សៀមរាបៈ សិស្សានុសិស្ស​ចំនួន ​១៨២ ​នាក់ ក្នុងនោះ​មាន​សិស្ស​ថ្នាក់​ទី​ ៥ ចំនួន​ ២ ​ថ្នាក់ និង​សិស្ស​ថ្នាក់​ទី​ ៦ ចំនួន ​២ ​ថ្នាក់ នៃ​សាលាបឋមសិក្សា​ក្របី​រៀល ស្ថិតក្នុង​សង្កាត់​ក្របីរៀល ក្រុង​សៀមរាប​បាន​ទៅ​ទស្សនកិច្ច​សិក្សា​អំពី​កិច្ចការងារ​អភិរក្ស​ប្រាសាទ​អង្គរវត្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ព្រឹក​ថ្ងៃទី​ ២០ ​តុលា ខណៈ​បច្ចុប្បន្ន ភ្ញៀវទេសចរ​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ​។

បើតាម​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ​ជា​លើក​ទី​ ១ ​ហើយ ដែល​សិស្សានុសិស្ស​មកពី​សាលាបឋមសិក្សា​ក្របី​រៀល​បាន​ចូលមក​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា​សហការណ៍​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អប់រំ​បេតិកភណ្ឌ កាលពី​ខែឧសភា ឆ្នាំ​ ២០២២​ ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹងថា ដើម្បី​បណ្តុះ​គំនិត​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បាន​យល់ដឹង​អំពី​ការថែរក្សា​បេតិកភណ្ឌ​ចាប់តាំងពី​ឆ្នាំ ​២០០៧ ​មក ក៏មាន​វគ្គ​បណ្តុះបណ្តាល​ ១ ដល់​សិស្សានុសិស្ស​រស់នៅ​តំបន់​បេតិកភណ្ឌ​មាន​ក្នុង​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និង​ខេត្តកំពង់ធំ​។

សូមបញ្ជាក់​ផងដែរ​ថា នាពេល​បច្ចុប្បន្ន ភ្ញៀវទេសចរ​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ​ជា​បន្តបន្ទាប់​ហើយ ដែល​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា កំណើន​នៃ​ភ្ញៀវទេសចរ​នឹង​វិលត្រឡប់​មករក​ស្ថានភាព​ល្អប្រសើ​ឡើងវិញ បន្ទាប់ពី​ស្ងប់ស្ងាត់ ភ្ញៀវទេសចរ​អស់​រយៈពេល​ប្រមាណ​ជាង​ ២ ​ឆ្នាំ​កន្លងមក ដោយសារ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ ​។ នេះ​បើ​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​៕