ភ្នំពេញៈ កម្ពុជា​ និង​ទី​ម័​រ​ខាង​កើត​ ចុះហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) ​ស្តីពី​ការធ្វើ​ពា​ណិ​ជ្ជក​ម្ម​អង្ករ​និង​កិច្ច​ព្រម​ព្រៀង​ស្តីពី​សេវា​កម្ម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​រវាង​រដ្ឋាភិ​បាល​នៃ​ប្រទេស​ទាំង ​២​ ក្រោម​វត្ត​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក ​ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា (Jose Ramos-​Horta) ប្រធា​នាធិ​បតី​ទី​ម័​រ​​ខាង​កើត​។

​ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​លោក​ ហ៊ុន ​សែន កាលពី​ថ្ងៃទី​ ២០ ​ខែតុលា​ មុន​​ពិធី​ចុះ MoU នេះ ​លោក​ Ramos បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ ហ៊ុន ​សែន​ និង​រាជរដ្ឋាភិ​បាល​កម្ពុជា ​ដែល​បាន​គាំទ្រ​ទី​ម័​រ​ខាង​កើត​ ជា​ពិសេស​លើ​វិស័យ​អភិវឌ្ឍន៍ ​វិស័យ​កសាង​ជាតិ ​វិស័យ​ស្ថិរ​ភាព​សង្គម ​និង​គាំទ្រ​សមាជិក​ភាព​របស់​ទី​ម័រ​ខាង​កើត​ទៅ​ក្នុង​សហ​គមន៍​អា​ស៊ាន ​ហើយ​ថ្មីៗ​នេះ​ទៀត​ក៏បាន​ជួយ​ទី​ម័​រ​ខាង​កើត​ក្នុង​ការ​ឧបត្ថម្ភ​នូវ​វ៉ាក់​សាំង​ការពារ​កូ​វីដ​ ១៩​ រួម​ជា​មួយ​នឹង​បរិក្ខារ​ពេទ្យ​ដទៃ​ទៀត​ផង​ដែរ​។​

​លោក ​អ៊ាង សុ​ផល្លែត ជំនួយ​ការ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយ​ជំនួប​នេះ​ថា​លោក​ Ramos​ ក៏បាន​ប្រាប់​លោក​ ហ៊ុន សែន ​ថា​ លោក​បាន​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ជាច្រើន​ដង​ហើយ​។

​លោក​បន្ត​ថា​ ជា​រៀង​រាល់​ដង​ដែល​លោក​ Ramos ​បាន​មក​កាន់​កម្ពុជា​លោក​បាន​សង្កេត​ឃើញ​ថា ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​។ ជា​មួយ​គ្នា​នេះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ២ កម្ពុជា​ និង​ទី​ម័​រ​ខាង​កើត​ ក៏មាន​ការរីក​ចម្រើន​ផង​ដែរ​។​

​លោក​ អ៊ាង ​សុ​ផល្លែត ថ្លែង​ថា​៖ «​ក្នុង​ន័យនេះ​ឯក​ឧត្តម​ក៏បាន​បញ្ជាក់​ជូន​សម្ដេច​តេ​ជោ​នូវ​បំណង​ចង់​ពង្រីក​ពង្រឹង​ចំណង​មិត្ត​ភាព​ ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់​តែខ្លាំង​ឡើង ​តាម​រយៈ​ឱ្យមាន​ការហោះ​ហើរ​ត្រង់​រវាង​ប្រ​ទេស​ទាំង ​២ ​ក៏​ដូចជា ​លើ​វិស័យ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ ២ ​ផង​ដែរ​»​។​

​ក្នុង​ជំនួប​នេះ​ លោក​ ហ៊ុន សែន​ បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ដល់​លោក ​Ramos ​ដែល​បាន​ជាប់​ឆ្នោត​ភ្លូក​ទឹក​ភ្លូកដី​បាន​កាន់​តំណែង​ជា​ប្រធានា​ធិ​បតី​ជា​លើក​ទី​២ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរ​គុណ​ដល់​លោក​ Ramos ​ដែល​បាន​វាយ​តម្លៃ​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ​២ ​ដែល​ឆ្នាំនេះ​ ជា​ខួប​លើក​ថ្ងៃ​ ២០ ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២​។ ជា​រៀង​ដរាប​មក​ទំនាក់​ទំនង​នេះ​បាន​កើន​ឡើង​ជា​លំដាប់​។​

​លោក ​អ៊ាង សុផល្លែត ថ្លែង​ថា​៖ «​សម្តេច​តេ​ជោ​ក៏បានសម្តែង​ការ​ស្វាគម​ន៍​ចំពោះ​ការហោះ​ហើរ​ត្រង់​រវាង​ទី​ម័​រ​ខាង​កើត​ និង​រាជា​ណា​ចក្រ​កម្ពុជា​។ ក្នុង​ន័យ​នេះ​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ​ការហោះ​ហើរ​ត្រង់​នេះ​នឹង​ចូល​រួម​ចំណែក​ពង្រីក​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​យើង​ទាំង ​២​»​។​

