ភ្នំពេញៈ សមត្ថកិច្ចជំនាញ​ក្រសួង​មហាផ្ទៃ​ នឹង​ស្រាវ​ជ្រាវ​លើ​ព័ត៌មាន​ដែល​ត្រូវបាន​ចុះ​ផ្សាយ​នៅលើទំព័រ កាសែត​តៃវ៉ាន់​ដែល​អះអាង​​ថា​ មាន​​ករណីប៉ុនប៉ង​ជួញ​ដូរ​សរីរាង្គ​មនុស្ស​នៅ​កម្ពុជា។

លោក​ស្រី ជូ ប៊ុន​អេង ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជាអនុប្រធា​នអចិន្ត្រៃ​យ៍ នៃគណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញ​ដូរមនុស្ស​ បានថ្លែងនៅថ្ងៃទី ២០​ តុលា​ថា មន្ត្រី​ជំនាញ​នឹង​ស្រាវ​ជ្រាវ​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ថា មាន​ករណី​ជួញ​ដូរ​សរីរាង្គ​មនុស្ស​ នៅលើទឹក​ដីកម្ពុជា ​ដោយ​ជន​ជាតិ​ចិន​តៃវ៉ាន់ ខណៈ​កម្ពុ​ជាមិន​ដែល​ទទួល​បាន​ព័ត៌មាន​ពីភាគី​កោះ​តៃវ៉ាន់​ឡើយ​ជុំវិញ​ករណី​នេះ។

លោក​ស្រីបន្ត​ថា ខាង​ភាគី​កម្ពុជា មិន​បាន​ទទួល​ព័ត៌​មាន ​និង​របាយ​ការណ៍​ជុំវិញ​ករណី​ជួញ​​ដូរ​សរីរាង្គ​មនុស្ស​ដោយ​ជនជាតិចិ​នតៃវ៉ា​ន់​ក្នុង​ទឹក​ដីកម្ពុ​ជា​ឡើយ ​ដោយ​ហេតុ​កម្ពុជា​មិន​មាន​កិច្ច​សហការ​ណាមួយ​ទ្វេភាគី​ជាមួយ​នឹងកោះ​តៃវ៉ាន់​​នោះ​ទេ។

លោក​ស្រី ជូ ប៊ុ​នអេង បញ្ជាក់ថា​៖ «ក្នុងក​រណី​តៃវ៉ាន់​នេះ យើងមិនបាន​ដឹង​ព័ត៌​មា​នល​ម្អិតណាមួ​យឡើ​យ ​ព្រោះក​ម្ពុជា​​ចាត់​ទុក​តៃវ៉ាន់​គឺជាចិន ដូច្នេះ​យើង​មិន​បាន​ដឹងថា​ មានករណី​ជួញ​ដូរសរីរាង្គ​មនុស្ស​នេះ​ឡើយ។​ ​និយាយ​ដោយ​ស្មោះត្រង់​ទៅ យើង​មិនដែល​បាន​ទាក់​ទងគ្នា​តែម្តងជាមួយ​តៃវ៉ាន់​ »។

ការឆ្លើយ​តបបែប​នេះ ធ្វើឡើង​ក្រោយ​មាន​ការ​ចេញ​ផ្សាយ​ដោយកាសែត​តៃវ៉ា​ន់​ Taiwan News ថា កាល​ពីថ្ងៃ​ ទី ១៩ ខែ​តុលា ឆ្នាំ​ ២០២២ នាយក​ដ្ឋាន​ប៉ូលិស​ស្រុក​ Taoyuan នៃ​ទីក្រុង Chungli បាន​ចាប់​ខ្លួន បុរស​ជន​ជាតិចិន​តៃវ៉ាន់ ៣​ រូប ពាក់​ព័ន្ធ​ករណី​ជួញ​ដូរសរីរាង្គ​មនុស្ស​នៅ​លើទឹក​ដីកម្ពុជា​។

