ស្វាយរៀងៈ ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ភូមិ​សំឡី​ខាងត្បូង និង​ភូមិ​សំឡី​ខាងជើង ឃុំ​សំឡី ស្រុក​កំពង់រោទ៍ ខេត្ត​ស្វាយរៀង បាន​បោះបង់​ការ​ធ្វើ​ស្រែ ដោយ​យក​ដីស្រែ​ដាំ​ដើម​ប្រចាក់​វិញ ព្រោះ​តែ​របរ​ចម្រាញ់​ប្រេង​ប្រចាក់​កាក់កប​ជាង​របរ​ធ្វើស្រែ​។ កាលពី​មុន ដើម​ប្រចាក់​នេះ មិន​ត្រូវ​បាន​ប្រជាពលរដ្ឋ​យកចិត្ត​ទុកដាក់​ទេ ព្រម​ទាំង​មាន​ការ​កាប់​ចោល​ទៀតផង ដោយសារ​ចង្អៀត​ដី​ធ្វើស្រែ​។

បុរស​វ័យ​ចំណាស់​ម្នាក់ គឺ​លោក​ ស៊ូ គា ដែល​ប្រកបរបរ​ចម្រាញ់​ប្រេង​ពី​ស្លឹក​ប្រចាក់​យក​ទៅ​លក់​រស់នៅ​ភូមិ​សំឡី​ខាងត្បូង ឃុំ​សំឡី ស្រុក​កំពង់រោទ៍ ខេត្ត​ស្វាយរៀង រៀបរាប់​ថា ពី​មុន​លោក​មិនដែល​រវីរវល់​ទេ រឿង​ដើម​ប្រចាក់​នេះ​។ មិនតែ​ប៉ុណ្ណោះ លោក​បាន​កាប់​ចោល​ទៀត​ផង ព្រោះ​វា​ចង្អៀត​ដី​ធ្វើស្រែ​ពេក​។ ទោះយ៉ាងណា​រយៈពេល​ក្រោយមក ដើម​ប្រចាក់​ក៏បាន​ចាប់ផ្តើម​ទាក់ទាញ​អារម្មណ៍​ប្រជាពលរដ្ឋ​ឱ្យ​ងាក​មករក​ការដាំដុះ​ដើម​ប្រចាក់​នេះ ហើយ​បោះបង់ចោល​របរ​ធ្វើស្រែ​វិញ​។

បុរស​អ្នក​ចម្រាញ់​ប្រេង​ពី​ស្លឹក​ប្រចាក់ លោក​ ស៊ូ គា និយាយ​ថា​៖ «​តែ​ដល់​ទៅគ្រប់​គ្នា​ដឹងថា ដើម​ប្រចាក់ វា​មាន​ប្រយោជន៍​ក៏​ដណ្តើម​គ្នា​ហួងហែង​។ ម្យ៉ាង​បងប្អូន​យើង​ក្នុងភូមិ ស្ទើរតែ​ពាក់កណ្តាល​ទៅហើយ បោះបង់​ការធ្វើ​ស្រែ ហើយ​យក​ដីស្រែ​ដាំ​ដើម​ប្រចាក់​វិញ ពីព្រោះ​របរ​ចម្រាញ់​ប្រេង​ប្រចាក់​កាក់កប​ជាង​ធ្វើស្រែ​»​។

