ភ្នំពេញៈ ប្រធានាធិបតី​ទីម័រ-​ខាងកើត​លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) បាន​មកដល់​រាជធានី​-​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៩ ខែតុលា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រហូតដល់​ថ្ងៃទី​ ២១ ខែតុលា តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ ខណៈ​ប្រទេស​ទាំង​ ២ ​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាមួយ​គ្នា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃទី​ ១៩ ខែតុលា​ថា​៖ «​កម្ពុជា​ស្វាគមន៍ ឯកឧត្តម ប្រធានាធិបតី​ទីម័រឡេស្ត ក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​»​។

លោក ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ទីម័រ​ខាងកើត​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទ្វេភាគី​ដ៏មាន​សារៈសំខាន់​ចំនួន​ ២ រួមមាន​៖ កិច្ចព្រមព្រៀង​សេវាកម្ម​អាកាសចរណ៍ និង​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ពាណិជ្ជកម្ម​ស្រូវ​រវាង​ប្រទេស​ទាំង​ ២ ​។

លោកនាយក​រដ្ឋមន្ត្រី​សរសេរ​ថា​៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់​កម្ពុជា​នឹង​បន្ត​ពង្រឹង និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​នៃ​ប្រទេស​ទាំង​ ២»​។

លោក Jose Ramos-Horta ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃទី​ ១៩ ខែ​តុលា ថា ទីម័រ​ខាងកើត ចង់​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ហើយ​ខ្លួន​លោក​ផ្ទាល់​ជា​អ្នក​តស៊ូ​មតិ​ដ៏ខ្លាំងក្លា​មួយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។

លោក​ជឿជាក់​ថា ប្រទេស​ទីម័រ​ខាងកើត​នឹង​ចូលរួម​អាស៊ាន​ឆាប់ៗ​នេះ​។ ទីម័រ​ខាងកើត​នឹង​មាន​ប្រទេស​អាស៊ាន​ចំនួន​ ៥ ទៀត ដែល​នឹង​បើក​ស្ថានទូត​ក្នុង​ប្រទេស​នេះ ដែល​នឹង​ជួយ​សម្រួល​ដល់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​។

កម្ពុជា​ស្វាគមន៍​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នៅ​ព្រលាន​យន្តហោះ​។ រូបថត SPM

លោក Jose Ramos-Horta ថ្លែង​បន្ត​ថា ខណៈ​ប្រទេស​កម្ពុជា ដែល​មាន​ទំនាក់​ទំនង​ពិសេស​ជាមួយ​ទីម័រឡេស្ត និង​ចំណាប់​អារម្មណ៍​ក្នុង​ការបង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច លោក​ចង់ឃើញ​ពាណិជ្ជករ​កម្ពុជា​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​ ដើម្បី​ស្វែងយល់​ពី​លទ្ធភាព​។

លោក​បាន​ថ្លែងថា​៖ «​តើ​មាន​លទ្ធភាព​អ្វីខ្លះ​? ឧទាហរណ៍ វិស័យ​ទេសចរណ៍​។ យើង​សម្បូរ​ទៅដោយ​ជីវចម្រុះ​បំផុត​ក្នុង​ពិភពលោក ដែល​នេះ​មិនមែន​ជា​ការអះអាង​របស់​ខ្ញុំ​តែ​ម្នាក់ឯង​នោះទេ តែ​ក៏​ជា​ការអះអាង​របស់​អង្គការ​អភិរក្ស​អន្តរជាតិ​ផងដែរ បូក​រួម​ទាំង​ការអះអាង​ពី​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី អាមេរិក និង​អង់គ្លេស ដែល​ពួកគេ​បាន​ធ្វើការ​ស្ទង់មតិ​នៅក្នុង​តំបន់​ទាំងមូល​អស់​រយៈពេល​ ៣ ​ឆ្នាំ​។ ពួកគេ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដោយ​និយាយថា គួរឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​ទីម័រ​ខាងកើត ដែល​មាន​ជីវចម្រុះ​បំផុត​នៅលើ​ពិភពលោក​»​។

លោក Jose Ramos-Horta ថ្លែង​ថា ក្នុង​ការចូល​ជា​សមាជិក​អាស៊ាន ទីម័រ​ខាងកើត​បាន​ឆ្លងកាត់​ដំណើរការ​យ៉ាង​ហ្មត់ចត់​អស់​រយៈពេល​ ១០ ឆ្នាំ​មកហើយ ដែល​ថ្នាក់ដឹកនាំ​របស់​ប្រទេស​នេះ អ្នក​ទាំងអស់​គ្នា​ក្នុង​ប្រទេស ទាំង​គណបក្ស​នយោបាយ និង​ក្រុម​នានា​បាន​រួមគ្នា​ចាត់ទុក​ការចូល​ជា​សមាជិក​អាស៊ាន​គឺជា​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​ជាតិ​របស់​ម័រ​ខាងកើត​។ លោក​ថ្លែងថា​៖ «​យើង​បាន​ខិតខំ​ប្រឹងប្រែង​ ដើម្បី​សម្រេចបាន​នូវ​សសរស្តម្ភ​ទាំង​ ៣​ របស់​អាស៊ាន ដែល​រួមមាន វប្បធម៌ សេដ្ឋកិច្ច និង​សន្តិភាព​ និង​សន្តិសុខ​។ ភាគច្រើន យើង​បាន​បំពេញ​លក្ខខណ្ឌ​សសរស្តម្ភ​ទាំងនេះ​ដែល​ជា​ផ្លូវ​ដើម្បី​ធ្វើឱ្យ​បាន​ពេញលេញ​តាម​សសរស្តម្ភ​សេដ្ឋកិច្ច​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ទីម័រ​ខាងកើត​នេះ គឺមាន​សារៈសំខាន់ សម្រាប់​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា-ទីម័រ​ខាងកើត​។ កម្ពុជា​គឺជា​ប្រទេស​ដែល​ផ្តល់​ការគាំទ្រ​ខ្លាំងក្លា​ជាងគេ​ សម្រាប់​ទីម័រ​ខាងកើត​នៅក្នុង​ដំណើរការ​ដាក់ពាក្យ​សុំចូល​ជា​សមាជិកភាព​នៅក្នុង​អាស៊ាន​។ លោក​​ថា​៖ «​សម្ដេច​តេជោ ហ៊ុន សែន ក៏​លោក​បានប្រកាស​ជា​ឱឡារិក​ផងដែរ នៅក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា គឺ​អាស៊ាន​ស្វាគមន៍​សមាជិកភាពរ​បស់​ទីម័រ​នៅក្នុង​អាស៊ាន​។ ក៏ប៉ុន្តែ​ថា​តើ​ដំណើរការ​នេះ​វា​អាច​ចប់​សព្វគ្រប់​នៅ​កម្ពុជា​ឬ​យ៉ាងណា​? ក៏ប៉ុន្តែ​កម្ពុជា​បានបង្ហាញ​សុច្ឆន្ទៈ​ និង​ការប្ដេជ្ញាចិត្ត​របស់​ខ្លួន និង​ការគាំទ្រ​របស់ខ្លួន​ចំពោះ​ទីម័រ​ខាងកើត​»៕