ភ្នំពេញៈ ​អគ្គលេខា​ធិការដ្ឋាន​នៃគណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្ម​កម្ពុជា (គ.ល.ក) ​នៅថ្ងៃទី​ ២០ ​ខែ​តុលា​ បាន​ចេញ​​​សេចក្តីណែនាំ​ចំនួ​ន ​២ ស្តីពីការ​ធ្វើ​អាជីវកម្ម​ល្បែង​ផ្សង​សំណាង​នៅកម្ពុជា​របស់​ប្រតិ​បត្តិករ​ល្បែង​ផ្សងសំណាង និង​ការ​គ្រប់​គ្រង​ប្រតិបត្តិ​ការ​កាស៊ីណូ​ដើម្បី​ធានា​នូវ​ប្រសិទ្ធ​ភាព​នៃការ​អនុវត្ត​ច្បាប់​ស្តីពីការ​គ្រប់​គ្រងល្បែង​​ពាណិជ្ជ​កម្ម និង​ការ​ពារនូវ​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រតិបត្តិករ​ក្នុង​វិស័យ​នេះ​។ នេះ​បើតាម​សេចក្ដីណែនាំ។

យោង​តាម​សេចក្តី​ណែនាំ បាន​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ប្រសិទ្ធ​ភាព​នៃការ​អនុវត្ត​ច្បាប់ស្តី​ពីការគ្រប់​គ្រងល្បែង​ពា​ណិ​ជ្ជ​កម្ម និង​ដើម្បី​ការពារ នូវ​សិទ្ធិស្រប​ច្បាប់​របស់​ប្រតិបត្តិ​ករ​ល្បែង​ផ្សង​សំណាង អគ្គលេ​ខាធិការដ្ឋា​ននៃ​គណៈកម្ម​ការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ ស្តីពីការ​ធ្វើ​អាជីវកម្ម​ល្បែង​ផ្សងសំណាង​ នៅក្នុង​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​របស់​ប្រតិបត្តិ​ករ​ល្បែង​ផ្សង​សំណាង​នេះ។​

«សេចក្ដី​ណែនាំ​នេះ​ ក្នុង​គោល​បំណង​បង្ក្រាប​នូវរាល់​សកម្មភាព​និង​ទីតាំង​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់ និង​ដើម្បីលើក​កម្ពស់​វិស័យ​ល្បែង​ពាណិជ្ជ​កម្ម​ស្រប​ច្បាប់​»។

រា​ជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើ​ត​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុស​ច្បាប់គ្រប់​ប្រភេទ តាម​រយៈសេច​ក្តីសម្រេច​លេខ ៦២ សសរ ចុះថ្ងៃទី​ ១៦ ខែកញ្ញា ឆ្នាំ ២០២២ ដែល​ដឹកនាំ​ដោយ​រដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ និង​មាន​សមាស​ភាព​ចូល​រួមពី​ក្រសួង​ស្ថាប័​នពា​ក់ព័ន្ធ ក្នុងនោះ​ក៏មានសមាស​ភាពពីគ​ណៈកម្មការ​គ្រប់​គ្រងល្បែ​ងពាណិជ្ជ​កម្មកម្ពុជា​ផងដែ​រ។

នៅ​ក្នុង​ប្រតិបត្តិ​ការ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​នៅថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​អនុវត្តវិធាន​ការ​យ៉ាងតឹង​​រ៉ឹង​បង្ក្រាប​នូវ​រាល់​ការលេង​ល្បែង​ស៊ីសង​ខុស​ច្បាប់គ្រប់​ប្រភេទ និង​ទីតាំង​លេងល្បែង​ស៊ីសងខុស​ច្បាប់នា​នា ជាប​ន្តបន្ទាប់។ នេះ​បើតាម​ការ​បញ្ជាក់​ក្នុង​សេចក្ដី​ណែនាំ។

