ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កែ​តម្រូវ​ព័ត៌មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយ​ប្តូរ​ពី​ថ្ងៃទី ៤ ខែ​មេសា ឆ្នាំ ១៩៥១ ទៅ​ថ្ងៃទី ៥ ខែ​សីហា ឆ្នាំ ១៩៥២ នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

លោក​បាន​ថ្លែង​ក្នុង​ឱកាស​ប្តូរ​ព័ត៌មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ​នា​ថ្ងៃទី ២០ ខែ​តុលា​ថា ការ​កែ​តម្រូវ​នេះ គឺ​មិនមែន​ជា​ឈុត​ឆាក​ដើម្បី​បង្ហាញ​ជូន​ប្រជាពលរដ្ឋ ឬ​ជនបរទេស​អំពី​របៀប​ដំណើរការ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​នោះ​ដែរ។ នេះ​មិនមែន​ជា​ទីកន្លែង​មួយ​ដែល​សម្រាប់​តែ​នាយក​រដ្ឋមន្ត្រី​ចុះ​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ស្ថានភាព​បែប​នេះគឺ​មាន​គ្រប់​ទីកន្លែង។

លោក​ថ្លែង​ថា៖ «ថ្ងៃ​នេះ​ខ្ញុំ​បាន​មក​ចុះ​ឈ្មោះ​កែ​តម្រូវ​នូវ​អាយុ​កំណើត​ពិត​ប្រាកដ​របស់​ខ្ញុំ។ ខ្ញុំ​អរគុណ​ចំពោះ​តុលាការ ដែល​បាន​ចេញ​សាល​ដីកា​សម្រាប់​ការ​កែ​សម្រួល​នោះ ដោយ​ខ្ញុំ​បាន​កែ​អស់​ហើយ​នូវ​អត្រានុកូលដ្ឋាន ឬ​ក៏​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត លើកលែង​តែ​ករណី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តែ​ប៉ុណ្ណោះ ដែល​ខ្ញុំ​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​នេះ​ឱ្យ​ចប់​ចុង​ចប់​ដើម បើ​ទោះ​បី​ជា​យើង​មាន​ឋានៈ​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ច្បាប់​ គឺ​ជា​ច្បាប់ ដែល​ត្រូវ​តែ​មាន​ការ​គោរព​ឱ្យ​បាន​ហ្មត់ចត់»។

​លោក​បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​ចុះ​ឈ្មោះ​​ឆ្នោត​ដើម្បី​​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​គឺ​ការ​ជ្រើស​រើស​អ្នក​ដឹក​នាំរ​របស់​ខ្លួន​។ ​ការ​ចុះឈ្មោះ​គឺធ្វើ​ឡើង​ដោយ​ភាព​ហ្មត់ចត់​បំផុត​ ហើយ​មិនមែន​គ្រាន់​តែ​ធ្វើកា​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​ដែល​ដល់​អាយុ​បោះឆ្នោត​ទេ​។ ប៉ុន្តែ​អ្នក​ដ​ទៃ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ក៏​ត្រូវ​តែ​ចុះឈ្មោះ ​ឬ​ក៏​ចង់​ផ្លាស់​ប្តូរ​ទីលំ​នៅ​ ឬ​ចង់​កែ​តម្រូវ​ក៏​អាច​ប្រើប្រាស់​ពេល​វេលា​នេះ ​ដែល​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​រៀបចំ​ក្នុង​រយៈ​ពេល​៥០​ថ្ងៃ​ ដែល​ជា​ពេល​ល្មម​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ពលរដ្ឋ​ធ្វើការ​ចុះឈ្មោះ ​និង​អាច​ធ្វើ​ការ​ផ្ទេរ​ពី​កន្លែង​មួយ​ទៅកាន់​កន្លែង​មួយ​។​​

​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​អំពាវ​ចំពោះ​ប្រជា​ពលរដ្ឋ​របស់​យើង​ដើម្បី​ចូលរួម​ជាមួយ​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត​ផង ​ជា​មួយ​នឹង​ការ​ដែល​ត្រូវ​ផ្ទេរ​ឈ្មោះ​ទៅកាន់​ទីតាំង​ដែល​ខ្លួន​ត្រូវ​បោះ​ឆ្នោត​»​។​

​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោ​ត ​បាន​ប្រកាស​ជា​សាធារណៈ​ កាល​ពី​ថ្ងៃទី​១៩ ​ខែ​តុលា ស្ដីអំ​ពី​ការបើក​ដំណើរ​ការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោ​ត​ឆ្នាំ​២០២២​ មាន​រយៈ​ពេល​៥០​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី​២០​ ខែ​តុលា​ ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ​ឆ្នាំ​២០២២​។ ​ដំណើរ​ការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២​ ធ្វើ​នៅ​តាម​សាលា​ឃុំ ​សង្កាត់​ និង​ទីតាំង​មួយ​ចំនួន​ក្នុង​ឃុំ ​សង្កាត់​។​

​លោក​នាយក​រដ្ឋ​មន្ត្រី​ ថ្លែង​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​អនុវត្ត​ដោយ​ហ្មត់ចត់​បំផុត​នូវ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​ដោយ​ទៀង​ទាត់​បំផុត​ ដែល​ពាក្យ​ទៀង​ទាត់​នេះ​លោក​សំដៅ​ដល់​ការ​បញ្ជាក់​អំពី​ការចង​របស់​រដ្ឋ​ធម្មនុញ្ញ​ដែល​មិន​អនុញ្ញាត​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​រំលាយ​សភា​នោះទេ​ ដូច​ករណី​ដែល​ទើប​តែ​បាន​កើត​ក្នុង​រយៈ​២​សប្តាហ៍​មុន​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​ដែល​នាយ​ក​រ​ដ្ឋ​មន្ត្រី​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​ហើយ​អនុញ្ញាត​ឱ្យ​រំលាយ​សភា ​និង​បោះ​ឆ្នោត​មុន​អាណត្តិ​។​

​លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​៖ «​មូល​ហេតុ​គឺ​សូម​បញ្ជាក់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​បាន​បញ្ជាក់​ជំពូក​ទាក់​ទិន​ជា​មួយ​នឹ​ង​សភា​។​ សភា​មាន​នីតិ​កាល​៥​ឆ្នាំ​។​ សភា​មិន​អាច​រំលាយ​មុន​អាណត្តិ​បាន​ទេ លើក​លែង​តែ​សភា​រំលាយ​រដ្ឋាភិ​បាល​២​ដង​ក្នុង​រយៈ​ពេល​១២​ខែ​។​ ចំណុច​នោះ​ហើយ​ដែល​បញ្ជាក់​ថា នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​គ្មាន​សិទ្ធិ​ដូច​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ដទៃ​ដែល​រំលាយ​សភា​មុន​អាណត្តិ​នៅ​ពេល​ដែល​ឃើញ​ថា​គណ​បក្ស​របស់​ខ្លួន​មាន​ប្រៀប​គឺ​បែរ​ជា​រំលាយ​សភា ​ប៉ុន្តែ​កម្ពុជា​គឺ​អត់​ដូ​ច្នោះ​»​៕