ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​អស់​សុពលភាព ឬ​មុន​អស់​សុពលភាព​រយៈពេល​ ៩០ ​ថ្ងៃ​ ធ្វើការ​បំពេញ​បែបបទ​ប្តូរ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី ដើម្បី​ធានា​នូវ​សិទ្ធិ​ក្នុងការ​ទទួលបាន​សេវា​ផ្សេងៗ​។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ២១ ខែ​តុលា ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​មាន​សុពលភាព​ត្រឹម​រយៈពេល​ ១០ ​ឆ្នាំ គិត​ចាប់ពី ថ្ងៃ​ផ្ដល់​។ អត្តសញ្ញាណប័ណ្ណ​ដែល​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​តាំងពី​ខែ​មិថុនា ឆ្នាំ​ ២០១២ បាន​អស់​សុពលភាព​ប្រើប្រាស់​ជា​បណ្តើរៗ ចាប់ពី​ខែ​មិថុនា ឆ្នាំ​ ២០២២ នេះ​តទៅ​។

សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​ថា​៖ «​ដើម្បី​ធានា​នូវ​សិទ្ធិ​ក្នុងការ​ទទួលបាន​សេវា​ផ្សេងៗ ជាពិសេស​សិទ្ធិ​នយោបាយ​ក្នុងការ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​កាន់​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ ខាងមុខ​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​អស់​សុពលភាព ឬ​សុពលភាព​នៅសល់​តិច​ជាង​ ឬ​ត្រឹម​រយៈពេល ​៩០ ​ថ្ងៃ សូម​អញ្ជើញ​មក​បំពេញ​បែបបទ​ប្តូរ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​»៕