ភ្នំពេញៈ កម្ពុជា និង​ទីម័រ​ខាងកើត បាន​ចាត់ទុក​ការចូល​ជា​ធរមាន​នាពេល​ថ្មីៗ​នេះ​នៃ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លងដែន​ការទូត និង​ផ្លូវការ ថា​ជាការ​បោះជំហាន​មួយទៀត​នៅក្នុង​ការពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ​២​។

កាល​ថ្ងៃទី ២០ ខែ​តុលា លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (José Manuel Ramos-Horta) និង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបប្រជុំ​កំពូល​ទ្វេភាគី​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ក្នុង​ឱកាស​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃទី​ ២១ ខែ​តុលា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ២១ ខែ​តុលា ថា លោក ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ និង​បាន​ចាត់ទុក​ថា វា​ជា​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​អត្ថន័យ​របស់ លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ក្នុងពេល​ដែល​ប្រទេស​ទាំង ​២ ​ប្រារព្ធ​ខួប​លើក​ទី​២០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​ថ្នាក់ដឹកនាំ​ទាំង​ ២​ បាន​ស្វាគមន៍​ចំពោះ​ការចូល​ជា​ធរមាន​នាពេល​ថ្មីៗ​នេះ នៃ​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លងដែន​ការទូត និង​ផ្លូវការ ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ទៅកាន់​ប្រទេស​ទីម័រ​ខាងកើត កាលពី​ឆ្នាំ​ ២០១៦ និង​បាន​ចាត់ទុក​កិច្ចព្រមព្រៀង​នេះ​ថា​ជាការ​បោះជំហាន​មួយទៀត​នៅក្នុង​ការពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២»​។

លោក ហ៊ុន សែន បាន​រំឭក​ឡើងវិញ​អំពី​ការពិភាក្សា «​ប្រកប​ដោយ​ផ្លែផ្កា​» នាពេល​ថ្មីៗ​នេះ​រវាង​ថ្នាក់ដឹកនាំ​ទាំង​ ២​ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ជាពិសេស អំពី​សារៈសំខាន់​នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។

ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ ២ ​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ឯកសារ​ចំនួន​ ៣ ដែល​បាន​ចុះ​ហត្ថលេខា​រួច រួមមាន អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកទេស កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកទេស និង​សេដ្ឋកិច្ច និង​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​ឯកឧត្តម​ប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បាន​បង្ហាញ​ចំណាប់​អារម្មណ៍ និង​ទទួល​យកទៅ​ពិចារណា​សំណើ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការវិនិយោគ​ដោយ​ប្រទេស​ទីម័រ​ខាងកើត លើ​វិស័យ​ម៉ាស៊ីន​កិនស្រូវ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ទីម័រ​ខាងកើត ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ប្រទេស​»៕