សៀមរាបៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អគ្គិសនី​កម្ពុជា (EDC) នឹង​មិន​យក​ថ្លៃ​ត​ភ្ជាប់​ចរន្តអគ្គិសនី​ទៅ​កាន់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​រុនតាឯក និង​ពាក់ស្នែង នៃ​ខេត្ត​សៀមរាប នោះទេ ដែល​នេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អាច​ចំណេញ​ថវិកា​ប្រមាណ​ពី ៣ ម៉ឺនរៀល​ដល់​ជាង ៣ លានរៀន។

​លោក​ថ្លែងថា EDC បាន​កសាង​អគ្គិសនី​នៅ​តំបន់​នេះ ហើយ​តម្លៃ​សម្រាប់​ការ​សាងសង់​អគ្គិសនី ប្រើ​ថវិកា​ប្រមាណ ៦ លានដុល្លារ​អាមេរិក ប៉ុន្តែ​ដើម្បី​សម្រាល​ដល់​ថវិកាជាតិ ក្រុមហ៊ុន​អគ្គិសនី​មិន​ទាមទារ​ប្រាក់​ពី​រាជរដ្ឋាភិបាល​នោះទេ​។ ក្រុមហ៊ុន​អគ្គិសនី​គឺ​ជួយ​ក្នុង​ការចេញ​ថវិកា​ទាំងនោះ​ដើម្បី​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ទាញ​ខ្សែភ្លើង​ចូល​ទៅ​ក្នុង​តំបន់​នេះ។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា មក​រស់នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី រុនតាឯក ខេត្ត​សៀមរាប នា​ថ្ងៃទី ២១ ខែ​តុលា លោក ហ៊ុន សែន បញ្ជាក់ថា ក្រុមហ៊ុន​អគ្គិសនី​នឹង​មាន​ទីស្នាក់ការ​នៅ​ក្នុង​តំបន់​នេះ ដែល​ត្រូវ​បាន​ប្រគល់​ដី​ឱ្យ​ចំនួន​ជាង​កន្លះ​ហិកតា ដើម្បី​ប្រតិបត្តិការ​អគ្គិសនី​នៅ​ក្នុង​តំបន់​នេះ។

​លោក​ថ្លែងថា​៖ «​ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​រុនតាឯក និង​តំបន់​ពាក់ស្នែង អគ្គិសនី​កម្ពុជា​នឹង​មិន​យក​ថ្លៃ​ភ្ជាប់​ចរន្ត ទោះជា​សម្រាប់​អ្នក​ប្រើ​កម្លាំង​តូច​ត្រឹម ៥ អំពែរ ឬ​អ្នក​ប្រើប្រាស់​ធំ​ដល់ ១០០ អំពែរ គឺ​ប្រជាជន​យើង​អាច​ចំណេញ​បាន​ពី ៣ ១០០០ រៀល​រហូតដល់ ៣ ៣០០ ០០០ រៀល»៕