សៀមរាបៈ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​មហន្ដរាយ​ដោយ​ទឹកជំនន់​ចំនួន ២ ៨៧៤ គ្រួសារ នៅក្នុង​ស្រុក​ជីក្រែង បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​គ្រាប់​ពូជស្រូវ ពី​រាជរដ្ឋាភិបាល ខណៈ​ស្រុក​នេះ មាន​ដំណាំ​ស្រូវ​រង​ផលប៉ះពាល់​ចំនួន ២ ៧៧៩ ​ហិកតា និង​រង​ការខូចខាត​ចំនួន ១៣៥​ ហិកតា ត្រូវ​ស្តារ​ឡើង​វិញ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​សៀមរាប​ចុះផ្សាយ​នៅ​ថ្ងៃទី​ ២០ ​តុលា​។

ពិធី​ប្រគល់​អំណោយ​កាលពី​ថ្ងៃទី​ ១៩ ​តុលា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទទួល​ជំនួយ​។

លោក​ ទៀ សីហា បាន​ថ្លែង​ថា​៖«​ការផ្ដល់​ស្បៀង​នេះ ជាការ​យក​ចិត្ដ​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហា សេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​គិតគូរ និង​បាន​ឧបត្ថម្ភ​គាំទ្រ​ជា​បន្តបន្ទាប់ ដល់​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់ គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​គ្រោះទឹកជំនន់​នេះ​»​។

លោក​អភិបាល​ខេត្ត​លើកឡើង​ថា បើទោះបី​ស្បៀង​ទាំងនេះ មិន​ច្រើន​ក៏ពិតមែន ប៉ុន្ដែ​អាច​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​បាន​មួយគ្រា ដែល​នេះ​បង្ហាញ​ពី​ការយក​ចិត្ដ​ទុកដាក់​ពី​រាជរដ្ឋាភិបាល​។

លោក ពៅ ប៊ុនធឿន អភិបាល​ស្រុក​ជីក្រែង មាន​ប្រសាសន៍​ថា នៅក្នុង​ភូមិសាស្ដ្រ​ស្រុក​ជីក្រែង ចាប់ពី​ថ្ងៃទី ២៣ ខែ​កញ្ញា ឆ្នាំ​ ២០២២ រហូតដល់​ថ្ងៃទី​ ១៧ ខែ​តុលា ឆ្នាំ​ ២០២២ បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ជន់លិច​មាន​ចំនួន​ ១២ ​ឃុំ ដោយ​ក្នុងនោះ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ចំនួន ២ ៧២០ ​គ្រួសារ កុមារ​លង់ទឹក​ស្លាប់​ចំនួន ០២ ​នាក់ លិច​លំនៅឋាន​កម្រិត​ស្រាល​ចំនួន​ ១៧២ ​គ្រួសារ លិច​ទីធ្លា​សាលារៀន លិច​បរិវេណ​មណ្ឌល​សុខភាព លិច​អគារ​រដ្ឋបាល​ឃុំ លិច​វត្ត​អារាម ព្រមទាំង​លិច​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន​បណ្ដាល​ឱ្យ​ខូចខាត​ប្រវែង ២ ៣១៦ ​ម៉ែត្រ​។

ក្រៅពីនេះ ដំណាំ​ស្រូវ​រង​ផលប៉ះពាល់​ចំនួន ២ ៧៧៩ ​ហិកតា និង​ខូចខាត​ចំនួន ១៣៥ ​ហិកតា ក្នុងនោះ​តម្រូវ​ការស្ដា​ដាំដុះ​ឡើងវិញ​ចំនួន ៥២ ​ហិកតា​ស្មើនឹង ១២១ គ្រួសារ​។

លោក​បន្ដ​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​សរុប​ចំនួន ២ ៨៧៤ គ្រួសារ ដែល​ត្រូវ​ទទួល​ស្បៀង​សង្គ្រោះបន្ទាន់​របស់​រាជរដ្ឋាភិបាល និង​ទទួលបាន​គ្រាប់ពូជ​ស្រូវ​មាន​ចំនួន​ ១២១​ គ្រួសារ សម្រាប់​ពួកគាត់​យកទៅ​ដាំ​ស្រូវ​ស្តារ​ឡើង​វិញ​ក្នុង​អំឡុងពេល​ទឹក​កំពុង​ស្រក​ជា​បណ្តើរៗ​នេះ​។

បើតាម​រដ្ឋបាល​ខេត្ត​សៀមរាប គិត​ចាប់ពី​ថ្ងៃទី​ ១៧ ខែ​តុលា​ឆ្នាំ​ ២០២២ ​នេះ ការបែងចែក​ស្បៀង និង​គ្រឿងឧបភោគ បរិភោគ ដល់​ប្រជាពលរដ្ឋ​មាន​ផលប៉ះពាល់​ដោយ​គ្រោះមហន្ដរាយ​ពី​គណៈកម្មការ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​មាន​ចំនួន​ជាង​ ៦​ ពាន់​គ្រួសារ ក្នុងចំណោម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ១​ ម៉ឺន​ ៤៥០ ​គ្រួសារ ក្នុងស្រុក​ចំនួន​ ៨​ នៃ​ខេត្ដ​សៀមរាប​៕​