ភ្នំពេញៈ យុវជន​សង្ស័យ​ដែលជា​ក្មេង​ទំនើង​ចំនួន ៨ នាក់​ក្នុង​នោះ​ជា​សិស្ស​សាលា ៥ នាក់ ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ២០ ខែ​តុលា ពាក់ព័ន្ធ​ករណី​ព្រួត​គ្នា​វ៉ៃ កាប់​យុវជន​ម្នាក់​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់។​

​ក្មេង​ទំនើង​ទាំងនេះ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ១ ថ្ងៃ​បន្ទាប់ពី​ពួកគេ​បាន​ប្រើប្រាស់​កាំបិត​និង​ដាវ​កែច្នៃ​កាប់​ទៅ​លើ​ក្មេង ១ ក្រុម​ទៀត បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ ១ នាក់ ខណៈ​ក្មេង​ទំនើង​ទាំង ២ ក្រុម​ជិះ​ម៉ូតូ​មើលមុខ​ឌឺ​ដាក់គ្នា នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​

​យោងតាម​របាយការណ៍​របស់ លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ប្រាប់​ឱ្យដឹងថា ការ​បង្ក្រាប​ចាប់​ខ្លួន​ជនសង្ស័យ​ក្មេង​ទំនើង ៨ នាក់​នេះ គឺ​កម្លាំង​នគរបាល​អនុវត្តតាម​បទបញ្ជា​ផ្ទា​ល់ពី​សំណាក់​លោក ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​អាណាព្យាបាល​ជន​រងគ្រោះ ១ នាក់ បាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​ជនសង្ស័យ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ។​

​លោក​ប៊ុន សត្យា ប្រាប់​ឱ្យដឹងទៀតថា នៅ​ល្ងាច​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ គឺមាន​ក្មេង​ទំនើង ១ ក្រុម​ជិះ​ម៉ូតូ ៥ គ្រឿង​មាន​គ្នា ១៣ នាក់ បាននាំគ្នា​ជិះ​ម៉ូតូ​ចេញពី​ម្តុំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៩ ក្នុង​សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក ក្នុង​គោល​បំណង ទៅ​លេង​នៅ​ចំណុច​អគារ​អ៊ីដេនហ្គាដេន ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។​

​នៅពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​មកដល់​ចំណុច​អគារ​អ៊ីដេនហ្គាដេន​ក៏​ជួប​ទល់មុខ​គ្នា​នឹង​ក្រុម​ក្មេង​ទំនើង​ជន​រងគ្រោះ​ដែល​ជិះ​ម៉ូតូ ៤ គ្រឿង មាន​គ្នា ៨ នាក់។​

​នៅពេលនោះ​ពួកគេ​ទាំង ២ ក្រុម​បាន​មើលមុខ​គ្នា​របៀប​ឌឺដង​ដាក់គ្នា រំពេច​ក៏​ស្រាប់តែ ក្រុម​ក្មេង​បង្ក​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ក្រុម​ក្មេង​រងគ្រោះ។​

​នៅពេលនោះ​ក៏មាន​ម៉ូតូ ១ គ្រឿង​របស់​ក្មេងរងគ្រោះ​បាន​ដួល ហើយ​ក្រុម​ក្មេង​បង្ក​ក៏​ទាញ​កាំបិត​បុ័ងតោ​និង​ដាវ​កែច្នៃ ដំបង​រលាស់ ព្រួត​គ្នា​វាយ​នឹង​កាប់​ទៅ​លើ​ក្មេង​រងគ្រោះ ១ នាក់​មាន​ឈ្មោះ អឿន សៀង​ហែ ភេទ​ប្រុស​អាយុ ១៩ ឆ្នាំ ត្រូវចំ​ដៃ​ម្ខាង នឹង​ចំក្បាល​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ ហើយ​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​ក៏​ដេញ​កាប់​ទៅ​លើ​ក្រុម​ក្មេង​រងគ្រោះ​ផ្សេង​ទៀត​បណ្តាលឱ្យ​រងរបួស​ជា​បន្ត​បន្ទាប់​ទៀត។​

​ក្រោយពី​បង្ក​ការវាយដំ​រួច ក្រុម​ក្មេង​បង្ក​បាននាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់អស់។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា បានឱ្យដឹង​ទៀតថា ក្រោយពី​កើតហេតុ​នោះ​ហើយ ជន​រងគ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-ចិន។​

​លុះដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ ២០២២ ក្រុម​ជនសង្ស័យ​ដែលជា​អ្នកបង្ក​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ស្រាវជ្រាវ​នឹង​បង្ក្រាប​បានជា​បន្តបន្ទាប់​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សរុប​ចំនួន ៨ នាក់ ក្នុង​នោះ​ដក​ហូត​បាន​វត្ថុតាង ដាវ​កែច្នៃ ១ ដើម កាំបិត​បុ័ងតោ ២ ដើម និង​ដំបង​រលាស់ ១ ដើម។​ក្នុង​ចំណោម​ជនសង្ស័យ​ក្មេង​បង្ក ៨ នាក់ គឺមាន ៥ នាក់​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សន្ធរម៉ុក វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យ​ជំម្ពូរវ័ន្ត និង​វិទ្យាល័យ​អូរ​បែកក្អម។​

​ចំណែក​បក្ខពួក​ដែល​គេចខ្លួន​ផ្សេងទៀត កម្លាំង​នគរបាល​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​យក​មក​អនុវត្ត​តាមច្បាប់៕​