​ភ្នំពេញៈ​ ​មន្ត្រី​រដ្ឋាភិ​បាល ​សង្គម​ស៊ី​វិ​ល សហ​ជីព វិស័យ​ឯក​ជន​ជាង​ ៥០ ​នាក់​ បាន​ជួប​សន្ទ​នា​គ្នា​កាល​ពី​ថ្ងៃទី​ ២០ តុលា​ ជុំវិញ​ផលប្រ​យោជន៍​និង​កត្តា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី (FTA)​ ជា​អ្វីដែល​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​ហាក់​មិន​មាន​ផល​ប្រយោជន៍​ដល់​អ្នក​ប្រកប​របរ​កសិកម្ម​ខ្នាត​តូច​ ខណៈ​មន្ត្រី​រដ្ឋាភិ​បាល​អះអាង​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​មាន​សារៈ​សំខាន់​ក្នុង​ការ​ទាក់​ទាញ​វិនិយោ​គិន​ឱ្យ​ចូល​មក​ក្នុង​ប្រទេស​។​

​កិច្ច​សន្ទនា​រវាង​អង្គការ​សង្គម​ស៊ីវិល​ និង​រាជរដ្ឋាភិ​បាល​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នៅ​កម្ពុជា ​គឺ​ធ្វើឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​រវាង​ដៃគូ​ពាក់​ពាក់​ព័ន្ធ​ដើម្បី​ជា​ប្រយោ​ជន៍​ឱ្យ​កិច្ច​ព្រម​ព្រៀង​នេះ​កាន់​តែ​រួម​ចំណែក​ដល់​សេដ្ឋ​កិច្ច​កម្ពុជា​។​

​អង្គ​ការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា​បាន​ឱ្យដឹង​ថា កិច្ច​សន្ទនា​នេះក៏​ជា​វេទិកា​ដែល​អ្នក​ស្រា​វជ្រា​វនិង​ក្រុម​អ្នក​ទទួល​ផល​ពី​ FTA បាន​ពិភាក្សា​គ្នា ដើម្បី​ផ្ដល់​ជា​ធាតុ​ចូល​ធ្វើ​ឱ្យ​កិច្ចព្រម​ព្រៀង​ទ្វេ​ភាគី​មួយ​នេះ​កាន់​តែ​មាន​ប្រ​យោជន៍​ដល់​កម្ពុជា​។

​អង្គការ​នេះបាន​បញ្ជាក់​ថា ​«​កិច្ចសន្ទ​នា​ផ្នែក​គោល​នយោ​បាយ​របស់​សង្គម​ស៊ីវិល​ទៅ​លើកិ​ច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ជំហាន​ទី​២ គឺជា​គម្រោង​ដែល​អង្គ​ការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា​ទទួល​បាន​មូលនិ​ធិ​ជំនួយ​ដោយ BMZ បាន​បង្កើត​ឡើង​ដើម្បី​បាន​អនុវត្ត​សកម្ម​ភាព​ចម្បងៗ​មួយ​ចំនួ​ន រួម​មាន​ ការ​វិភាគ​គោលន​យោបា​យ​សង្ខេប ​Policy Brief ការ​បណ្តុះ​បណ្តាល​បង្កើន​ការ​យល់​ដឹង​ទៅ​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដល់​ក្រុម​គោលដៅ​ជា​សហ​ជីព ​អង្គការ​សង្គម​ស៊ីវិល ​យុវជន និង​ប្រជា​ពលរដ្ឋ​ទូទៅ ជា​ពិសេស​កសិករ ​»​។

​កិច្ច​សន្ទនា​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​នឹង​រៀន​សូត្រ​ក៏ដូច​ជា ​ការចែក​រំលែក​ចំណេះ​ដឹង​ទាក់​ទង​នឹង​ភាព​សេរី​ និង​ភាព​ត្រឹម​ត្រូវ​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ក្នុង​ន័យ​ផ្តល់​ចំណេះ​ដឹង​និង​ការ​វិវត្ត​ចុង​ក្រោយ​នៃកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​។ នេះ​បើតា​ម​អះ​អាង​របស់​អង្គ​ការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា ។​