​លោក​បន្ថែម​ថា​៖ «​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជ​កម្ម​ដែល​ឯក​ឧត្តម​ Jose Ramos​ ចង់​ពង្រីក​រវាង​ប្រទេស​ទាំង​២​នេះ​ជា​ពិសេស​លើ​វិស័យ​កសិកម្ម​នោះ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ​គប្បី​ណា​មាន​អ្នក​វិនិយោគ​ទី​ម័​រ​ខាង​កើត​មក​វិនិយោគ​នៅ​កម្ពុជា​យើង​លើ​ម៉ាស៊ីន​កិន​ស្រូវ​ លើ​ម៉ាស៊ីន​ស​ម្ងួ​ត​ក៏ដូច​ជា​ ប្រព័ន្ធ​ទិញស្រូវ​អង្ករ​ពី​កម្ពុជា​យើង​ដើម្បី​ធ្វើ​ការ​ទិញកិន​ហើយ​ នាំ​ចេញ​ទៅ​ប្រទេស​ទីម័រ​ខាង​កើត​តែ​ម្ដង​។​

​លោក ​ហ៊ុន​ សែន ​បាន​ថ្លែង​ថា ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​បរទេស​វិនិយោគ ​១០០​ ភាគ​រយនៅ​កម្ពុជា ​ហើយ​នេះ​ជា​កត្តា​សំខាន់​សម្រាប់​អ្នក​វិនិ​យោគ​ទី​ម័​រ​ខាង​កើតម​កកាន់​កម្ពុជា​។ លោក ​ហ៊ុន ​សែន​ ក៏បាន​លើក​ទឹក​ចិត្ត​ធ្វើយ៉ាង​ណា​ឱ្យ​មាន​ការ​ជំរុញ​ការ​អនុវត្ត​នូវ​រាល់ MoU ទាំង​ឡាយណា​​ដែល​ប្រមុខ​រដ្ឋាភិ​បាល​ទាំង ២ ​បាន​ចុះហត្ថ​លេខា​ហើយ​ ហើយ​ក៏បាន​ស្នើ​សុំឱ្យ​មានការ​ពិនិត្យ​ និង​ជំរុញ​កិ​ច្ចសហប្រ​តិបត្តិការ​លើ​វិស័យ​អប់រំ​ក៏ដូចជា​វិស័យ​សន្តិសុ​ខ​ផង​ដែរ​។

​លោក Jose Ramos-Horta បាន​មក​ដល់​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​ ១៩​ ខែតុលា ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា រហូត​ដល់​ថ្ងៃទី ​២១ ខែ​តុលា​ តប​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហា​ក្សត្រកម្ពុជា​​។​

​លោក គិ​ន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​កម្ពុជា​និង​ទី​ម័​រ​ខាង​កើត​ជា​ប្រទេស ២​ ដែល​មាន​ប្រវត្តិ​សាស្ត្រ​ប្រហាក់​ប្រហែល​គ្នា​។ កន្លង​ម​កនេះ​ការគាំ​ទ្រ​គ្នា​ទៅ​វិញទៅ​មក​រវាង​ប្រទេស​ទាំង ​២ ​មាន​ស្ទើរ​តែ​គ្រប់​វេទិកា​តំបន់​ និង​អន្តរ​ជាតិ​។​

​លោក​ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា ​តាមរយៈ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​ទី​ម័​រ​ខាងកើត​មកកាន់​កម្ពុជា​នេះ ​គឺ​នឹងធ្វើឱ្យ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ទី​ ២ ​ហ្នឹង​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ហើយ​និង​ពិនិត្យ​មើល​នូវ​លទ្ធភា​ព​នៃ​ការធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​ប្រទេស​ទាំង ​២ ​ទៅ​លើ​វិស័យ​ពាណិជ្ជ​កម្ម​ក្តី លើ​វិស័យ​កសិកម្ម​ ការ​ដោះ​ដូរ​ខាង​វិស័យ​អប់រំ​»​។​

​លោក​បន្ត​ថា ​ប្រទេស​ទាំង​ ២​ មាន​មេរៀន​ប្រវត្តិ​សាស្ត្រ​សម្រាប់​ឱ្យ​គ្នា​ទៅវិ​ញ​ទៅ​មក​ក្នុងការ​ស្តារ​កសាង ​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ ហើយ​ជា​ប្រទេស ​២ ​ដែល​គាំទ្រ​យ៉ាង​មុតមាំ​ទៅលើ​គោល​ការណ៍​ពហុ​ភាគី​និយម​ ដ្បិត​អីជាប្រទេស​ ​តូច​ដូច​គ្នា​ដែល​ត្រូវ​ការ​កម្លាំង​សាមគ្គី​ភាព​ និង​ត្រូវ​យន្ដ​ការ​ពហុ​ភាគី​និយម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម​៕