
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្ដិទី១៤ ថ្លែងកាលពីថ្ងៃទី ២០ ខែតុលា។ ហុង មិនា
ភ្នំពេញៈសម្រាប់អាណត្តិទី២ ក្នុងតួនាទីជាប្រធានគណៈមេធាវីអាណត្ដិទី១៤ លោក លី ច័ន្ទតុលា បានស្នើសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវីទាំងអស់ផ្ដល់កិច្ចសហការគាំទ្រដោយសកម្មក្នុងការអនុវត្តទិសដៅការងារអាទិភាពចំនួន ១៣ ចំណុចដើម្បីបន្តនិរន្តរភាពនៃវឌ្ឍនភាពការងាររបស់គណៈមេធាវីឱ្យកាន់តែប្រសើរ និងបន្តលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
លោក លី ច័ន្ទតុលា បានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានគណៈមេធាវីអាណត្តិទី១៤ នៅអគារទីស្ដីការគណៈមេធាវី រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ តុលា។
លោកថា៖ «សម្រាប់អាណត្តិទី២ របស់ខ្ញុំ ដើម្បីបន្តនិរន្តរភាពនៃវឌ្ឍនភាពការងាររបស់គណៈមេធាវីឱ្យកាន់តែប្រសើរ និងបន្តលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ខ្ញុំសូមកិច្ចសហការគាំទ្រដោយសកម្មពីសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវីលើទិសដៅការងារអាទិភាពចំនួន ១៣ ចំណុច»។
ទិសដៅអាទិភាពទាំង ១៣ ចំណុចនេះរួមមានទី១ បន្តអនុវត្តតាមគោលនយោបាយដឹកនាំនិងបេសកកម្មរបស់គណៈមេធាវី ដែលបានដាក់ចេញ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ «រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»។ ទី២បន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ។ ទី៣ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់គណៈមេធាវីឱ្យមានប្រសិទ្ធភាពខ្ពស់។ ចំណែកចំណុចទី៤ លោកនឹងបន្តពិនិត្យ និងពិភាក្សាលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមបច្ចុប្បន្នភាពនៃសង្គម និងផលប្រយោជន៍នៃវិជ្ជាជីវៈមេធាវី។ ទី៥ បន្តពិនិត្យ និងការពារមេធាវីនៅក្នុងការប្រកបវិជ្ជាជីវៈស្របតាមច្បាប់ជាធរមាន និងទី៦ បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឺងម៉ាត់ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់ និងវិធានរបស់គណៈមេធាវី និងសិក្សាឡើងវិញអំពីយន្តការដាក់ទណ្ឌកម្មវិន័យរបស់ក្រុមប្រឹក្សាគណៈមេធាវី។
ចំណុចទី៧ លោកបានស្នើកិច្ចសហការគាំទ្រដោយសកម្មពីសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវីបន្តកិច្ចពិភាក្សា និងដោះស្រាយបញ្ហានៃការអនុវត្តសិទ្ធិរបស់មេធាវីនៅដំណាក់កាលនគរបាលយុត្តិធម៌។ ទី៨ បន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់ និងទី៩ បន្តពិនិត្យ សម្រេច និងរៀបចំយន្តការ ដើម្បីអនុវត្តសេចក្តីសម្រេចស្តីពីគ្រឿងកិត្តិយសគណៈមេធាវី សម្រាប់ផ្តល់ជូនមេធាវីដែលមានស្នាដៃលេចធ្លោនៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធម៌សង្គម។
ចំណែកទិសដៅការងារអាទិភាពទី ១០ គឺបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងការងារប្រតិភូគណៈមេធាវីនៅទូទាំងប្រទេស និងអនុវត្តគោលនយោបាយលេខ ០៩៨/សសគម/២១ ចុះថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ ស្តីពីការពិគ្រោះយោបល់ និងការពារក្តីជូនជនក្រីក្រដោយ ឥតគិតកម្រៃ។ ទិសដៅទី១១ គឺត្រូវបន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង និងការទទួលស្គាល់តួនាទីរបស់មេធាវីក្នុងសង្គម ទាំងលើឆាកជាតិ និងអន្តរជាតិ រួមទាំងការអនុវត្តគម្រោងមេធាវី ចុះដល់មូលដ្ឋាន។ ទី១២ បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី តាមរយៈការបណ្តុះបណ្តាលជាប្រចាំ ដោយបើកសិក្ខាសាលា ទស្សនកិច្ចសិក្សាទាំងក្នុង និងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គម សេដ្ឋកិច្ច និងចរន្តនៃសកលភាវូបនីយកម្ម។ រីឯទិសដៅការងារអាទិភាពទី១៣ លោក ច័ន្ទតុលា លើកឡើងថា នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិ និងអន្តរជាតិដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីឱ្យបានកាន់តែប្រសើរ។
សមាជិកគណៈមេធាវី លោកមេធាវីគឹម រ័ត្នណារ៉ុង បានឱ្យដឹងថា គោលនយោបាយដែលជាទិសដៅការងារអាទិភាព ចំនួន ១៣ ចំណុច ដែលលោក លី ច័ន្ទតុលា បានដាក់ចេញសម្រាប់អាណត្តិទី២របស់គាត់គឺមានភាពល្អប្រសើរ និងត្រូវគោលដៅក្នុងការចូលរួមជួយសង្គមជាតិ។
លោកថ្លែង ថា៖ «សម្រាប់ទិសដៅ ការងារអាទិភាពទាំង ១៣ ចំណុច នេះមានចំណុចខ្លះ ទាក់ទងទៅនឹងការបន្តពង្រឹងវិជ្ជាជីវៈរបស់មេធាវី និងចំណុចខ្លះទៀតទាក់ទងការការពារក្ដីជូនជនក្រីក្រដោយឥតគិតកម្រៃដែល ចំណុចទាំងនេះពិតជាល្អ ខ្លាំងណាស់ក្នុងការចូលរួមជួយដល់សង្គមជាតិយើង»។
លោក រ័ត្នណារ៉ុង បាន ឱ្យដឹងថា កាលពីអាណត្តិ ទី១ ក្នុងការដឹកនាំរបស់លោក ច័ន្ទតុលា បានយក ចិត្តទុកដាក់ខ្លាំងលើការពង្រឹងវិជ្ជាជីវៈមេធាវី ហើយសមាជិកគណៈមេធាវីទាំងអស់ បានគោរពនូវក្រមសីលធម៌ និងវិជ្ជាជីវៈ បានល្អប្រសើរ ដែលបានចូលរួមជួយលើកមុខមាត់ដល់វិជ្ជាជីវៈទាំងមូល។
កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ គណៈមេធាវីបានរៀបចំមហាសន្និបាតលើកទី ២៧ និងបោះឆ្នោតជ្រើសតាំងលោក លី ច័ន្ទតុលា ជាប្រធានគណៈមេធាវីអាណត្តិទី១៤ បន្ត ១ អាណត្តិទៀតដោយសំឡេងគាំទ្រ ២ ០១៦ សំឡេង ស្មើនឹង ៩៨,៥៨% នៃសំឡេងសរុប ២ ០៤៥ សំឡេង។
លោក ច័ន្ទតុលា បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញឱ្យឃើញថា សហភាតានៃគណៈមេធាវីបានផ្តល់នូវការជឿជាក់ និងទុកចិត្តលើការដឹកនាំគណៈមេធាវីក្នុងអាណត្តិទី១ របស់លោក។
លោកបានថ្លែងថា៖ «អ្វីដែលជាការតបស្នងសងគុណចំពោះសហភាតាវិញ គឺការប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវី ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗ និងដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ»៕