យូរៗ​ម្តង​គេ​ឃើញ​ផ្សែង​ពណ៌​ស រសាត់ តាម​ខ្យល់​ទាំង​កណ្តាល​ថ្ងៃត្រង់ រំលង​ក្បាល​បុរស​វ័យ​ចំណាស់​ម្នាក់ នោះ​គឺ​ផ្សែង​បារី ដែល​លោក​ ស៊ូ គា ​កំពុង​អង្គុយ​បង្ហុយ​។ ប៉ុន្តែ វា​ហាក់​ដូចជា មាន​កម្លាំង​ខ្សោយ​ជាង​ដុំ​ផ្សែង​ស្រអាប់​ ១ ​ដុំ​ទៀត​នៅក្បែរ​នោះដែរ ដែល​កំពុង​ហុយ​ចេញ​ពី​គុក​ក្នុង​ដី ដែល​នោះ គឺជា​ឡ សម្រាប់​ដុត​ចម្រាញ់​យកប្រេង​ពី​ស្លឹក​ប្រចាក់​។ ថ្វីបើ​ចូលដល់​វ័យ​ ៥៩​ ឆ្នាំ​ទៅហើយ​ក្តី ប៉ុន្តែ​បុរស ដែល​មាន​មាឌ​ស្តើង​ខ្ពស់ សម្បុរ​សរូប​នេះ​បាន​និយាយ​តាម​សំនៀង​ភាសា​តំបន់​ថា លោក​ឈ្មោះ​ ស៊ូ គា ហើយ​គ្រួសារ​របស់​លោក​ក៏​ស្ថិតក្នុង​ចំណោម​ជិត​ ២០០​ គ្រួសារ​ទៀត​ដែរ ដែល​រស់នៅ​ក្នុង​ភូមិ​សំឡី​ខាងត្បូង និង​ភូមិ​សំឡី​ខាងជើង​ប្រកបរបរ​ចម្រាញ់​ប្រេង​ចេញពី​ស្លឹក​ប្រចាក់​នេះ ដើម្បី​លក់​ផ្គត់ផ្គង់​ជីវភាព​។

លោក​ ស៊ូ គា ឱ្យដឹងថា លោក​បាន​ចាប់​យក​របរ​ចម្រាញ់​ប្រេង​ពី​ស្លឹក​ប្រចាក់ អស់​រយៈពេល​ជាង​ ១០​ ឆ្នាំ​មកហើយ ទោះយ៉ាងណា លោក​កំពុង​បន្ត​របរ​ចម្រាញ់​ប្រេង​ពី​ស្លឹក​ប្រចាក់​រហូត​មកដល់​បច្ចុប្បន្ន​។ ប៉ុន្តែ​លោក​ក៏បាន​ត្អូញត្អែរ​ថា ដើម​ប្រចាក់​នឹង​អាច​កាន់តែ​ខ្សត់​ទៅៗ ព្រោះ​តែមាន​អ្នក​ចម្រាញ់​យក​ប្រេង​ពី​ស្លឹក​ប្រចាក់ ចេះតែ​កើនឡើង​ច្រើន​។ ហេតុ​ដូច្នេះហើយ ទើប​មាន​តម្រូវការ​រក​កាប់​ដើម​ប្រចាក់​ក៏​ច្រើន​ដែរ​។

របរ​ចម្រាញ់​ប្រេង​នេះ បើ​គេ​ប្រៀបធៀប​ទៅនឹង​របរ​ធ្វើស្រែ គឺ​របរ​ចម្រាញ់​ប្រេង​គ្រាន់បើ​ជាង​។ ព្រោះ​បើ​ធ្វើ​ស្រូវ​ក្នុង​ ១ ​រដូវ និង​លក់​ស្រូវ​ចេញ​ទៅ​វិញ បាន​មិន​ដល់​ ១​ ពាន់​ដុល្លារ​ផង ក្នុង ​១​ ហិកតា ប៉ុន្តែ​បើ​ចម្រាញ់​ប្រេង​ប្រចាក់ លក់​បាន​ពី​ ១ ៥០០ ​ដុល្លារ ទៅ ២ ០០០​ ដុល្លារ ក្នុង ១​ ហិកតា ​(១ ​រដូវ​ដូចគ្នា​)​។ នេះ​បើតាម​លោក​ ស៊ូ គា ​។