កាសែត​តៃវ៉ាន់​នេះ បាន​យោង​តាម​ប្រភព​រាយការណ៍​ពីទីភ្នាក់​ងារ​ព័ត៌មាន​ ETtoday ដែលគូស​បញ្ជាក់​ថា ក្រុម​ការងារ​ពិសេស​នៃ​ស្រុក Taoyuan បាន​ប្រទះ​ឃើញ​នូវ​ភ័ស្តុតាង​ពីទូរស័ព្ទ​ដៃ​ជនរង​គ្រោះ​ដែល​រៀប​រាប់​ថា ខ្លួ​ន ត្រូវ​បាន​គេបោក​បញ្ឆោត​ទៅប្រទេស​កម្ពុជា​ ដើម្បី​យក​សរីរាង្គ​ជួញ​ដូរ​។

គេ​បាន​ប្រទះឃើញ​មាន​ការ​ប្រើពាក្យ​ «រុះរើគ្រឿង​ក្នុង​ ១ ​ចប់» ដែល​មាន​ន័យ​ថា បេះ​ដូង, ថ្លើម, តម្រង​នោម និង​កែវ​ភ្នែក អាច​ត្រូវ​បាន​យក​ចេញ​ពីរាង​កាយ។​

ក្រោយ​ការ​អង្កេត​លើទូរ​ស័ព្ទ ប៉ូលីស​បានសង្ស័យ​ថា កិច្ចស​ន្ទនាតាម​ទូរស័ព្ទ​នោះ​និយាយ​ពីការ បោក​បញ្ឆោត​យកទៅ​លក់​សរីរាង្គ​នៅកម្ពុជា។​

កាសែត​ដដែល​ផ្សាយ​ទៀត​ថា ជន​រងគ្រោះ​ព្រមសារភាព​ប្រាប់ប៉ូ​លិស​ថា លោក​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជ​នឆ​បោក ​យកទៅ​លក់​នៅកម្ពុជា​តាម​រយៈការ​សន្យាថា​ នឹង​រកការងារ​ផ្នែក​រដ្ឋបាល​មាន​ប្រាក់​ខែខ្ពស់​ចន្លោះពី​ ៦​ ម៉ឺន ទៅ ៧ ម៉ឺន​ដុល្លារ​តៃវ៉ាន់​ក្នុង​ ១ ​ខែ។

ទោះយ៉ាង​ណា ការ​ជួញ​ដូរ​សរីរាង្គ​ករណី​នេះបា​នបរាជ័យ​ក្រោយ​ឈ្មួញ​ជាអ្នក​ទិញ បដិសេធមិ​នព្រម​ចុះកិ​ច្ច​សន្យាទិញ-លក់ ហើយឆ្លៀ​តក្នុង​ស្ថាន​ការណ៍វឹកវ​រនេះ​ បុរ​សជន​រង​គ្រោះ បាន​គេចខ្លួន​ទៅកាន់​កោះ​តៃវ៉ាន់​វិញ។​

សម្រាប់​បញ្ហានេះ​លោកស្រី ជូ​ ប៊ុនអេង បាន​រៀបរា​ប់ថា​ ខាង​ភាគីកម្ពុជា​ មិនដែល​បាន​ទទួលព័​ត៌មា​នទាំង​នេះឡើ​យ ព្រោះក​ម្ពុជាចាត់​ទុកតៃ​វ៉ាន់ ជា​ផ្នែកមួ​យរ​បស់ចិ​ន ហើយ​ក្នុងបេសក​កម្មប្រ​យុទ្ធប្រឆាំង​អំពើជួញ​ដូរមនុស្ស​នេះ កម្ពុជា​ធ្វើការ​សហការ​ជាមួយ​ភាគី​ប្រទេស​ចិន។​

