និង​ដោះស្រាយ​ផលប៉ះពាល់​ដែល​បង្ក​ដោយ​ទឹកជំនន់ ដែល​បាន​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ទូទាំង​ប្រទេស ផ្តល់​ពូជស្រូវ និង​ពូជ​ដំណាំ​ជា​បន្ទាន់​ដល់​កសិករ ដើម្បី​ស្តារ​ការដាំដុះ​ឡើង​វិញ។

បើតាម​លោក ឌិត ទីណា ការផ្ដល់​ពូជ​ស្រូវ​ និង​ពូជ​​ដំណាំ​ជា​បន្ទាន់​ដល់​ប្រជាកសិករ គឺ​ជា​រឿង​សំខាន់​ និង​ចាំបាច់​ខ្លាំង​ណាស់ ដើម្បី​ធានា​ថា​ ប្រជាកសិករ​ខ្មែរ ​បាន​ទទួល​ពូជស្រូវ​សម្រាប់​ដាំដុះ​ឡើង​វិញ​ទាន់​ពេលវេលា នៅ​ពេល​ដែល​ទឹក​ចាប់​ស្រក​ទៅវិញ​។

ខេត្ត​ដំបូង​នៃ​បេសកកម្ម​របស់​លោក ឌិត ទីណា គឺ​ខេត្ត​ក្រចេះ​ និង​ត្បូងឃ្មុំ ហើយ​អាច​បន្ត​ទៅកាន់​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ ដោយ​នៅ​ខេត្ត​ខ្លះ ការ​ចុះ​ជួប​ប្រជាកសិករ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ​ដូចជា​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង។

យោង​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (NCDM) បាន​ឱ្យដឹង​ថា នាព្រឹក​ថ្ងៃទី​ ១៩ ខែ​តុលា លោក​ គន់ គីម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធានទី​១ ​នៃ​ NCDM និង​លោក​ ឌិត ទីណា​ បាន​ចុះ​ចែក​ស្រូវពូជ របស់​រាជរដ្ឋាភិបាល ជូន​កសិករ​ដែល​រងការ​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់ ដែល​ត្រូវការ​ស្ដារ​ឡើង​វិញ​ចំនួន​ ២ ៧០២​ គ្រួសារ ស្មើ​នឹង​ប្រមាណ​ជាង ២០ ម៉ឺន​គីឡូក្រាម មក​ពី​ ៥ ក្រុង-ស្រុក ​រួមមាន ស្រុក​ឆ្លូង ស្រុក​ព្រែក​ប្រសព្វ ស្រុក​សំបូរ ស្រុក​ចិត្របុរី និង​ក្រុង​ក្រចេះ ដែល​ពិធី​ចែក​ពូជ​ស្រូវ​នេះ​​ធ្វើនៅ​បរិវេណ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​។

លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ថា​ ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹក​ជំនន់​នៅក្នុង​ខេត្ត​ក្រចេះ​មាន​ចំនួន​ ៣ ៦៧៦ គ្រួសារ ហើយ​ខេត្ត​បាន​ចែក​ស្រូវ​ពូជ​គ្រប់​ចំនួន​អស់​ហើយ​សម្រាប់​អ្នក​​ដែល​ត្រូវ​ស្តារ​ឡើង​វិញ ប៉ុន្តែ​មាន​ផ្ទៃដី​ចំនួន​ ៣៤ ​ហិកតា​ដែល​មិន​បាន​ស្តារ​ឡើង​វិញ​ ដោយសារ​ផ្ទៃដី​ខ្ពស់ និង​មិនមាន​ប្រភព​ទឹក​ ហើយ​ប្រជាពលរដ្ឋ​ក៏​មិន​ស្នើសុំ​ស្រូវ​ពូជ​ដែរ។

លោក​បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​ ១៧ ខែ​តុលា ខេត្ត​​បាន​ទទួល​​ស្រូវ​ពូជ​ចំនួន​ ៧៦ ​តោន និង​លោក​ផ្ទាល់​បាន​ចុះចែក​ដល់​ប្រជាជន​រួច​ហើយ។ លោក​ថា លោក ឌិត ទីណា បាន​ចុះ​ទៅ​​ដល់​ទីតាំង​ថ្នាល​ស្រូវ​ស្រែ​ដែល​កសិករ​បង្កបង្កើន​ផល និង​បាន​បញ្ចប់​ការងារ​នៅ​ម៉ោង ១១ និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃ​ទី ១៩ ​តុលា​ ដោយ​​ចុះ​មើល​ ២​ គោលដៅ​នៅ​សង្កាត់​រកា​កណ្ដាល ​ស្ថិតនៅ​ទីរួម​ខេត្ត ១ ​គោលដៅ និង​នៅ​ឃុំ​បុសលាវ ក្នុង​ស្រុក​ចិត្រ​បុរី ១ ​គោលដៅ។

