ភ្នំពេញៈ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​ ២១ ខែ​តុលា បាន​ប្រកាស​អំពាវនាវ​ដល់​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ជំរុញ​អនុវត្ត​ការងារ អធិការកិច្ច​ហត្ថពលកម្ម​បរទេស​នៅ​កម្ពុជា ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់ ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី ២១ ខែ​តុលា បាន​ឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​កិច្ចប្រតិបត្តិការ​បង្ក្រាប​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល វិធានការ​នានា​របស់ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ដោយយោង​តាមច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ និង​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​ប្រកាស​អន្តរក្រសួង ស្តីពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង ពិនិត្យ តាមដាន និង​ជំរុញ​ការងារ​អធិការកិច្ច​ហត្ថពលកម្ម​បរទេស​។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ដើម្បី​គណៈកម្មការ​អន្តរក្រសួង​នេះ​អនុវត្ត​ផែនការ​របស់ខ្លួន​ទទួលបាន​ជោគជ័យ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង​​ស្ថាប័ន​ថ្នាក់ជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សមត្ថកិច្ច​ពាក់ព័ន្ធ គ្រឹះស្ថាន រោងចក្រ សហគ្រាស ទីតាំង ដែលមាន​ប្រើប្រាស់​ហត្ថពលកម្ម​បរទេស ព្រមទាំង​ស្ថាន​តំណាង​បរទេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការពាក់ព័ន្ធ សូម​ផ្តល់​ការគាំទ្រ និង​ចូលរួម​សហការ​ក្នុង​កិច្ចប្រតិបត្តិការ​របស់​ក្រុមការងារ​អន្តរក្រសួង​នេះ ដើម្បី​ធានា​ដល់​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