សៀមរាបៈ ក្រុម​ការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រទះឃើញ​បំណែក​ព្រះកេស​អសុរា​ធ្វើ​ពី​ថ្ម​បុរាណ​ចំនួន​ ១ កាលពី​រសៀល​ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ ​២០២២ ខណៈ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ទីតាំង​អតីត​តូប​លក់ដូរ​របស់​អាជីវករ​នៅមុខ​ខ្លោងទ្វារ​ចូល​ក្រុង​អង្គរធំ នា​ប៉ែក​ខាងកើត​នៃ​ស្ពាន​ទន្លេ​អុំ​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​យោងតាម​ហ្វេសហ៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​ ២០ ​តុលា​។

ប្រធាន​ក្រុមការងារ​ចុះបញ្ជី​វត្ថុ​សិល្បៈ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក​ ឈូក សុម៉ាឡា ឱ្យ​ដឹងថា ទីតាំង​ដែល​រកឃើញ​បំណែក​ព្រះកេស​អសុរា​នេះ គឺជា​អតីត​កន្លែង​តូប​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍​របស់​អាជីវករ​ដែល​ស្ថិតនៅ​ផ្នែក​ខាងកើត​នៃ​ខ្លោងទ្វារ​ទន្លេ​អុំ​។

ក្រោយពី​ផ្លាស់ប្តូរ​តូប​លក់ដូរ​ទៅ​ទីតាំង​ចំណត​ថ្មី មុខ​ភ្នំ​បាខែង ក្រុម​ការងារ​ក៏បាន​ចុះទៅ​សម្អាត​ទីតាំង​ចាស់​នោះ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​ឡើងវិញ ហើយ​ក៏បាន​ប្រទះឃើញ​បំណែក​ព្រះកេស​អសុរា​ទាញព្រ័ត្រ​នេះ​។

លោក ឈូក សុម៉ាឡា ឱ្យ​ដឹងទៀត​ថា ដំបូង​ឡើយ ក្រុម​ការងារ​បាន​ជីក​កាយ​ដី​ជម្រៅ​ប្រមាណ​ពី​ ៣ ទៅ ​៤ ​តឹក ក៏​ប្រទះឃើញ​បំណែក​ថ្ម​បុរាណ​ចំនួន​ ៣ ​ផ្ទាំង បន្ទាប់មក​ក្រុមការងារ​ក៏បាន​យក​ទៅ​លាង​សម្អាត និង​ផ្គុំ​គ្នា ក៏​កើត​បាន​ទៅជា​ព្រះ​កេសអសុរា​តែមួយ ដែល​មាន​កម្ពស់​ ៦០ ​សង់ទីម៉ែត្រ ទទឹង​ ៦៥​ សង់​ម៉ែត្រ និង​កម្រាស់​ ៥៩ ​សង់ទីម៉ែត្រ​។

ព្រះកេស​អសុរា​ធ្វើ​ពី​ថ្មភក់ ដែល​គេ​ប្រទះឃើញ​នេះ គឺ​ស្ថិត​ក្នុង​រចនាប័ទ្ម​បាយ័ន នៃ​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ដូចគ្នា​នឹង​អសុរា​ទាញព្រ័ត្រ​នៅតាម​ខ្លោងទ្វារ​ទាំង​ ៤ ​ផ្សេងទៀត​នៃ​ក្រុង​អង្គរធំ​ដែរ​។

បច្ចុប្បន្ន ព្រះកេស​អសុរា​នេះ ក្រុម​ការងារ​បាន​សហការ​ជាមួយ​នគរបាល​ការពារ​បេតិកភណ្ឌ និង​ភ្នាក់ងារ​សណ្តាប់ធ្នាប់ ព្រម​ទាំង​ភ្នាក់ងារ​ទេសចរណ៍​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះនរោត្តម​សីហនុ-​អង្គរ ដើម្បី​លាង​សម្អាត និង​ជួសជុល​តាម​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ក្រុម​ការងារ​ក៏​នឹងសិក្សា​ដើម្បី​ស្វែងរក​ដងខ្លួន​ដើម​នៃ​ចម្លាក់​នោះ មុន​នឹង​យក​ទៅ​ផ្គុំ​ឡើងវិញ​។

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹងថា តាម​ការអះអាង​របស់​អ្នកភូមិ កន្លែង​ដែល​គេ​ប្រទះឃើញ​ព្រះកេស​អសុរា​នេះ គឺ​ធ្លាប់​ជា​ការដ្ឋាន​ជួសជុល​ខ្លោងទ្វារ​ទន្លេ​អុំ កាលពី​សម័យ​បារាំង​។

បច្ចុប្បន្ន​តាម​ការពិនិត្យ​នៅ​ទីតាំង​នោះ​ជាក់ស្តែង ឃើញ​ថា មាន​នៅ​សេសសល់​បំណែក​ដៃ ជើង ដងខ្លួន​នាគ ព្រមទាំង​ចម្លាក់​ទេវតា និង​អសុរា​ទាញព្រ័ត្រ​ជាច្រើន​បំណែក​ទៀត​ដែល​នៅ​រប៉ាត់រប៉ាយ​ពេញ​ក្នុង​បរិវេណ​នោះ​។

សូម​បញ្ជាក់​ដែរថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​កែលម្អ​ទីតាំង​ខាងលើ ឱ្យ​មាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​ឡើងវិញ ដូច្នេះ​ការធ្វើ​កំណាយ​ស្រាវជ្រាវ និង​ការចុះបញ្ជី​បំណែក​ចម្លាក់​ក្នុង​ទីតាំង​នោះ​នឹង​បន្ត​ធ្វើ​ដើម្បី​ស្វែងរក​បំណែក​ចម្លាក់​ជាច្រើន​ទៀត ដែល​បាន​បាត់បង់​ ដើម្បី​អាចមាន​លទ្ធភាព​យកទៅ​ដាក់​ផ្គុំ​ឡើងវិញ​នាពេល​អនាគត​៕