ដើម្បី​ការពារ​ប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រតិបត្តិករ និង​គោលការណ៍​នៃ​ការ​ប្រកួតប្រជែង​ដោយ​ស្មើ​ភាព ស្មោះត្រង់ និង​តម្លាភាព​រវាង​រដ្ឋ និង​ប្រតិបត្តិករ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ការពារ​ទិន្នន័យ​ឯកជន និង​ច្បាប់​ថ្មី​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន ព្រម​ទាំង​គមនាគមន៍​ផង​ដែរ។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ បាន​មាន​ប្រសាសន៍​កាល​ពី​សប្តាហ៍​មុន​ថា ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ការពារ​ទិន្នន័យ​ឯកជន គឺ​អនុលោម​ទៅ​តាម​ក្របខ័ណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥។

រដ្ឋាភិបាល​កម្ពជា​បាន​ដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោល​នយោបាយ​ថ្មី​នេះ ក្នុង​គោលដៅ​ចាប់​ និង​ទាញ​យក​ផល​ប្រយោជន៍​អតិបរមា​ពី​វិស័យ​ឌីជីថល ដើម្បី​ផ្លាស់ប្តូរ​ប្រទេស​ទៅ​ជា​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏រស់រវើក។ វិស័យ​ឌីជីថល​នេះ បាន​ក្លាយ​ជា​វិស័យ​ស្នូល​មួយ​នៅ​កម្ពុជា​ក្នុង​អំឡុង​នៃ​វិបត្តិ​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ ១៩។

ការ​កសាង​សេដ្ឋកិច្ច​ឌីជីថល គឺ​ជា​ប្រភព​នៃ​កំណើន​សេដ្ឋកិច្ច​ថ្មី​ដែល​នឹង​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ទន្ទឹម​នឹង​ការ​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា។ ហើយ​យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ និង​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ។

តាម​លោក សូ វិសុទ្ធី ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ការពារ​ទិន្នន័យ​ឯកជន ទំនង​ជា​ត្រូវ​ការ​ពេល​យូរ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា វា​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល និង​ធានា​នូវ​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់ និង​បង្កើន​ទំនុក​ចិត្ត​ចំពោះ​អ្នក​វិនិយោគ​ដែល​មាន​សក្តានុពល។

លោក​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​បាន​ឱ្យ​ដឹង​ទៀត​ថា នា​ខណៈ​ពេល​នេះ ក្រុម​ការងារ​របស់​ក្រសួង កំពុង​រៀបចំ​ធ្វើ​ពង្រាង​ច្បាប់​ស្តី​អំពី​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន។

ចំពោះ​ការ​បង្កើត​លិខិត​គតិយុត្ត​ថ្មី​នេះ ក្រសួង​នឹង​អញ្ជើញ​ភាគី​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ពិគ្រោះ​ប្រឹក្សា​យោបល់ ហើយ​ក្នុង​នោះ​អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​ឯកជន ក៏​អាច​នឹង​ត្រូវ​អញ្ជើញ ដើម្បី​ចូល​មក​ពិគ្រោះ​យោបល់​ក្នុង​ការ​រៀបចំ​តាក់តែង​សេចក្តី​ព្រាងច្បាប់​ស្តី​អំពី​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​នេះ​ផង​ដែរ។

ទាក់ទង​រឿង​នេះ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទរឿន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២០ តុលា បាន​មាន​ប្រសាសន៍​ប្រាប់​ថា ប្រជាពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ​នេះ ប្រឈម​មុខ​ច្រើន​ទៅ​នឹង​បញ្ហា​ទាក់ទង​នឹង​ព័ត៌មាន​ឯកជនភាព។ ហេតុ​ដូច​នេះ លោក​យល់​ថា វា​ជា​ពេលវេលា​សម​ស្រប​ហើយ ដែល​ត្រូវ​មាន​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន ដើម្បី​ការពារ​ប្រជាពលរដ្ឋ។

លោក​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​លើក​ឡើង​ទៀត​ថា៖ «ខ្ញុំ​សាទរ​ដែល​បាន​ឮ​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អាច​នឹង​បើក​ឱ្យ​មាន​ការ​ចូលរួម និង​ទទួល​យក​ធាតុ​ចូល​ពី​អង្គការ​សង្គម​ស៊ីវិល»។

សម្រាប់​លោក ប៉ា ចន្ទរឿន ដើម្បី​ឱ្យ​ច្បាប់​មួយ​ក្លាយ​ជា​ច្បាប់​ដែល​សម្តែង​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ទាល់​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​ធ្វើ​កិច្ចការ​រឿង​សិទ្ធិឌីជីថល និង​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។

បន្ថែម​លើ​នេះ អ្នក​ធ្វើ​កិច្ច​ការងារ​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​ឌីជីថល​រូប​នេះ ក៏​មិន​ភ្លេច​រំលេច​ដែរ​ពី​បទពិសោធ​ទាក់ទង​នឹង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មុនៗ ដែល​ក្រសួង​មិន​បាន​ផ្តល់​ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ មាន​ទាំង​អង្គការ​សង្គម​ស៊ីវិល ឬ​វិស័យ​ឯកជន​ចូលរួម។ ជា​លទ្ធផល លោក​ថា វា​ធ្វើ​ឱ្យ​ច្បាប់​ដែល​ចេញ​មក​ដាក់​ឱ្យ​អនុវត្ត​មាន​ភាព​ប្រទាញប្រទង់ មាន​ការ​តវ៉ា មាន​ការ​ស្នើសុំ​ឱ្យ​លុប​ចោល ពន្យារ​ពេល និង​កែ​តម្រូវ។

ដូច្នោះ​ហើយ លោក ប៉ា ចន្ទរឿន និយាយ​ថា៖ «ដក​ស្រង់​ពី​មេរៀន​អតីតកាល ដើម្បី​ឱ្យ​ច្បាប់​មួយ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ទាល់​តែ​ក្រសួង​ផ្តល់​ឱកាស ផ្តល់​សំឡេង ហើយ​ស្តាប់​ពី​កង្វល់ និង​ការ​ផ្តល់​អនុសាសន៍​ពី​អ្នក​ចូលរួម និង​ត្រូវ​សម្រិតសម្រាំង​ច្បាប់​នោះ ទើប​ពេល​ដាក់​ច្បាប់​ចេញ​មក ទាំង​អស់​គ្នា​អាច​ទទួល​យក និង​អនុវត្ត​បាន»៕