ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រាប់​ពី​វិធានការ​បង្ការ​ឧបាយកល​បោក​បញ្ឆោត​លួច​គណនី​តេឡេក្រាម (Telegram) ក្រោម​ទម្រង់​រូបភាព​មាន​ចលនា «Gift 74/100 Free Premium» ខណៈ​នាពេល​ថ្មីៗ​នេះ មានការ​ប្រើល្បិច​លួច​យក​គណនី​តេឡេក្រាម តាមរយៈ ការបោក​បញ្ឆោត​ដោយ​ចោរ​បច្ចេកវិទ្យា (Hackers)​។

ក្រសួង​ប្រៃសណីយ៍​បញ្ជាក់​នា​ថ្ងៃទី​ ២១ ខែ តុលា នៅលើ​ទំព័រ​ហ្វេសប៊ុក​ថា អ្នក​បោក​ប្រាស់​បាន​បង្កើត​តំណភ្ជាប់​ក្លែងក្លាយ​ដោយ​ដាក់​រូបភាព​មាន​ចលនា (Gif) និង​តំណភ្ជាប់ មើលទៅ​ហាក់ដូចជា​សារ​របស់​ក្រុមហ៊ុន​តេឡេក្រាម ក្នុង​គោលដៅ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ដើម្បី​លួច​យក​គណនី​។

ក្រសួង​បញ្ជាក់​ថា​៖ «​ការបោក​បញ្ឆោត​នេះ​ធ្វើឡើង​តាមរយៈ​ការជូន​ដំណឹង​ទៅ​ម្ចាស់​គណនី​តេឡេក្រាម ក្រោម​ទម្រង់​រូបភាព​មាន​ចលនា (Gif) ដែល​មាន​ពាក្យ​ថា Gift 74/100 Free Premium ដើម្បី​បំពេញ​ព័ត៌មាន​ទទួលបាន​គណនី​ប្រើប្រាស់​គ្មាន​ដែន​កំណត់ នៅពេល​ម្ចាស់​គណនី​តេឡេក្រាម​ចុច​លើ​រូបភាព​មាន​ចលនា ឬ​តំណ​ភ្ជាប់ នឹង​មាន​ការ​តម្រូវ​ឱ្យ​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​ដូចជា ឈ្មោះ ពាក្យ​សម្ងាត់​គណនី ជាដើម​។ បន្ទាប់មក​ចោរ​ព័ត៌មានវិទ្យា (Hackers) ធ្វើការ​លួច​យក​គណនី​តេឡេក្រាម​»​។

ក្រសួង​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការបន្លំ ក្រោម​ទម្រង់​រូបភាព​មាន​ចលនា​(Gif) ដែល​មាន​ពាក្យ​ថា «Gift 74/100 Free Premium» នៅក្នុង​តេឡេក្រាម ដើម្បី​បំពេញ​ព័ត៌មាន​ទទួលបាន​គណនី​ប្រើប្រាស់​គ្មាន​ដែន​កំណត់ ដែល​តម្រូវឱ្យ​មានការ​ចុច​ទៅលើ​តំណ​ភ្ជាប់ (Link)​។

ក្រសួង​ណែនាំ​ឱ្យធ្វើ​ការត្រួតពិនិត្យ​រាល់​រូបភាព​មាន​ចលនា (Gif) ឬ​តំណភ្ជាប់​នានា​ឱ្យបាន​ច្បាស់លាស់​និង​មិនត្រូវ​ចុច​បើក​មើល ឬ​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​តាម​ការទាមទារ​។

ក្រសួង​បញ្ជាក់​ថា​៖ «​បើសិនជា​លោកអ្នក​បាន​ចុច សូម​កុំ​បំពេញ​ព័ត៌មាន​អ្វី​ទាំងអស់ សូម​ប្តូរ​លេខ​សម្ងាត់ និង​ចាកចេញ (Sign Out) គ្រប់​ឧបករណ៍​ទាំងអស់​ភ្លាម ចៀសវាង​ការបាត់បង់​គណនី​»៕