សៀមរាបៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា សាលាស្រុក​បន្ទាយស្រី​ នឹងត្រូវ​រើចេញ​ទៅ​នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក ហើយ​សាលាស្រុក​អង្គរធំ ​ក៏​នឹងត្រូវ​រើចេញ​ទៅ​នៅ​តំបន់​ពាក់​ស្នែង ក្នុង​ខេត្ត​សៀមរាប​។

លោក​ថ្លែងថា​៖ «​សាលាស្រុក​បន្ទាយស្រី​ដែល​ស្ថិត​នៅក្នុង​តំបន់​មួយ​ត្រូវ​រើ​មក​នៅ​រុនតាឯក​ដែរ​។ អ៊ីចឹង​ទេ បងប្អូន​នៅ​រុនតាឯក​គឺ​ត្រូវប៉ាន់​ហ្មង​។ ស្អី​ក៏មានដែរ​! សាលាស្រុក​មក​នៅ​ជិត​ហ្នឹង​។ ឥឡូវ​ទុក​ឱ្យ​គាត់​ប៉ុន្មាន​ហិកតា​នៅ​កន្លែង​ហ្នឹង​ទៅមក​កសាង ព្រោះ​អាហ្នឹង​ជា​សំណូមពរ​របស់​អភិបាល​ខេត្ត សំណូមពរ​របស់​អភិបាលស្រុក ដើម្បី​រើចេញ​។ មិន​អាច​ឱ្យ​ប្រជាជន​ចេញ ហើយ​អាជ្ញាធរ​មិន​ព្រម​ចេញ​។ អ៊ីចឹង ត្រូវ​ចេញមក​»​។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មក​រស់នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី រុនតាឯក នា​ថ្ងៃទី​ ២១ ខែតុលា​។

លោក​បន្ថែមថា​៖ «​សម្រាប់​សាលាស្រុក​អង្គរធំ​ក៏​នៅក្នុង​តំបន់​មួយ​ដែរ​ត្រូវ​លើក​ទៅធ្វើ​នៅ​ពាក់​ស្នែង​ឯនោះ​។ អ៊ីចឹង ត្រូវ​ចេញ​ដែរ ព្រោះ​អ្នក​នៅក្នុង​តំបន់​មួយ​ជា​កន្លែង​ដែល​យើង​ត្រូវ​ដោះស្រាយ​»៕