
លោក កឹម សុខា លើកដៃដាក់អ្នកគាំទ្រ បន្ទាប់ពីចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែតុលា។ ហេង ជីវ័ន
ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ការសួរដេញដោលលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រឹមសវនាការលើកទី៦២ ក្រោមបទចោទ «សន្ទិដ្ឋភាព ឬអំពើត្រូវរ៉ូវ ជាមួយរដ្ឋបរទេស»ពាក់ព័ន្ធការធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល ហើយគ្រោងធ្វើសេចក្តីសន្និដ្ឋាន នៅខែធ្នូ ឆ្នាំ ២០២២។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី១៩ តុលា ថា ក្រោយបញ្ចប់សវនាការនេះ ក្រុមប្រឹក្សា ជំនុំជម្រះ បានកំណត់កាលបរិច្ឆេទ និងធ្វើសេចក្តីសន្និដ្ឋានលើលោក កឹម សុខា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២»។
លោកបញ្ជាក់ថា៖ «សេចក្តីសន្និដ្ឋានពីគ្រប់ភាគីនឹងធ្វើឡើងមុនពេលប្រកាសសាលក្រមនៅពេលខាងមុខនេះទាក់ទងនឹងបទចោទសន្ទិដ្ឋភាព ឬអំពើត្រូវរ៉ូវជាមួយរដ្ឋបរទេស ហើយតុលាការ នឹងកំណត់កាលបរិច្ឆេទ ប្រកាសសាលក្រម នៅពេលក្រោយផងដែរ»។
លោក ផែង ហេង មេធាវីលោក កឹម សុខា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងសវនាការលើកទី៦២ នេះ ពុំមានការសួរដេញដោលលើលោក កឹម សុខា ទៀតទេ។ លោកប្រាប់ថា៖ «មិនមានសួរដេញដោលទេ គឺព្រឹកមិញគ្រាន់តែ ធ្វើកំណត់សម្គាល់ និងចៅក្រមសម្រេចទុកពេល ២ ខែ ឱ្យដាក់សេចក្តីសន្និដ្ឋានការពារ»។
លោកបញ្ជាក់ថា៖ «យើងមើលសំណុំរឿងនេះ គឺមិនមានអង្គហេតុ នៃបទល្មើសសន្ទិដ្ឋភាពជាមួយបរទេសទេ។ ដូចនេះមិនអាចចោទប្រកាន់រឿងមួយ ដែលគ្មានអង្គហេតុ និងខ្វះធាតុផ្សំបទល្មើស បានទេ។ សហមេធាវី នឹងស្នើឱ្យទម្លាក់ចោលបទចោទ»។
លោក មុត ចន្ថា មនុស្សស្និទ្ធជាមួយនឹងលោក កឹម សុខា ដែលបានចូលទៅស្តាប់ក្នុងសវនាការ បានឱ្យដឹងថា ក្នុងសវនាការនេះ តុលាការបង្គាប់ឱ្យភាគីនីមួយៗលើកសំណើសុំកំណត់រយៈពេល ដើម្បីដាក់សេចក្តីសន្និដ្ឋានលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សា នៅមុនពេលសវនាការសន្និដ្ឋានផ្ទាល់មាត់។
បើតាមលោក មុត ចន្ថា ក្នុងនោះតំណាងអយ្យការបានស្នើសុំរយៈពេល ៣ ខែ មេធាវីដើមបណ្តឹង រដ្ឋប្បវេណី (មេធាវីរដ្ឋាភិបាល) ស្នើសុំរយៈពេល ២ ខែ និងមេធាវីការពារក្តីរបស់លោក កឹម សុខា ស្នើសុំរយៈពេល ២ សប្តាហ៍។ ក្នុងសវនាការនោះ លោក កឹម សុខា ក៏បានស្នើសុំពេលវេលាឱ្យបានឆាប់ ដើម្បីរកយុត្តិធម៌ឱ្យរូបលោក ដែលបានចំណាយពេលប្រមាណ ៥ ឆ្នាំហើយ ក្នុងសំណុំរឿងនេះ។
លោកថ្លែងថា៖ «នៅពេលសម្រាក ដើម្បីពិគ្រោះយោបល់ជាមួយកូនក្តី គឺឯកឧត្តម កឹម សុខា ក្រុមមេធាវី បានលើកយកសេចក្តីសន្និដ្ឋាន ដែលបានត្រៀមតាំងពីសវនាការលើកទី១ រហូតលើកទី៦២ នេះ ដូច្នេះក្រុមមេធាវីការពារ ក្តី មិនត្រូវការពេលវេលាច្រើនទៀត លើសពី ២ សប្តាហ៍ឡើយ»។
មេធាវីរដ្ឋាភិបាល លោក គី តិច បញ្ជាក់ថា ការទុកពេលរហូតដល់ ២ ខែនេះ ជាពេលវេលាដ៏ស័កិ្តសមមួយ សម្រាប់ឱ្យភាគីមេធាវីទាំងសងខាង អាចរៀបចំសេចក្តីសន្និដ្ឋានមួយដែលហ្មត់ចត់។
លោកថ្លែងថា៖ «នេះជាសំណុំរឿងមួយដ៏ស្មុគស្មាញ ហើយរយៈពេល ២ ខែ ជាពេលវេលាសមហេតុសមផល»។
សូមជម្រាបថា សំណុំរឿងក្បត់ជាតិចោទលើលោក កឹម សុខា គិតមកដល់ពេលនេះបានបន្តអូសបន្លាយប្រមាណ ៥ ឆ្នាំមកហើយ ក្រោយពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងអ្រធាត្រ កាលពីដើមខែកញ្ញា ឆ្នាំ ២០១៧។
លោកត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង «សន្ទិដ្ឋភាព ឬត្រូវរ៉ូវជាមួយភ្នាក់ងារបរទេស ចង់ផ្តួលរំលំរដ្ឋាភិបាល» និងត្រូវបានបិទបញ្ចប់សួរដេញដោលលើអង្គហេតុ ក្នុងសវនាការលើកទី៦២។
បច្ចុប្បន្ន តុលាការបានអនុញ្ញាត ឱ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែត្រូវជាប់កាតព្វកិច្ច មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕
រាយការណ៍បន្ថែមៈ សេក ប្រាក់