សៀមរាបៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រើ​លំនៅឋាន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី រុនតាឯក​នៃ​ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា នេះ​វា​ជាការ​ផ្តល់​មួយ​សម្រាប់​បងប្អូន​ដែល​ស្ម័គ្រចិត្ត​ចេញពី​រមណីដ្ឋាន​អង្គរ ហើយ​មក​ស្នាក់​នៅ​ទីនេះ ដែល​ក្រោយ​នេះ បងប្អូន​ខ្លះ​គិតថា នឹង​ផ្តល់​ឱ្យទៅជា​ដី​សង្គមកិច្ច តែ​ខ្ញុំ​មិន​យល់​យ៉ាង​ដូច្នោះ​ទេ។ ខ្ញុំ​គិតថា បន្ទាប់​ពី​ហ្នឹង​ទៅ​ត្រូវ​ចេញ​បណ្ណ​កម្មសិទ្ធិ​ឱ្យ​បងប្អូន​តែម្តង​ទៅ ព្រោះ​បងប្អូន​ត្រូវការ​យក​ទៅ​ដាក់​នៅ​ធនាគារ​ដើម្បី​ខ្ចីប្រាក់​គេ មិន​អ៊ីចឹង!»។​

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា មក​រស់នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី រុនតាឯក នា​ថ្ងៃទី ២១ ខែតុលា។​

​លោក​ថ្លែងថា ចំពោះ​ដី​សម្បទាន​សង្គមកិច្ច​គឺ​ប្រជាពលរដ្ឋ​មិនអាច​យកទៅ​ប្រើប្រាស់​ក្នុងការ​ខ្ចី​ប្រាក់​ធនាគារ​បាន​នោះទេ ព្រោះ​រាជរដ្ឋាភិបាល​មិនទាន់​ចេញ​បណ្ណ​កម្មសិទ្ធិ​ឱ្យ​ពួកគាត់ ដោយ​លោក​បញ្ជាក់ថា​៖ «​អាហ្នឹង​គឺ​ខ្ញុំ​បញ្ជាក់​បន្ថែម​ថ្ងៃ​ហ្នឹង​គឺ​ពេល​ដែល​បងប្អូន​មក​នៅ​ទីនេះ ប៉ុន្តែ​ចាំ​មក​នៅ​សិន បើ​អត់​ទាន់​មក​នៅ​ផង​។ ឥឡូវ​ត្រឹមតែ​ផ្គត់ផ្គង់​សម្រាប់​ប្រាក់​សង្គម​ទេ​។ សម្រាប់​ការចេញ​បណ្ណ​កម្មសិទ្ធិ ឱ្យ​បងប្អូន​មក​នៅ​សិន»។​

​លោក ហ៊ុន សែន បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ក្នុង​តំបន់​នេះ ដើម្បី​បង្កើត​ឱ្យ​ជា​ភូមិ​មូលដ្ឋាន​រឹងមាំ ខណៈ​លោក​បាន​អំពាវនាវ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ផ្តល់​ការ​យោគយល់​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​នេះ៕​