
គិតត្រឹមថ្ងៃទី ២៣ តុលា ឆ្នាំ ២០២២ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសរស់បាន ៣១ ឆ្នាំហើយ រាប់ចាប់តាំងពីថ្ងៃកកើតឡើងដំបូងក្នុងឆ្នាំ ១៩៩១។
៣១ ឆ្នាំមកនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានក្លាយជាចំណុចសំខាន់នៃការជជែកវែកញែកមិនចុះសម្រុងគ្នារវាងសង្គមស៊ីវិលនិងអ្នកនយោបាយ និងរវាងអ្នកនយោបាយនិងអ្នកនយោបាយ។ នេះជាការកត់សម្គាល់របស់លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងនយោបាយ។
លោកបន្ថែមថា៖ «ក្រោយរំលាយគណបក្សសង្គ្រោះជាតិ ការលើកឡើងពី២៣តុលានេះ កាន់តែមានភាពចម្រូងចម្រាសពីគ្រប់អ្នកពាក់ព័ន្ធ អំពីអាយុជីវិតកិច្ចព្រមព្រៀងក្រុងប៉ារីសថា ស្លាប់ឬក៏រស់ តែពីរបីឆ្នាំក្រោយមកការប្រកែកប្រណាំងគ្នា ដូចជាវិលមករកភាពស្របវិញ ដោយរដ្ឋាភិបាល និងសង្គមស៊ីវិលទទួលស្គាល់ថា កិច្ចព្រមព្រៀងនេះ នៅមានសុពលភាព គ្រាន់តែនៅសល់ចំណុចខ្វែងគ្នាបន្តិច»។
បើតាមការអង្កេតរបស់លោក មាស នី ការខ្វែងគំនិតគ្នាដែលនៅសេសសល់ត្រង់រដ្ឋាភិបាលអះអាងថា គេបានបញ្ចូលខ្លឹមសារ ២៣ តុលា ទៅក្នុងរដ្ឋធម្មនុញ្ញ។ លោកថា៖ «អះអាងបែបនេះវាមិនខុសទេ ព្រោះរដ្ឋធម្មនុញ្ញខ្មែរដែលបង្កើតក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស បានដាក់បញ្ចូលខ្លឹមសារគ្រប់ជ្រុងជ្រោយនិងបានឆ្លុះបញ្ចាំងពិតប្រាកដលើស្មារតីនៃកិច្ចព្រមព្រៀង។
ជាក់ស្ដែងនៅឆ្នាំ ២០២២ នេះ ការវែកញែកពីកិច្ចព្រមព្រៀងក្រុងប៉ារីសមិនមានអ្វីធំដុំទេ ប៉ុន្តែការនិយាយក្នុងឆ្នាំនេះនៅត្រង់ថា អ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាស្មារតីមួយទាញចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសបានអនុវត្តត្រឹមត្រូវទេ ឬការអនុវត្តមានចន្លោះប្រហោងដូចជា បញ្ហាលម្ហសេរីភាពដែលរួមបញ្ចូលគ្នារវាងការនិយាយស្ដី សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះឯង»។
កើតនៅក្នុងឆ្នាំ ១៩៩១ កញ្ញា ភឹង សោភា ជាពលរដ្ឋម្នាក់ដែលបានរៀនសូត្រពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្លែងថា រាប់ចាប់ពីពេលនាងធំដឹងក្ដី ការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសមានចំណុចវិជ្ជមាននិងអវិជ្ជមាន។
វិជ្ជមានត្រង់ថា៖ «ពួកខ្ញុំជាយុវជនបានរៀនសូត្រស្វែងយល់ពីកិច្ចព្រមព្រៀងក្រុងប៉ារីស បានដោយងាយស្រួលតាមរយៈប្រព័ន្ធបច្ចេកវិទ្យា បើធៀបកាលពី ៣០ ឆ្នាំមុន ហើយពួកយើងជាយុវជនបានដឹងថា ចំណុចវិជ្ជមាននៃការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសបាននាំមកជាមួយនូវប្រយោជន៍សំខាន់ៗ ជាច្រើនដល់ខ្មែរដែលបង្កើតបានជារដ្ឋធម្មនុញ្ញតាមបែបជាប្រធិបតេយ្យមួយ»។
រដ្ឋធម្មនុញ្ញតាមបែបប្រជាធិបតេយ្យជាចំណុចមួយដែលកញ្ញា ភឹង សោភា លើកទឹកចិត្តឱ្យយុវជនចូលរួមថែរក្សានិងការពារ នៅចំពោះការកែប្រែឬធ្វើវិសោធនកម្ម ជាបន្តបន្ទាប់រហូតដល់ទៅ១០ដងទៅហើយ រាប់ចាប់ពីច្បាប់កំពូលមួយនេះកកើតឡើង។
កញ្ញាបន្ថែមថា៖ «យើងគ្រាន់តែតាមដានមើលថា ការកែប្រែឬធ្វើវិសោធកម្មនិងការសើរើហ្នឹងវាត្រឹមត្រូវតាមរូបមន្តកិច្ចព្រមព្រៀងក្រុងប៉ារីសក្រុងប៉ារីសហើយឬនៅ? ដើម្បីចៀសវាងការកែប្រែខុសបង្កើតទៅជាមន្ត្រី និងអ្នកនយោបាយព្រៃផ្សៃហើយពលរដ្ឋបាត់បង់សិទ្ធិអំណាចរបស់ខ្លួន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងជាថ្មីនៅចំខួប ៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អនុវត្ត និងប្រតិបត្តិបានត្រឹមត្រូវតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីបញ្ហាកម្ពុជា។
លោកថា៖ «តាមរយៈកិច្ចព្រមព្រៀងនេះយើងរកបានសន្តិភាពនិងការឯកភាពជាតិ យើងរក្សាបានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងបានប្រកាន់ភ្ជាប់គោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ ដែលធ្វើឱ្យកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរស្របតាមគោលការណ៍កិច្ចព្រមព្រៀងនេះ»។
សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ កត់សម្គាល់ថា ៣១ ឆ្នាំមកនេះ ទោះបីមតិប្រឆាំងបានអូសទាញពលរដ្ឋឱ្យជឿលើការបកស្រាយខុសអំពីការអនុវត្តកិច្ចព្រមព្រៀងយ៉ាងក្ដីក៏មិនអាចអូសទាញពលរដ្ឋឱ្យលង់នឹងការឃោសនារបស់ខ្លួនបានដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រតិកម្មខ្លាំងៗទៅនឹងអ្នកអត្ថាធិប្បាយដែលបានរិះគន់ថា ការកែរដ្ឋធម្មនុញ្ញពីសំឡេង២/៣មកជា ៥០ បូក ១ គឺខុសនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ ២០២១ លោក ហ៊ុន សែន បានហៅការរិះគន់បែបនេះថា ជាប្រមាថ ហើយព្រមានឱ្យអាជ្ញាធរសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ បើសិននៅបន្តលើកឡើងខុសពីការពិតនេះទៀត។
គួររំឭកថា ៣១ ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន លោក ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា៕