ទោះជា​យ៉ាងណា លោក​ស្រី ជូ ប៊ុនអេង បញ្ជាក់​ថា មន្ត្រីពា​ក់ព័ន្ធ​នឹងធ្វើកា​រស្រាវ​ជ្រាវ​ពី​ករ​ណីនេះ​ បើសិ​នជាកើត​មាន​ពិតប្រា​កដ នោះស្ថា​ប័នពា​ក់ព័ន្ធ​នឹងចាត់​វិធា​នការ​ជាក់ជាមិ​នខាន​ ​មិន​ទុក​ឱ្យកើត​មាន​តទៅ​ទៀត​ឡើយ ព្រោះ​គណៈកម្មកា​រជំ​នាញ​ធ្វើការ​ទៅតាម​ការប្តឹង​ផ្តល់​ពីសំណាក់​ភាគី​ណាមួ​យ ឬ​គ្រួសារជន​រងគ្រោះ​។

លោក​ស្រី ជូ ប៊ុន​អេង បញ្ជាក់​ថា​៖ «ក្នុង​ករណី​នេះ យើង​មិន​ហ៊ាន​ប្រាកដ​ថាមាន ឬមិន​មាន​ឡើយ ​តែយើ​ងនឹង​ធ្វើការ​ស្រាវ​ជ្រាវ​បន្តទៀ​ត »​។

លោក​ស្រីបន្ថែ​មថា ក្នុង​ដំណា​ក់កាលបេសក​កម្មនេះ​ មន្ត្រីជំនាញ​មិនទាន់​អាចធ្វើការ​បានគ្រប់​ជ្រុង​ជ្រោយ​ឡើយ​ តែង​នៅមា​នចន្លោះ​ ព្រោះប​ទល្មើសនេះ​ វាស្មុគស្មា​ញខ្លាំង​ពេក ​តែមន្ត្រី​ពាក់ព័​ន្ធកំពុង​តែខិតខំ​ចាត់វិ​ធានកា​រ។​

លោ​ក ​អំ ​សំអាត នាយករង​ទទួល​បន្ទុកកម្ម​វិធីឃ្លាំមើ​លនៃអង្គការ​សិទ្ធិម​នុស្សលី​កាដូថ្លែងថា​ បញ្ហាជួ​ញដូរ​សរីរាង្គនេះ​ជាផ្នែក​មួយ​នៃអំពើជួញ​ដូរម​នុស្ស បើទោះបី​ជាមួយ​រយៈ​ចុងក្រោ​យនេះ​ រ​ដ្ឋាភិបាល​បានខិត​ខំដោះ​ស្រាយ​ និង​ទប់ស្កា​ត់ជាប​ន្ទាន់នូវ​បទ​ល្មើសជួ​ញដូ​រមនុស្ស​នេះក្តី ​ក៏អាចនៅមា​នចន្លោះ​ប្រហោង​ជាមួយកោះ​តៃវ៉ា​ន់ដែរ ​ព្រោះក​ម្ពុជា​ជាប្រ​ទេស​គោរ​ព​​ «គោលកា​រណ៍​ចិនតែ​ ១» ​ដែល​ជាក​ត្តារា​រាំង​កិច្ចស​ហ​ប្រតិ​បត្តិ​រវាង​ក​ម្ពុជា​និង​តៃវ៉ា​ន់លើ​បទ​ល្មើសជួ​ញដូ​រម​នុស្ស​នេះ។

​ទោះជា​យ៉ាងណា​ក្តី លោក អំ សំអាត ​បាន​​អំពា​វនា​វឱ្យ​រដ្ឋា​ភិបា​លពង្រឹ​ងការអ​នុវត្តច្បាប់​ផ្ទៃក្នុង លុប​បំបាត់​អំពើពុក​រលួយ​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការជា​មួយ​ប្រទេស​ជិត​ខាង តំបន់ និង​អន្ត​រជា​តិ ក្នុង​ការងារទប់​ស្កាត់ប​ទល្មើសជួ​ញដូរ​មនុស្សនេះឱ្យ​ទទួល​បានប្រ​សិទ្ធភា​ពខ្ពស់៕​