លោក​និយាយ​ថា​៖ «​ដោយសារ​របរ​ចម្រាញ់​ប្រេង​នេះ​មាន​ចំនួន​អ្នកធ្វើ​កាន់តែ​កើនឡើងៗ​បែបនេះ ក៏​ធ្វើឱ្យ​ដើម​ប្រចាក់​ខ្សត់​ដែរ​។ អ្នក​ដែល​គេ​មាន​ដី​ ២-៣ ​ហិកតា គេ​ដាំ​ប្រចាក់​មិនបាច់​ទៅ​ម៉ៅ​ដើម​ប្រចាក់​គេ​ទេ តែបើ​គ្នា​មាន​ដី​ត្រឹម​កន្លះ​ហិកតា គឺ​ផ្គត់ផ្គង់​មិន​គ្រប់​ទេ​។ អ្នកខ្លះ​កំពុង​រាន​ដីស្រែ ប្តូរ​មក​ដាំ​ដើម​ប្រចាក់​ជំនួស​ការធ្វើ​ស្រែ​វិញ​។ ព្រោះ​ទី​ ១​ ស្រូវ​ក៏​វា​ថោក ហើយ​ទី​ ២​ ទៀត​យើង​ជួល​គេ​ភ្ជួរ​រាស់ ក៏​វា​ថ្លៃ​ដែរ បច្ចុប្បន្ននេះ​គេ​លែង​ចង់​ធ្វើស្រែ​អស់ហើយ​»​។

បើតាម​លោក​ ស៊ូ គា ដើម​ប្រចាក់ អាច​មាន​កម្ពស់​ពី​ត្រឹម​ចង្កេះ​មនុស្ស​ចាស់ ​(​ដុះ​តាម​ធម្មជាតិ​) ប៉ុន្តែ​ដោយសារ​មាន​តម្រូវការ​ច្រើន ដូច្នេះ​គេ​មិន​ទុក​ឱ្យ​ខ្ពស់​ទេ​។ វា​ដុះ​បាន​ត្រឹម​ចង្កេះ ឬ​ត្រឹម​ទ្រូង​មនុស្ស​ចាស់ គេ​ច្រូត​ស្លឹក​វា​ទៅ​ចម្រាញ់​យក​ប្រេង​លក់​។ ចំពោះ​តម្លៃ​ប្រេង​ប្រចាក់​វិញ មាន​ឈ្មួញ​កណ្តាល ដែល​ជា​ជនជាតិ​ខ្មែរ​មក​ចាំ​ទិញ​ដល់​ផ្ទះ​តែម្តង ដោយ​ក្នុង​ ១​ គីឡូក្រាម គេ​ឱ្យ​តម្លៃ​ ១៥ ​ម៉ឺន​រៀល​ឯណោះ​។ ប៉ុន្តែ​ក្រោយ​ជំងឺ​កូវីដ​ស្ងប់ ឈ្មួញ​ឱ្យ​តម្លៃ​តែ​ ៧០ ០០០-៧៥ ០០០​ រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​គីឡូក្រាម និង​បន្ត​រហូតមក​ដល់ពេលនេះ​។ ម្យ៉ាង​បច្ចុប្បន្ន ដោយសារ​តែ​ម្នាក់ៗ​ពិបាក​រក​ស្លឹក​ប្រចាក់​ពេក នៅពេល​នេះ អ្នកភូមិ​ណា​ដែល​មាន​ដីស្រែ គឺ​គាត់​ចាប់ផ្តើម​ដាំ​ដើម​ប្រចាក់​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។

មិន​ខុសពី​អ្នក​ភូមិ​សំឡី​ខាងត្បូង​ទេ អ្នកភូមិ​សំឡី​ខាងជើង ក៏​ប្រកប​មុខរបរ​នេះដែរ ដូចជា​លោក​ សុខ សាវន់ ដែល​រស់នៅ​ភូមិ​សំឡី​ខាង​ជើង រៀបរាប់​ថា បច្ចុប្បន្ន អ្នករស់នៅ​ក្នុង​ភូមិ​សំឡី​ខាងជើង ភាគច្រើន​បាន​យក​ដី​ដែល​ធ្លាប់​ធ្វើស្រែ មក​ដាំ​ដើម​ប្រចាក់​ជំនួស​ស្រូវ​វិញ​។ មូលហេតុ​ដោយសារ​ធ្វើស្រែ​ក្នុង ​១ ​រដូវ​បាន​ផល​ស្រូវ​តែ ​៣-៤ ​តោន​ប៉ុណ្ណោះ ហើយ​នេះ​ប្រើ​ជីគីមី​បំប៉ន​ផង​។

