ភ្នំពេញៈ រដ្ឋសភា​កម្ពុជា ឡាវ និង​វៀតណាម (CLV) គូសបញ្ជាក់​ឡើងវិញ​ពី​ការប្តេជ្ញា​លើកកម្ពស់​សហប្រតិបត្តិ​ការ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV ដើម្បី​ចំណងមិត្តភាព សាមគ្គីភាព​និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន​និង​ការអភិវឌ្ឍ​នៅ​តំបន់​ព្រំដែន CLV​។​

​ការគូសបញ្ជាក់​ឡើងវិញ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​គណៈកម្មកា​រ​/​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភាជាតិ​នៃ​ប្រទេស CLV ទាំង​៣​នេះ នៅ​ទីក្រុង​សា​ប៉ា ខេត្ត​ឡៅ​កៃ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​១៨-២១ ខែតុលា​។​

​សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋសភា​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​ ២១ ខែតុលា ថា​៖ «​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​បានបញ្ចប់​ទៅដោយ​រលូន ប្រកបដោយ​ស្មារតី​មិត្តភាព​ស្និទ្ធស្នាល​ដោយ​ប្រធាន គណៈកម្មការ​/​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ប្រទេស​ទាំង​ ៣ បានបញ្ជាក់​ឡើងវិញ​ពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​សហប្រតិបត្តិ​ការ​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV ដើម្បី​ចំណងមិត្តភាព សាមគ្គីភាព និង​ការលើកកម្ពស់ ជីវភាព​ប្រជាជន​និង​ការអភិវឌ្ឍ​នៅ​តំបន់​ព្រំដែន CLV»​។​

​កិច្ចប្រជុំ​នេះ​បាន​ឯកភាពគ្នា​លើ​ខ្លឹមសារ​សេចក្តីព្រាង​នីតិវិធី​ដើម្បី​ត្រៀម​ដាក់ជូន​ថ្នាក់ដឹកនាំ​កំពូល​នៃ​រដ្ឋសភា​ទាំង​៣ ពិនិត្យ​និង​សម្រេច​ជា​ផ្លូវការ ក្នុងជំនួប​នាឱកាស​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤៣ នៅ​រាជធានី​ភ្នំពេញ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា សេចក្តីព្រាង​វិធាន​នៃ​នីតិវិធី​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​រដ្ឋសភា CLV តាម​យន្តការ​ប្តូរ​វេន​រៀងរាល់ ​២​ ឆ្នាំ​ម្តង​។​

​តប​តាម​ការអញ្ជើញ​របស់លោក Vu Hai Ha ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស រដ្ឋសភា​វៀតណាម គណៈប្រតិភូ​រដ្ឋសភា​ក​ម្ពុ​ជា ដឹកនាំ​ដោយ លោក សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​គណៈប្រតិភូ​រដ្ឋសភា​ឡាវ ដឹកនាំ​ដោយ លោក Sanya Praseuth ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​អំពី​សេចក្តីព្រាង​នីតិវិធី នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​រដ្ឋសភាជាតិ CLV ដែល​គ្រោង​នឹង​រៀបចំ​លើក​ទី​១ នៅ​ប្រទេស​ឡាវ នៅ​ឆ្នាំ​ ២០២៣ ស្របតាម​ស្មារតី​នៃ​ទស្សនកិច្ច​របស់ លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម និង​ឡាវ កាលពី​ឆ្នាំ​២០២២ និង​ស្មារតី​នៃ​ជំនួប​រវាង​ប្រធាន​គណៈកម្មការ​/​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ប្រទេស​CLV នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែមីនា ឆ្នាំ​ ២០២២ ដែល​បាន​ឯកភាព​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៃ​រដ្ឋសភា​ទាំង ​៣ ទៅដល់​កម្រិត​ប្រធានរដ្ឋសភា​។​

​កិច្ចសហប្រតិបត្តិការ​នៃ​រដ្ឋសភាជាតិ CLV បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​ ១៩៩៩ ស្រប​ពេលដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​៣ កម្ពុជា ឡាវ និង​វៀតណាម បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រី កោណ (DTA)៕