រីឯសេចក្ដី​ណែនាំ​ស្តីពីការ​គ្រប់​គ្រង​ប្រតិ​បត្តិការ​កាស៊ីណូ​វិញ គឺក្នុង​គោល​ដៅ​ធានាឱ្យ​ការធ្វើ​ប្រតិបត្តិការ​កាស៊ីណូ អាច​ប្រព្រឹត្ត​ទៅបាន​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ​នឹង​ការគ្រប់​គ្រង​ល្បែង​ពាណិជ្ជ​កម្ម។

តាម​រយៈ​សេចក្ដី​ណែនាំ​នេះ អគ្គ​លេខាធិ​កា​រ​ដ្ឋាន​នៃ គ.ល.ក បាន​ណែនាំដល់​ប្រតិ​បត្តិករ​កាស៊ីណូ​ ឬកម្ម​សិទ្ធិករកាស៊ីណូត្រូវ​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ឬបន្ត​សុពល​ភាព​អាជ្ញាបណ្ណ​កាស៊ីណូ​មក គ.ល.ក ដោយ​ត្រូវផ្អែ​កជា​ចម្បង​លើគោល​ការណ៍ អនុញ្ញាត​ពីរាជ​រដ្ឋាភិ​បាល (សជណ) ដែល​បានកំណត់​យ៉ាង​ច្បាស់​នូវទីតាំង​ភូមិ​សាស្ត្រនៃកា​រស្នើសុំអភិវឌ្ឍ​កាស៊ី​ណូ និង​លក្ខ​ខណ្ឌទាំង​ឡាយ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពីការ​គ្រប់​គ្រង ល្បែងពា​ណិជ្ជកម្ម​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ​ជាធរ​មាន​។

អគ្គ​លេខាធិការ​ដ្ឋាន​នៃ គ.ល.ក បន្ត​ណែនាំ​ថា ប្រតិបត្តិ​ករ​កាស៊ីណូ​ ឬកម្ម​សិទ្ធិករ​កាស៊ីណូ ដែល​ទទួល​បានអាជ្ញា​ប័ណ្ណ​កាស៊ី​ណូពី គ.ល.ក អាច​ធ្វើប្រតិ​បត្តិការ​កាស៊ីណូ​បាន​តែនៅក្នុង​បរិវេណ​ទីតាំង​ដែល​បាន​កំណត់​នៅក្នុង​អាជ្ញាប័​ណ្ណកាស៊ី​ណូ​ប៉ុណ្ណោះ​។

បើតាម​សេចក្ដី​ណែនាំ​របស់​​អគ្គលេខា​ធិការ​ដ្ឋាន​នៃ គ.ល.ក ប្រតិ​បត្តិករ​កាស៊ីណូ​ឬកម្មសិទ្ធិករ​កាស៊ី​ណូដែល​ធ្លាប់មាន​អាជ្ញា​បណ្ណកាស៊ី​ណូពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ហើយ​បាន​ដាក់​ពាក្យ​ស្នើសុំ និង​កំពុង​បំពេញ​លក្ខ​ខណ្ឌតម្រូវ​ដើម្បី​បន្ត​សុពល​ភាព​អាជ្ញាប័ណ្ណ​ឆ្នាំ​ ២០២២ គ.ល.ក បាន​ចេញ​លិខិត​បញ្ជាក់​នីតិភាព​ជូន​សម្រាប់​បន្ត​និរន្តរភាព​អាជីវកម្ម​កាស៊ី​ណូសម្រាប់​ឆ្នាំ​ ២០២២។

អគ្គលេខា​ធិការ​ដ្ឋាននៃ គ.ល.ក. បញ្ជាក់ លិខិត​បញ្ជាក់​នេះស្រប​ច្បាប់ និង​អាច​ធ្វើប្រតិ​បត្តិការ​កាស៊ីណូបាន​តែនៅក្នុង​បរិវេណ​ទីតាំង​ដែល​បាន​កំណត់​នៅ​ក្នុង​លិខិត​បញ្ជាក់​នីតិភាព​ប៉ុណ្ណោះ ហើយ​ដែលស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង និង​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង​របស់ គ.ល.ក។

