
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្លែងនៅខេត្តកំពត កាលពីថ្ងៃទី ២០ ខែតុលា។ រូបថត MOEYS
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាលោក ហង់ជួន ណារ៉ុន ជំរុញដល់គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋនិងឯកជន ខិតខំបន្តវិយោគទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទាំងអគារ បណ្ណាល័យ ឧបករណ៍ពិសោធន៍ និងការស្រាវជ្រាវ ខណៈគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា នៅមានកម្រិតនៅឡើយ បើប្រៀបធៀបជាមួយប្រទេសជិតខាង។
ការជំរុញនេះធ្វើឡើងក្នុងវេទិកាស្រាវជ្រាវថ្នាក់ជាតិ លើកទី៤ ក្រោមប្រធានបទ "ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា" កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ដែលមានការចូលរួមពីសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យនានា និងក្រុមអ្នកស្រាវជ្រាវជាច្រើនរូប។
វេទិកានេះ ត្រូវបានបង្កើតឡើង ដើម្បីជាបណ្តាញមួយដែលអាចឱ្យអ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ សិស្ស និស្សិត សហគ្រិន និងសាធារណជន ជួបជុំដើម្បីពិភាក្សាចែករំលែក និងធ្វើការរួមគ្នាក្នុងគោលបំណងលើកកម្ពស់ ការស្រាវជ្រាវ និងនវានុវត្តន៍នៅកម្ពុជា សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោក ហង់ជួន ណារ៉ុន ដែលជាគណៈអធិបតី ក្នុងពិធីនោះថ្លែងថា ការស្រាវជ្រាវខាងផ្នែកអប់រំនេះ មានតួនាទីសំខាន់ ជាពិសេសការអប់រំគ្រប់កម្រិត ពីកម្រិតមតេ្តយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ក៏ដូចជាឧត្តមសិក្សា ដែលទាមទារឱ្យមានការស្រាវជ្រាវក្នុងការកំណត់ទិសដៅនៃការធ្វើកំណែទម្រង់វិស័យអប់រំ។
លោកបញ្ជាក់ថា ៖«ប្រទេសដែលចំណាយច្រើនទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍគឺនឹងជួយលើកកម្ពស់គុណភាព ទាំងផ្នែកអប់រំ និងជួយតម្រង់ទិសសេដ្ឋកិច្ច ឱ្យបានយ៉ាងលឿន»។
នាពេលបច្ចុប្បន្នក្រសួងអប់រំបាននិងកំពុងពិភាក្សាជាមួយធនាគារពិភពលោក ដើម្បីរៀបចំគម្រោង ១ បន្តពីគម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សាហើយគម្រោងថ្មីនេះ នឹងបន្តវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រឹះស្ថានឧត្តមសិក្សា ដោយលោកជំរុញដល់វិស័យអប់រំទាំងរដ្ឋ និងឯកជនខិតខំបន្តវិនិយោគបន្ថែមទៀត។
«យើងឃើញថា គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា បើគិតជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បើប្រៀបធៀបជាមួយប្រទេសជិតខាង គឺយើងនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងអគារ បណ្ណាល័យ ក៏ដូចជាទាំងឧបករណ៍ពិសោធន៍ និងបន្ទប់ពិសោធន៍ជាដើម»។
ការសិក្សាស្រាវជ្រាវនៅឧត្តមសិក្សា ត្រូវមានការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះចំណុចនេះទាមទារឱ្យមានការសិក្សាឱ្យចំគោលដៅថា តើកម្ពុជាមានទិសដៅ និងអភិវឌ្ឍលើវិស័យអ្វីខ្លះ។
លោកថា៖ « តួយ៉ាងនៅវិស័យកសិកម្ម នៅខ្វះក្រុមហ៊ុនដែលអាចផ្សារភ្ជាប់គ្រឹះស្ថានឧត្តមសិក្សាខាងផ្នែកកសិកម្ម។ ដូច្នេះក្នុងការរៀបចំគម្រោងថ្មីពង្រឹងគុណភាពនៅកម្រិតឧត្តមសិក្សានេះ ជឿជាក់ថា វេទិកាស្រាវជ្រាវនេះ គឺជាការចាប់ផ្តើមគិត ថាតើទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាអ្វី ថាតើយើងអាចតម្រង់ទិសការស្រាវជ្រាវបណ្តុះបណ្តាលការសិក្សាយ៉ាងដូចម្តេច »។
ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ ដែលខិតខំប្រឹងប្រែងរៀបចំវេទិកានេះឡើងសម្រាប់ផ្សារភ្ជាប់ការងារនេះជាមួយទិសដៅ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលផ្តោតទៅលើប្រធានបទសំខាន់ៗ គឺទិសដៅនៃការស្រាវជ្រាវ និងអាទិភាពការស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីអាចឱ្យគ្រឹះស្ថានឧត្តមសិក្សានីមួយៗ កំណត់ជាអាទិភាព និងឯកទេសរបស់ខ្លួន។
សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងលោក សេង ប៊ុនធឿនទទួលបន្ទុកអន្តរជាតិ រកការងារនិស្សិត និងបណ្ណាល័យ មានប្រសាសន៍ថា កន្លងមកនេះក្រសួងអប់រំ បានលើកទឹកចិត្តដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង បង្កើតមហាវិទ្យាល័យចំនួន ៣ និងបានដាក់ឱ្យដំណើរការប៉ុន្មានឆ្នាំមកហើយ។
លោកថា៖ «ឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីនេះដែរ ខាងបណ្ណាល័យសាកលវិទ្យាល័យជាតិគ្រប់គ្រងគឺនិស្សិតអាចមើលសៀវភៅផ្ទាល់ ហើយនឹងតាមរយៈអនឡាញ នេះគឺជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់សាកលវិទ្យាល័យដែលមានស្រាប់»។
លោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ថ្លែងថា វេទិកាថ្នាក់ជាតិនេះធ្វើឡើងដើម្បីផ្តល់កាលានុវត្តភាពដល់អ្នកស្រាវជ្រាវដើម្បីផ្សព្វផ្សាយរបកគំហើញ និងលទ្ធផលពីការងារស្រាវជ្រាវរបស់ក្រុមគាត់។ ការស្រាវជ្រាវពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សម្រាប់កម្ពុជា។
ការស្រាវជ្រាវរឹតតែដើរតួនាទី យ៉ាងសំខាន់ក្នុងការជួយប្រទេសឱ្យសម្រេចបាន នូវចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។ លោកថា៖ «ជាការពិត ដើម្បីលើកកម្ពស់ការស្រាវជ្រាវនៅឧត្តមសិក្សា យើងត្រូវវិនិយោគបន្ថែមទៀតលើធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងកញ្ចប់ស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សា។
កន្លងមកក្រសួងអប់រំ បានផ្តល់ថវិកាស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន តាមរយៈការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សាពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៧ និងគម្រោងកែលម្អការអប់រំឧត្តមសិក្សា ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៤ ដែលកំពុងអនុវត្ត៕