ត្បូងឃ្មុំៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើ​ដំណើរ​ទៅកាន់​បណ្ដា​ខេត្ត​នានា​ជាប់​បឹង​ទន្លេសាប​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ចាប់ពី​ថ្ងៃ ២១ ខែ​តុលា តទៅ ដើម្បី​ជួប​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់។​

​លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​កំពុងតែ​វេទនា កំពុងតែ​ជួប​ការ​លំបាក​។ តើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ដេក​ផ្ទះ​នៅ​ស្ងៀម មើល​ប្រជាពលរដ្ឋ ហើយ​ដោយ​ខ្លាច​គេ​ចោទថា ជាការ​ឃោសនា​បោះឆ្នោត​យ៉ាងម៉េច​ទៅ​កើត​? អ៊ីចឹង​នាយក​រដ្ឋមន្ត្រី​មិន​ចាំបាច់​ធ្វើ​​អីទេ!»។​

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារ​ព័ត៌មាន​ក្នុង​ឱកាស​លោក​ធ្វើការ​កែតម្រូវ​ព័ត៌មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សាលា​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃទី ២០ ខែ​តុលា។​

លោក​បន្តថា គម្រោង​ធ្វើ​ដំណើរ​ទៅកាន់​បណ្ដា​ខេត្ត​នានា​ជាប់​បឹង​ទន្លេសាប​នេះ​មិនមែន​ជា​ការ​ឃោសនា​បោះឆ្នោត​នោះទេ ខណៈ​ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​កំពុងតែ​ធ្វើ​ដំណើរ​នៅ​ជុំវិញ​ប្រទេស​ដើម្បី​ចែក​ស្រូវពូជ និង​ស្បៀង​អាហារ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ជួប​ការលំបាក។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនបាន​សួរថា ប្រជាពលរដ្ឋ​នៅ​បក្ស​ ណា ខ្ញុំ​យកទៅ​ចែក​នេះ ចែក​ស្រូវពូជ​ផង ចែក​ស្បៀង​ផង ឱ្យ​ប្រជាពលរដ្ឋ នេះ​គឺ​ខ្ញុំ​អត់​បាន​សួរថា អ្នកឯង​បោះឆ្នោត​ឱ្យ​បក្ស​ ណាទេ​។ អ៊ីចឹង អ្នកឯង​គួរតែ​ដឹងគុណ​ខ្ញុំ​ទៅ​ព្រោះ​ក្នុង​ចំណោម​អ្នក​ដែល​ខ្ញុំ​ចែក​នេះ ច្បាស់​ជា​មាន​មនុស្ស​អ្នក​ដែល​បោះឆ្នោត​ឱ្យ​បក្ស​ដទៃ​ហើយ»។​

​លោក គន់ គីម អនុប្រធាន​ទី ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (NCDM) នៅ​ថ្ងៃទី ២០ ខែ​តុលា បាន​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធី​ចែក​ពូជ​ស្រូវ​ជូន​កសិករ​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រី​កសិកម្ម​ដែល​ទើប​ចូលកាន់​តំណែង លោក ឌិត ទីណា បាន​បន្ត​ចុះ​ចែក​ស្រូវពូជ​ជាង ៦ ម៉ឺន​គីឡូក្រាម​ដល់​កសិករ​ជាង ៨០០ គ្រួសារ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ដែល​ទទួលផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ដើម្បី​ធ្វើ​ការ​ដាំដុះ​ឡើងវិញ។​

​របាយការណ៍ NCDM បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​តុលា លោក ឡាំ ហេងហួត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន NCDM បាន​ចូលរួម​ជាមួយ​លោក ឌិត ទីណា ដោយ​នាំយក​គ្រាប់ពូជ​ស្រូវ​របស់​រាជ​រដ្ឋាភិបាល​ចែកជូន​កសិករ ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់ ហើយ​មាន​លទ្ធភាព​ស្ដារ​ឡើងវិញ ដើម្បី​ធ្វើ​ការដាំដុះ​បន្ទាប់​ពី​ទឹក​បាន​ស្រក​ទៅវិញ ដែល​ពិធី​ចែក​នេះ​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត អម្ពវនារាម (​រំចេក​) ក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។​

​របាយការណ៍​បញ្ជាក់ថា​៖ «​ប្រជាកសិករ​ដែល​ត្រូវ​ទទួលផល មាន​ចំនួន ៤៩៧ គ្រួសារ មកពី​ឃុំ​ចំនួន ៤ មាន​ឃុំ​កៀន​ជ្រៃ ឃុំ​ហាន់ជ័យ ឃុំ​គគរ និង​ឃុំ​រំចេក ក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ស្មើនឹង​ពូជស្រូវ​សរុប​ចំនួន ៣៣ ៦៥០ គីឡូក្រាម»។​

​ប្រភព​ដដែល​បន្តថា កាលពី​រសៀល​ថ្ងៃទី ១៩ ខែតុលា លោក ឡាំ ហេង​ហួត និង​លោក ឌិត ទីណា បាន​នាំយក​គ្រាប់ពូជ​ស្រូវ​ចំនួន​ជិត ៣ ម៉ឺន​គីឡូក្រាម ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៥១ គ្រួសារ មកពី​ឃុំ​ចំនួន ៣ រួមមាន​ឃុំ​ទន្លេ​បិទ ឃុំ​ជីរោទ៍ទី​១ និង​ឃុំ​ជី​រោទ៍ទី ២ ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ដាំ​ដុះ​ឡើងវិញ បន្ទាប់ពី​ទទួល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ដែល​ពិធី​ចែក​នេះ​ធ្វើ​នៅ​ក្នុង​បរិវេណ​វត្ត​សុវណ្ណ​មាលី​ទន្លេបិទ។​

​រដ្ឋមន្ដ្រី​កសិកម្ម​ថ្មី​លោក ឌិ​ត​ ទីណា បានចាប់ផ្ដើម​ចុះ​បេស​ក​កម្ម​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី ១៩ ខែ​តុលា ដើម្បី​ចែក​ពូជស្រូវ​ដល់​កសិករ​រងគ្រោះ ដោយ​ទឹកជំនន់​ដោយ​បាន​ជ្រើសរើស​យក​ខេត្ត​ក្រចេះ ជា​ខេត្ត​ចុះ​បេសកកម្ម​ដំបូង ហើយ​បាន​ចែក​ពូជស្រូវ​ជាង ២០ ម៉ឺន​គីឡូក្រាម​ដល់​ប្រជាពលរដ្ឋ ២៧០២ គ្រួសារ​មកពី ៥ ក្រុង ស្រុក​នៃ​ខេត្តក្រចេះ៕