លោក​ វ៉ា ថន បាន​ថ្លែង​ថា៖ «អ៊ីចឹង​បាន​មើល​អស់​ហើយ​ពិនិត្យ​​ហើយ​លោក​បាន​សន្យា​ថា នៅ​ពេល​ខាង​មុខ​​ឆាប់ៗ​ហ្នឹង​ប្រហែល​​ ១ ខែ​ទៅ​ ១ ខែ​តិចតួច​ទៀត​ហ្នឹង​ បន្ទាប់ពី​លោក​ដើរ​ចែក​ស្រូវពូជ​ជុំ​អស់​ហើយ លោក​នឹង​មក​ពិនិត្យ​អាស្រូវ​ដែល​វា​ចាប់ផ្តើម​ដុះ​នេះ​ឡើង​វិញ​តាម​គោលដៅ​មួយ​ចំនួន​ គ្រប់​ខេត្ត​ទាំង​អស់​ នេះ​បើ​តាម​ប្រសាសន៍​លោក។​ ​លោក​ចប់​ពី​ហ្នឹង​ទៅ លោក​អញ្ជើញ​​ទៅ​ត្បូងឃ្មុំ ទៅ​ចែក​ស្រូវ​ពូជ​នៅ​ត្បូងឃ្មុំ​បន្ត​ទៀត​ល្ងាច​ហ្នឹង​»។

លោក ឌិត ទីណា បាន​ផ្តល់​កិច្ចសម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​​ចុះ​ចែក​ស្រូវ​ពូជ​នេះ​ថា បញ្ហា​ទីផ្សារ​តម្លៃ​ស្រូវ​គឺជា​រឿង​ដែល​ត្រូវ​ដោះស្រាយ ដោយ​មាន​ការជជែក​គ្នា​ និង​មិន​អាច​ធ្វើការ​ដោយ​មើល​តែ ១ ជ្រុង​បាន​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «កុំ​ភ្លេច​ថា ប្រជាពលរដ្ឋ​យើង​ទាំងអស់​សុទ្ធតែ​អ្នក​ហូប​បាយ។ អ៊ីចឹង តម្លៃ​ស្រូវ​ឡើង​ថ្លៃ​ខ្ពស់ មាន​ន័យ​ថា បាយ​ក៏​វា​ថ្លៃ​ដែរ។ អ៊ីចឹង​ យើង​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ទាំង​អស់គ្នា។ ចំណុច​សំខាន់ ​មិន​សំខាន់​ថា តើ​តម្លៃ​ស្រូវ​ថ្លៃ​ ឬ​ក៏​ថោក​នោះ​ទេ សំខាន់​ថា​តើ​អ្នក​ផលិត កសិករ​របស់​យើង​នឹង​បាន​ចំណេញ​ប៉ុនណា ​​គឺ​យើង​ មើល​ជ្រុង​នេះ​វិញ​សំខាន់​ជាង»​។

លោកបាន​បន្ថែម​ទៀត​ថា៖ «បើ​យើង​កាត់បន្ថយ​ចំណាយ​ ហើយ​យើង​ព្យាយាម​ធ្វើម៉េច​ឱ្យ​ចំណូល​របស់​គាត់​ បាន​លើស​ហ្នឹង ពង្រីក​កម្រិត​នៃ​ការ​ចំណេញ​របស់​គាត់ គឺ​គ្រប់គ្រាន់​ហើយ​មិនត្រូវ​និយាយ​ថា ត្រូវតែ​ឡើង​ថ្លៃ​ ឬ​ចុះ​ថ្លៃ​ទេ ពីព្រោះ​ស្រូវ​ឡើង-​ថ្លៃ អង្ករ​ឡើង​ថ្លៃ អ្នកហូប​នឹង​ពិបាក។ អ៊ីចឹង​ទាំងអស់​ហ្នឹង​ ​ត្រូវមើល​ជារួម​ជាមួយ​គ្នា​ ហើយ​សំណួរ​ត្រឡប់​មក​វិញ​ ថា​តើយើង​រក​រូបមន្ត​ណា ដើម្បី​ចំណេញ​ទាំងអស់​គ្នា មិនមែន​តែ​សម្រាប់​ផ្នែក​ណាមួយ​នៃ​វិស័យ​កសិកម្ម​នោះ​ទេ​»៕