
រថយន្តទំនើប ១ គ្រឿង បំពាក់ស្លាកលេខពិសេស នៅភ្នំពេញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្នុងរយៈពេល ៦ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០១៦-២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះលេខបញ្ជីរថយន្តពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបានជាង ២២ ម៉ឺនលេខ ដោយទទួលបានចំណូលជាង ៨២ លានដុល្លារអាមេរិក ចូលថវិកាជាតិ។
យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ចាប់ពីខែកញ្ញា ឆ្នាំ ២០១៦ ដល់ខែកញ្ញា ឆ្នាំ ២០២២ នេះ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បាន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុបចំនួន ៨២ ៤១៨ ១២៥ ដុល្លារអាមេរិក។ ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញា ឆ្នាំ ២០២២ ទទួលបានចំណូលថវិកា ជាង ១៥ លានដុល្លារ មានការកើនឡើងប្រមាណ ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
ក្នុងកិច្ចប្រជុំពិភាក្សាប្រចាំខែកញ្ញា ឆ្នាំ ២០២២ ស្ដីពីវឌ្ឍនភាព នៃការលក់លេខចុះបញ្ជីរថយន្ត កាលពីថ្ងៃទី ១៨ ខែតុលា លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តបានថ្លែងថា ចំណូលពីការលក់លេខចុះបញ្ជីពិសេសនេះ ត្រូវបានចាត់ចូលជាថវិកាជាតិ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។
លោកស្រីបញ្ជក់ថា ក្រសួងតែងតែជំរុញការលក់លេខចុះបញ្ជីរថយន្តឱ្យកាន់តែមានប្រសិទ្ធភាព សំដៅប្រមូលចំណូលជាតិឱ្យបានច្រើនថែមទៀត តាមរយៈការរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារលក់លេខចុះបញ្ជីរថយន្ត និងបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តលក់លេខពិសេសទាំងនេះ ដើម្បីមានវិធានការដោះស្រាយ។
ក្នុងកិច្ចប្រជុំនោះដែរ មន្រ្តីពាក់ព័ន្ធ បានដាក់ទិសដៅការងារបន្ត ដែលក្នុងនោះ រួមមាន ការសិក្សាតម្លៃ លេខចុះបញ្ជីរថយន្ត ការស្ទង់មតិប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ការផ្ដល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ ឆ្នាំ (ឆ្នាំ ២០២០-២០២៣) ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការចុះបញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន។
លោក គង់ រតនៈ អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្លាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជារួមការប្រើប្រាស់នូវស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួននេះ គឺមិនមានផលអវិជ្ជមានណាមួយនោះទេ ព្រោះវាក៏បានចូលរួមបង្ហាញពីអត្តសញ្ញាណរបស់កម្ពុជា។ បន្ថែមពីនេះ លោកលើកឡើងថា ការប្រើប្រាស់ស្លាកលេខទាំងនេះ ក៏បានចូលរួមផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ ដែលមានសិទ្ធិជ្រើសរើសទៅតាមលទ្ធភាពរបស់ពួកគេ ហើយវាក៏បង្កើតចំណូលសម្រាប់រដ្ឋាភិបាល ដែលកន្លងមក ក្រសួងបានប្រកាសពីការទទួលបានចំណូលច្រើនពីការលក់ស្លាកលេខនេះ។
ប៉ុន្តែលោកបានថ្លែងថា៖ «បើមើល ១ ជ្រុងទៀត សម្រាប់ប្រទេសកម្ពុជាយើង ខ្ញុំគិតថា យើងនៅតែប្រឈមអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ តែវាមិនពាក់ព័ន្ធអ្វីនឹងរឿងស្លាកលេខទេ។ ប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងឥរិយាបថរបស់អ្នកប្រើប្រាស់រថយន្តនេះ»។
ក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យដឹងថា ពលរដ្ឋអាចទិញស្លាកលេខពិសេសផ្ទាល់ខ្លួនក្នុងតម្លៃទាបបំផុតចាប់ពី ២ លានរៀលឡើងទៅ ហើយការជ្រើសយកលេខពិសេសដែលមានលេចតិច ឬខ្លី នឹងមានតម្លៃ ថ្លៃជាងលេខដែលមានលេខវែង ឬអក្សរវែង។ ជាមួយគ្នានេះ ក្រសួងបានកំណត់លេខ ឬអក្សរវែងបំផុតគឺត្រឹម ៨ ខ្ទង់ប៉ុណ្ណោះ៕