អគ្គ​លេខា​ធិការ​ដ្ឋាននៃ គ.ល.ក. បន្តថា ប្រតិបត្តិករ​កាស៊ី​ណូ ឬកម្មសិទ្ធិករ​កាស៊ីណូ​ត្រូវដាក់​តាំង​បង្ហាញ​អាជ្ញា​ប័ណ្ណ ឬលិខិត​បញ្ជាក់​នីតិភាព​ច្បាប់ដើ​មនៅកន្លែង​ដែល​អាច​មើល​ឃើញ ក្នុង​ទីតាំង​ធ្វើអាជីវកម្ម​របស់​ខ្លួន។ ករណី មាន​ការប្រើប្រាស់​អាជ្ញា​ប័ណ្ណ ឬលិខិត​បញ្ជាក់​នីតិភាព​ថត​ចម្លង​នៅទីតាំង​ផ្សេង​នឹង​ត្រូវ​ចាត់​ទុក​ថា ជាការ​ក្លែង​បន្លំ ដែល​ត្រូវ​ប្រឈម​នឹង​ការ​ចាត់​វិធាន​ការនានា​តាម​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជាធរ​មាន​។

ប្រតិបត្តិ​ករ​កាស៊ីណូ​ឬ​កម្មសិទ្ធិ​ករកា​ស៊ីណូ ត្រូវ​បង់​ចំណូល​កាតព្វ​កិច្ច​ពីល្បែង​គ្រប់​ប្រភេទ ដែល​ដំណើរ​ការ​ក្នុងបរិវេណ​កាស៊ី​ណូ និង​កាតព្វ​កិច្ច​ផ្សេងៗ​ទៀត​ឱ្យ​បាន​គ្រប់​ចំនួន និង​ទាន់​ពេល​វេលាទៅ​តាម​ច្បាប់ និង​លិខិតបទ​ដ្ឋាន​គតិយុត្ត​ជាធរ​មា​ន។

ទាក់​ទង​នឹង​ការ​បង្រ្កាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​នេះ លោកនាយក​រដ្ឋមន្រ្ដី ហ៊ុន សែន និង​លោក ស ខេង រដ្ឋ​មន្រ្ដីក្រសួង​មហាផ្ទៃ បាន​ដាក់បទ​បញ្ជា និង​អំពាវ​នាវ​ជាបន្ត​បន្ទាប់​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​ទប់ស្កាត់​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់ និង​ល្បែង​អនឡាយ​ខុស​ច្បាប់​ឱ្យបាន ពីព្រោះ​បញ្ហា​នេះ​នាំឱ្យកើត​មាន​បទល្មើស​ផ្សេងៗ​ទៀត​នៅកម្ពុជា​។

លោក​ឧបនា​យក​រដ្ឋ​មន្ដ្រី ស ខេង បានថ្លែង​ពេលធ្វើជាអធិបតីសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​អគារ​ទំនើប​ហ្វឹក​ហាត់​បាញ់​គ្រាប់​ពិត​អាវុធ​ខ្លី​ ​ស្ថិត​នៅ​បណ្ឌិត្យ​សភា​នគរ​បាល​ក​ម្ពុ​ជាក្នុង​ឃុំ​ដី​ឥដ្ឋ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី ​១៩ ​ខែតុលា​​​ ដោយបាន​​អំពាវ​នាវ​ឱ្យ​គ្រប់ភាគី​ពាក់​ព័ន្ធ​រួមគ្នា​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ​ដែល​កើត​មាន​ក្រោយ​ពី​ថ្មីៗ​នេះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​រង​គ្រោះ​ដោយ​សារ​ជន​ល្មើស​យក​ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ដូច​ជា​បទល្មើស​គ្រឿង​ញៀន ជួញ​ដូរ​មនុស្ស ​និង​ល្បែង​អន​ឡាញ​ខុស​ច្បាប់​នេះ​ជាដើម​៕