សៀមរាបៈសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានរកឃើញឈើជាង ២០ ដើម ដែលឈ្មួញកាប់បំផ្លាញនៅភ្នំប្រាសាទ ខណៈចុះល្បាតព្រៃសហគមន៍ត្រង់ចំណុចវាលអន្ទែង (ពើងលោក) ស្ថិតក្នុងភូមិព្រៃខ្មាំង និងចំណុចភ្នំប្រាសាទស្ថិតក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី ២២ ខែតុលានេះ ។
យោងតាមហ្វេសប៊ុករដ្ឋបាលព្រៃឈើសៀមរាប នៅថ្ងៃទី ២២ ខែតុលានេះ បានឱ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើសហការជាមួយគណបញ្ជាការឯកភាពស្រុកវ៉ារិន គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចង្ក្រានរយ សរុបចំនួន ១៨ នាក់ ស្រី ២ នាក់ បាន ចុះល្បាតព្រៃសហគមន៍ត្រង់ចំណុចវាលអន្ទែង ស្ថិតក្នុងភូមិព្រៃខ្មាំង និងចំណុចភ្នំប្រាសាទស្ថិតក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
លទ្ធផលក្នុងការងារចុះល្បាតនេះ ទី ១ នៅចំណុចវាលអន្ទែង កម្លាំងល្បាតបានដកកាំភ្លើងស្នប់ចំនួន ០១ ដើម អន្ទាក់ចាប់សត្វព្រៃចំនួន ១៤ អន្ទាក់ និងរុះរើរោងស្នាក់នៅរបស់ជនល្មើសចំនួន ១ រោង។
ចំណែក ទី២ នៅចំណុចភ្នំប្រាសាទ កម្លាំងល្បាត បានប្រទះឃើញឈើ និងគល់ឈើដែលជនល្មើសលួចចូលកាប់ចំនួន ២៣ ដើម ក្នុងនោះ ដើមធ្នង់ចំនួន ០៥ ដើម បេងចំនួន ០២ ដើម ស្រឡៅចំនួន ០៨ ដើម សុក្រំចំនួន ០៣ ដើម កកោះចំនួន ០៣ ដើម ប្រាំដំឡឹងចំនួន ០១ ដើម ខ្ទិតចំនួន ០១ ដើម ឈើទាំងនេះមានមុខកាត់គល់ពី ២០ ទៅ ៤០ សង់ទីម៉ែត្រ និងប្រវែងពី ៣ ម៉ែត្រទៅ ៩ ម៉ែត្រ ហើយត្រូវជនល្មើសដឹកចេញអស់ចំនួន ២១ ដើម។
វត្ថុតាងកាំភ្លើងស្នប់ ១ ដើម ត្រូវបានប្រគល់ជូននគរបាលស្រុកវ៉ារិនទទួលថែរក្សា អន្ទាក់ចំនួន ១៤ អន្ទាក់រក្សាទុក នៅទីស្នាក់ការសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ៕