រីឯ​ការដាំ​ដើម​ប្រចាក់​វិញ ប្រើពេល​តែ​ ៣-៤​ ខែ ដើម​ប្រចាក់​នឹង​ផ្តល់​ផល​មកវិញ ក្នុង ​១ ​ហិកតា ពី​ ១ ៥០០-២ ០០០ ​ដុល្លារ​។ ប៉ុន្តែ​បើ​មិន​ចង់​ចម្រាញ់​យក​ប្រេង​ទេ ប្រជាពលរដ្ឋ​អាច​លក់​ឱ្យ​ទៅ​អ្នកស្រុក​គ្នាឯង​បាន​ពី​ ៦០​ ម៉ឺន ទៅ​ ១​ លាន​រៀល​ដែរ ក្នុង​ ១ ​ហិកតា​។ ប៉ុន្តែ​បើ​ពលរដ្ឋ​មាន​ចម្ការ​ប្រចាក់ ហើយ​ចម្រាញ់​ប្រេង​ខ្លួនឯង​ទៀត គឺ​ក្នុង​ ១ ​រដូវ​ (៥-៦​ ខែ​) ​អាច​រកចំណូល​បាន​ពី​ ១០ ទៅ ១២​ លាន​រៀល​ឯណោះ គឺ​ទទួល​ផល​បាន​ខ្ពស់​ជាង​ស្រូវ​។

លោក​ឱ្យ​ដឹងថា គ្រួសារ​របស់​លោក​មាន​ដីស្រែ​ ៣​ ហិកតា ហើយ​លោក​ដាំ​ដើម​ប្រចាក់​ទាំងអស់ ដើម្បី​យក​ស្លឹក​មក​ចម្រាញ់​ជា​ប្រេង​លក់​។ វិធី​ចម្រាញ់​ប្រេង​ប្រចាក់ គេ​ត្រូវការ​តែ​ស្លឹក​ចាស់ៗ​ទេ ព្រោះ​ស្លឹក​ចាស់​ចម្រាញ់​ទៅ​ជា​ប្រេង​បានល្អ តែបើ​ស្លឹក​ខ្ចី​វិញ​ចម្រាញ់​ប្រេង​មិនបាន​ល្អ​ទេ គឺ​គុណភាព​វា​ស្រាល​។ ក្នុង​ស្លឹក​ប្រចាក់​ចំនួន ​៦ ​ការុង ​(​បេ​) គេ​អាច​ចម្រាញ់​ប្រេង​បាន​ជិត ​២ ​លីត្រ និង​ប្រើពេល ៤-៥ ​ម៉ោង​។

ចំពោះ​ផលប្រយោជន៍​របស់​ប្រចាក់ គឺ​គេ​យក​ទៅ​ធ្វើជា​ប្រេងខ្យល់ ឬ​យក​ទៅ​ផ្សំ​ធ្វើជា​ឱសថ​ផ្សេងៗ​ទៀត ជាពិសេស បើ​មាន​គ្រោះថ្នាក់​មុត​ដៃ​-​ជើង​ចេញ​ឈាម គ្រាន់តែ​យក​ប្រេង​ប្រចាក់​ទៅ​លាប​លើ​មុខ​របួស​បាត់​ចេញ​ឈាម​ភ្លាម និង​ថ្លោះ​គ្រេច ក៏​ពូកែ​ដែរ​។

