​សៀមរាបៈ ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​អង្គរ ទៅ​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង មាន​ចំនួន​សរុប ៩ ០៦៥ គ្រួសារ​ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​១៨ ខែសីហា រហូតមកដល់​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០២២​។ នេះ​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

​ថ្លែង​រាយការណ៍​ជូន​លោកនាយក​រដ្ឋមន្ត្រី ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ ៣ ២០០ ​គ្រួសារ ដែល​ស្ម័គ្រចិត្ត​ចេញពី​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង ស្ថិតនៅក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប​នៅ​ថ្ងៃទី ២២ ខែតុលា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ពលរដ្ឋ​ចំនួន ៩ ០៦៥ គ្រួសារ​ដែល​ព្រម​ចាក​ចេញពី​តំបន់​អង្គរ​នោះ មាន​ចំនួន ៥ ៨៦៥ គ្រួសារ​ព្រមទៅ​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ រុន​តា​ឯក និង​ចំនួន ៣ ២០០ គ្រួសារ​ទៅ​នៅ​តំបន់​ពាក់​ស្នែង​។

​លោក​រដ្ឋមន្ត្រីក្រសួង​ដែនដី​បានឱ្យដឹង​ទៀតថា ក្នុងចំណោម​ប្រជាពលរដ្ឋ ទៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ រុន​តា​ឯក ចំនួន ៥ ៨៦៥ គ្រួសារ បានទទួល​កិត្តិយស​ជួប​សំណេះសំណាល​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ៣​លើក​រួចហើយ​គឺ លើក​ទី១ ចំនួន ១ ១១៧ គ្រួសារ លើក​ទី​២ ចំនួន ២ ៨៥៣ គ្រួសារ និង​លើក​ទី៣ ចំនួន ១ ៨៩៥ គ្រួសារ​។ ដោយឡែក អ្នក​ទៅ​ស្ម័គ្រចិត្ត​ទៅ​តំបន់​ពាក់​ស្នែង​ចំនួន ៣ ២០០ គ្រួសារ ទើបបាន​ជួប​សំណេះសំណាល​ជាមួយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លើកដំបូង​នៅ​ថ្ងៃទី​២២ ខែតុលា​នេះ​។​

​លោក ជា សុផារ៉ា បញ្ជាក់ថា ក្រុមការងារ​តម្រង់ទិស ក៏បាន​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ឱ្យ​ស្ម័គ្រចិត្ត​រុះរើ​តូប​ស្ថិតនៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន ៤២៩ តូប បាន​ដាំ​កូនឈើ​ឡើងវិញ លើ​ទីតាំង​ដី​ដែល​បាន​រុះរើ​តូប បាន​ចំនួន ១២ ៥០០ ដើម ផងដែរ​៕