បន្ទាយមានជ័យៈ ក្រុមមន្ត្រី​ជំនាញ​កសិកម្ម​នៅ​ថ្ងៃទី​ ២១ ខែ​តុលា​បាន​បើក​យុទ្ធនា​ការចាក់​ថ្នាំ​ការពារ​ជំងឺ​អុតក្តាម​សត្វ​គោក្របី​បាន​ចំនួន ១៤៩៦ ក្បាល នៅ​ភូមិ​ចំនួន​ ៣ ក្នុង​ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

យុទ្ធនា​ការចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺ​សត្វ​គោក្របី​នេះ មានការ​ចូលរួម​ពី​ក្រុម​អន្តរាគម​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត រួម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រដ្ឋបាល​ស្រុក​ព្រះនេត្រព្រះ ការិយាល័យ​កសិកម្ម ធនធាន​ធម្មជាតិ និង​បរិស្ថាន អាជ្ញាធរ​ឃុំ​ឈ្នួរ​មានជ័យ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង ប្រជាការពារ​។

របាយការណ៍​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​បន្ទាយមានជ័យ បានឱ្យ​ដឹង​ថា យុទ្ធនា​ការចាក់​ថ្នាំ​ការពារ​ជំងឺ​អុតក្តាម​សត្វ​គោក្របី របស់​ប្រជាកសិករ​គឺ​មកពី​ភូមិ​ចំនួន​ ៣ គឺ​ភូមិ​គោក​ត្រាច​, គោក​ពង្រ និង​ភូមិ​រពាក់ ដែល​គោ​សរុប​មាន​ចំនួន ១ ៥០៧​ ក្បាល និង​ក្របី ១៣៥ ​ក្បាល ក្នុងនោះ មន្ត្រី​ជំនាញ​ចាក់​បាន​គោ​សរុប ១ ៣៩៥ ​ក្បាល និង​ក្របី ១០១ ​ក្បាល ដែលមាន​ប្រជាកសិករ​ជា​ម្ចាស់​សត្វ​ចូលរួម​សរុប ១ ៣០ ​នាក់ (​ស្ត្រី ៤៧​ នាក់​)​។

យុទ្ធនាការ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​, លោក ឃ្លោក នួយ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​, ព្រមទាំង លោក​ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