ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​សហការ​រៀបចំ​យុទ្ធនា​ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ​នៅក្នុង​ខេត្តមណ្ឌលគិរី ក្នុង​គោលបំណង ការពារ​ធនធាន​សត្វ​ព្រៃ​កម្ពុជា​ឱ្យបាន​គង់វង្ស និង​រួមចំណែក​ដល់​កិច្ច​គាំពារ​សុខភាព​សាធារណៈ ខណៈ​អ្នកជំនាញ​ថា​ការបរិភោគ​សត្វព្រៃ​មានឱកាស​ឆ្លង​មេរោគ​ផ្សេងៗ​។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​កុំឱ្យ​មានការ​ផ្ទុះឡើង​នូវ​ការចម្លង​ជំងឺ​ពីស​ត្វ​ទៅ​មនុស្ស​នៅ​ថ្ងៃ​អនាគត ក៏ដូចជា​ការពារ​សត្វ​ព្រៃ​នៅ​កម្ពុជា ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ អង្គការ​WWF ខេត្តមណ្ឌលគិរី មន្ទីរ​បរិស្ថាន​ខេត្ត រដ្ឋបាល​ខណ្ឌ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី និង​ដៃគូ​សំខាន់ៗ ផ្តួ​ត​ផ្តើម​រៀបចំ​​យុទ្ធនា​ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ នៅ​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ ២០២២​។​

​រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា យុទ្ធនា​ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ ពិត​ជាមាន​សារៈសំខាន់ ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​ដៃគូ​ពាក់ព័ន្ធ ដែល​បំពេញការងារ​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់ និង​ការផ្តល់​សុវត្ថិភាព​ដល់​សត្វព្រៃ​។​

​លោក​បន្តថា យុទ្ធនាការ​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដែល​បាន​ដាក់ចេញ​កន្លងមក ដែល​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ទទួលបាន​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​លោក​ថា​៖«​យុទ្ធនាការ​នេះ ផ្តោតទៅលើ​ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ ហើយ​បង្វែរ​ទិសដៅ​ទៅលើ​ទីតាំង​ភោជនីយដ្ឋាន ព្រោះ​ជា​កន្លែង​ជួញដូរ​សត្វព្រៃ ហើយ​ក្នុងនោះ​មាន​ភោជនីយដ្ឋាន​ចំនួន ៣២ ដែល​បាន​ចូលរួម​ប្រកាស និង​មិន​លក់​ម្ហូប​សត្វព្រៃ​ទេ​»​។​

​លោក នេត្រ ភក្ត្រា ឱ្យដឹងថា ក្នុង​រយៈពេល​ ១៨ ខែ​មកនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​បង្ក្រាប​ការជួញដូរ​សាច់សត្វ​ព្រៃ​ចំនួន ១ ៣៥៣ គីឡូក្រាម ក្នុង​ខេត្តមណ្ឌលគិរី ដោយ​មិន​រាប់បញ្ចូល​ខេត្ត​ផ្សេង​។​

​ជាមួយគ្នានេះ​លោក​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​និយម​ហូប​សាច់សត្វ​ព្រៃ ម្ចាស់​ភោជនីយដ្ឋាន បញ្ឈប់​ការហូប និង​ការជួញដូរ​សត្វព្រៃ ដើម្បី​ផលប្រយោជន៍​ជាតិ​។​

​លោក សេង ទៀក ប្រធាន​អង្គការ WWF កម្ពុជា បាន​ថ្លែងថា យុទ្ធនាការ​នេះ ជា​ផ្នែក​មួយ​ក្រោម​ឆត្រ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ ក្រោម​ការដោះស្រាយ​បញ្ហា​រួម​ពាក់ព័ន្ធ​សត្វព្រៃ​។ លោក​គូសបញ្ជាក់ថា យុទ្ធនាការ​នេះ ទោះបី​មិន​ធ្វើ​ការដាក់​អន្ទាក់​ចុះមក​នៅត្រឹម​សូន្យ ប៉ុន្តែ​នឹងចូលរួម​កាត់បន្ថយ​ការដាក់​អន្ទាក់​បាន​ច្រើន​។ លោក​ថា​៖ «​សង្ឃឹមថា ​ម្ចាស់​ភោជនីយដ្ឋាន នឹង​បន្ត​ផ្សព្វផ្សាយ​ដល់​អតិថិជន ឱ្យ​ឈប់​ហូប​សាច់​សត្វព្រៃ និង​រំពឹងថា​ពលរដ្ឋ​បញ្ឈប់​ការលក់ ទិញ និង​ហូប​សាច់​ព្រៃ​»​។​

​អង្គការ WWF ដែល​ធ្វើការ​លើ​កិច្ចការពារបរិស្ថាន និង​អភិរក្ស​សត្វព្រៃ បានឱ្យដឹងថា ប្រមាណ​ជាង ៦០%​ ក្នុងចំណោម​ជំងឺឆ្លង​ប្រភេទ​ថ្មី ដែល​ស្រដៀង ឬ​គ្រោះថ្នាក់​ជាង​ជំងឺ​កូ​វីដ​ ១៩ សុទ្ធសឹងតែ​ជា​ជំងឺឆ្លង​ពីស​ត្វ​ទៅ​មនុស្ស​។ អង្គការ​បានលើកឡើង​ថា នៅពេល​អ្នក​បរិភោគ​ម្ហូប​សាច់សត្វ​ព្រៃ​មួយ​ចាន ក្រៅពី​ការ​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ចំពោះ​ខ្លួនឯង អ្នក​ក៏​អាច​បង្ក​ហានិភ័យ​ដល់​អ្នកដទៃ​ផងដែរ​។ ដូចគ្នានេះដែរ ការ​បរបាញ់ ការដឹកជញ្ជូន ការជួញដូរ និង​ការកែច្នៃ សុទ្ធសឹងតែ​ជា​កត្តា​បង្ក​ឱកាស​សម្រាប់​ការប៉ះពាល់​សត្វព្រៃ​ដោយផ្ទាល់ និង​អាច​ចម្លង​មេរោគ​ទៅ​មនុស្ស​៕