​លោក​ ហុក ​សុទ្ធា អនុ​ប្រធាន​នាយក​ដ្ឋាន​អាស៊ី​ប៉ាស៊ី​ហ្វិក​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​ FTA គឺជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម្រាប់​កម្ពុជា ​ការ​ដែល​បង្កើត​ឱ្យមាន​កិច្ច​ព្រម​ព្រៀង​នេះ​ឡើង​ជាមួយ​បណ្តា​ប្រទេស​ដទៃ​គឺ​ដើម្បី​ទាញ​វិនិយោ​គិ​ន​មក​​វិនិ​យោគ​នៅ​ក្នុង​ប្រទេស​ក្នុ​ងពេល​ដែល​កម្ពុជាមិន​ទាន់មា​ន​លទ្ធភាព​ក្នុ​ង​ការ​ផលិត និង​បង្កើត​ដោយ​ខ្លួន​ឯង​។

​លោក​បាន​បញ្ជាក់​ថា​៖ «​នៅ​និយាយ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​យើង​មាន​បងប្អូន​យើង​ភាគច្រើន​គាត់​សួរ​ថា យើង​មិន​មាន​ឱកាស​ចំណេញ​នៅក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​។ ប៉ុន្តែ អ្នកជំ​នាញ និង​ក្រសួង​បាន​និយាយ​ថា បើ​គ្មាន​ផល​ចំណេញ កម្ពុជា​មិន​ខំ​ធ្វើ FTA ​ទេ​។ បើ​សិន​ជា​គិត​តែ​ប្រទេស​កម្ពុជា​យើង​មាន​ទំហំ​តែ ១៦​ លាន​នាក់​ទេ តើ​មាន​បណ្តា​ប្រទេស​ផ្សេងៗ ​អ្នក​វិនិ​យោគ​ហ្នឹង​គេ​មក​វិនិ​យោគ​នៅ​យើង​អត់​?»​។​

​លោក​បាន​បន្ត​ថា៖ «​តើ​គេ​នឹង​បោះ​ទុនវិនិ​យោគ​មក​កម្ពុជា​ដែរ​អត់ បើ​គ្រាន់តែ​សម្រាប់​លក់​ឱ្យ​កម្ពុជា​យើង​។ ផ្ទុយ​ទៅវិញ គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ប្រទេស​កម្ពុជា​យើង​ ធ្វើ FTA នេះ​ជា​មួយ​អាស៊ាន​ ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត ​គឺមាន​ទីផ្សារ​ធំ​។កាល​ណា​យើង​មានFTAនេះ ​ផលិ​តផល​របស់​យើង​នាំ​ចេញ​ទៅ​ប្រទេស​ដៃគូគឺ​មិន​ជាប់​ពន្ធ​ដែល​នឹង​ទាក់​ទាញ​អ្នក​វិនិ​យោគ​មក​បោះ​ទុន​នៅ​កម្ពុជា​យើង​»​។​