លោក​ប្រាប់​ថា​៖ «​បើ​យើង​ធ្វើ​របរ​នេះ​អត់​សូវ​ខ្វះខាត​លុយកាក់​ទេ យើង​មាន​លុយ​គ្រាន់​ដោះស្រាយ​ជីវភាព​រហូត​។ បច្ចុប្បន្ននេះ បើតាម​ខ្ញុំ​ដឹង គឺ​អ្នកស្រុក​សំឡី​ខាងជើង​ស្ទើរតែ​ ១ ​ភូមិ គេ​ចង់​ឈប់​ធ្វើ​ស្រែ​ហើយ ព្រោះ​គេ​ចម្រាញ់​ប្រេង​ប្រចាក់​រកចំណូល​បាន​ជាង​ធ្វើស្រែ​»​។

បើតាម​លោក​ សុខ សាវន់ ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ល្អ ហេតុ​ដូច្នេះ​ហើយ ទើប​អ្នកភូមិ​នាំគ្នា​សម្រុក​ដាំ​ដើម​ប្រចាក់​ឡើងវិញ ព្រោះ​ដើម​ប្រចាក់​នេះ​ងាយ​ស្រួល​ដាំ​ណាស់ ប្រៀប​ដូចជា​ដាំ​ដើម​ដំឡូងមី​ដែរ ដោយ​គ្រាន់តែ​កាប់​យក​គល់​វា​ទៅ​ដោត​ក្នុង​ដី វា​ដុះ​ហើយ​។ ការ​ដុះ​ចេញ​ស្លឹក​អាច​ចាប់ពី​រយៈពេល​ ៣​ ខែ ទៅ​ ១ ​ឆ្នាំ តែបើ​គេ​ចង់ឱ្យ​ដើម​វា​ឆាប់​ចេញ​ស្លឹក ក៏​គេ​អាច​បាច​ជី​ដូចជា​ស្រូវ​ដែរ​។

លោក​ ភិន ចន្ថា មេឃុំ​សំឡី ស្រុក​កំពង់រោទ៍ ឱ្យ​ដឹងថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​រស់នៅក្នុង​ភូមិ​សំឡី​ខាងត្បូង និង​ភូមិ​សំឡី​ខាងជើង បាន​នាំគ្នា​ប្រកបរបរ​ចម្រាញ់​ប្រេង​ប្រចាក់​លក់​។ ដោយសារ​របរ​មួយ​នេះ​ទទួល​បាន​ចំណូល​ច្រើន​ជាង​ធ្វើស្រែ​រហូត​មាន​អ្នកភូមិ​ខ្លះ​បាន​បោះបង់​ចោលការ​ធ្វើស្រែ ហើយ​យក​ដី​ដែល​ធ្លាប់​ធ្វើ​ស្រែ​ទៅ​ដាំ​ដើម​ប្រចាក់​វិញ​។ ដីស្រែ​របស់​គាត់ ក្នុង​ ១​ ហិកតា ដែល​ពីមុន​គេ​ទិញ​ថ្លៃ​ ៤ ​ពាន់​ដុល្លារ សម្រាប់​ពេលនេះ​គាត់​លែង​លក់​ហើយ បើទោះ​ជា​ឱ្យ​គាត់ ​១ ​ម៉ឺន​ដុល្លារ​ក៏ដោយ ក៏​គាត់​មិន​លក់​ដែរ​។

លោក​ថ្លែងថា​៖ «​បើ​និយាយ​ពី​រឿង​ជីវភាព​វិញ គឺ​គាត់​មាន​ជីវភាព​ល្អប្រសើរ​ខ្លាំង​ជាង​កាលពី​ធ្វើស្រែ​ទៅទៀត​។ ពីមុន កាលពី​ធ្វើស្រែ​មិនបាន គាត់​ចង់​លក់​ដីស្រែ តែ​ដល់​ពេល​ផ្អើល​ធ្វើ​ប្រេង​ប្រចាក់​បាន គាត់​ក៏​ឈប់​លក់​ដីស្រែ​វិញ​»៕