​យ៉ាង​ណាក្ដី​ លោក ប៉ែន សូ​នី នាយក​ FAEP បាន​លើក​ឡើង​ថា បើទោះ​ជា​កិច្ច​ព្រម​ព្រៀង ​FTA ពិត​ជា​មាន​សារ​ប្រយោជ​ន៍​ដល់​កម្ពុជា ប៉ុន្តែ​តាម​ការ​ស្រាវ​ជ្រាវ​ជា​ក់​ស្តែង​របស់FAEPជាមួយ​ប្រជា​កសិករ​ក្នុង​វិស័យ​កសិ​កម្ម​ខ្នាត​តូច បាន​បង្ហាញ​ថា FTAគឺ​មិន​បាន​ផ្តល់​ផល​ដល់​ប្រជា​កសិក​រ​នោះទេ​។ ជា​មួយ​នឹង​ការ​រក​ឃើញ​នេះ លោក រំ​ពឹងថា រដ្ឋាភិ​បាល ​និង​ក្រសួង​ពាក់​ព័ន្ធ គួរតែ​ចូល​រួម​អន្ត​រាគមន៍​ និង​សិក្សា​បន្ថែម​ទៀត​ពី​កិច្ច​ព្រម​ព្រៀង​នេះដើម្បី​ធ្វើយ៉ាងណា​​ឱ្យ​ផល​ប្រយោជ​ន៍​ដែល​ទទួល​បា​នគឺ​បាន​ចូល​ដល់​ប្រជាក​សិករ​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​ហានិ​ភ័យ​នៃ​កង្វះ​ទីផ្សារ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​បើ​យើង​មើល​ក្នុង​ប្រព័ន្ធ ​FTA ​នេះវា​ធ្វើឱ្យ​កសិករ​យើង​ស្មុគ​ស្មាញ​ពិបាក​ណាស់ មិន​អាច​ធ្វើ​ទៅ​តាម​បាន​ទេដែ​ល​អាច​នាំ​ចូល​ក្នុង​ទីផ្សារ​​។ ខ្ញុំ​សុំ​ស្នើឱ្យ​ក្រសួង​ពាណិជ្ជ​កម្ម​ហ្នឹង​សូម​ពិនិត្យ​ទទួលយ​ក​គំនិត​មតិយោ​បល់​ប្រជា​កសិករ​យើង​ឱ្យបាន​ច្រើន មុននឹ​ង​យើង​ចាប់​ផ្តើម​កិច្ច​ព្រម​ព្រៀង FTA​ ជា​មួយ​ប្រទេស​ដទៃ​»​។​

​ក៏ប៉ុ​ន្តែលោក ​ហុក សុទ្ធា បាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​ជាប​ច្ចុប្បន្ន ​FTA មិនទាន់​ផ្តល់​ផល​ធំធេង​ដល់​ប្រជាកសិ​ករ​ប្រកប​របរ​ក្នុង​វិស័យ​កសិកម្ម​ខ្នាញ​តូច​ក៏ដោយ ​ក៏ FTA បាន​បង្កើន​ឱ្យមាន​ទំហំ​ទីផ្សារ​សម្រាប់​កម្ពុជា​កាន់​តែ​ធំ​ផង​ដែរ​។

​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរីឬ​​ហៅថា ​FTA គឺជា​កិច្ចព្រ​មព្រៀង​​លើកលែ​ង​ពន្ធអា​ករទៅវិញ​ទៅមក​រវាង​ប្រទេ​សមួយ និង​ប្រទេស​មួយ​ទៀត ​លើ​ផលិត​ផល​ដែល​បាន​ព្រម​ព្រៀង​គ្នា​។ ចំណែក RCEP គឺជា​កិច្ច​ព្រមព្រៀ​ង​ដោះដូ​រ​ពាណិជ្ជ​កម្ម​សេរីដែ​លមាន​សមាជិក​សរុប​ចំនួន ​១៥ ​ប្រទេស​ រួមមាន​ សមាជិក​អាស៊ា​ន​ទាំង​ ១០ ​ប្រទេស​ និង​ប្រទេស​ជា​ដៃគូ​អាស៊ាន​ទាំង​ ៥ គឺ​ចិន ជ​ប៉ុន កូ​រ៉េខាង​ត្បូង អូ​ស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។

​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​កិច្ចគ្រប់​ជ្រុងជ្រោ​យ​ក្នុង​តំបន់ (RCEP) បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី​ ១ ​ខែមករា ​ឆ្នាំ​ ២០២១ ​ដែល​រដ្ឋាភិបា​ល​ធ្លាប់បា​ន​អះអាង​ថា កិច្ច​ព្រម​ព្រៀម​ទាំង​ ២​ នេះ នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​ពាណិជ្ជ​កម្ម ទំ​និញ សេ​វាកម្ម និង​វិនិយោគ ​កាន់តែ​ធំ​ជាង​មុន ជាពិ​សេស​ផ្តល់​ទីផ្សារ​បន្ថែម​លើ​មុខ​ទំនិញ​ថ្មី​​រាប់​រយ​មុខ​បន្ថែម​ទៀត សម្រាប់​ការនាំ​ចេញពី​កម្ពុ​ជា​៕