ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា រយៈពេល ២ ​ថ្ងៃ គឺ​ថ្ងៃទី ២០ និង ២១ ខែ​តុលា​នេះ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន​ជាង ៣​ ម៉ឺន​នាក់ ចំណែក​អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ជិត ៦​ ពាន់​នាក់ រីឯ​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន​ជាង ១ ​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២២ ខែ​តុលា ឆ្នាំ​ ២០២២​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ ជ ប បាន​ឱ្យ​ដឹង​ថា លទ្ធផល​បណ្តោះអាសន្ន​ថ្ងៃទី​ ២ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ លទ្ធផល​បណ្តោះអាសន្ន​ថ្ងៃទី​ ២ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ (​សម្រាប់​ថ្ងៃទី ​២១ ខែ​តុលា ឆ្នាំ​ ២០២២) នៅ​ទូទាំង​ប្រទេស រួមមាន ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១៥ ៧៣២ នាក់ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៤១៥ នាក់ អ្នក​ដែល​បាន​កែតម្រូវ​ទិន្នន័យ មាន​ចំនួន ៤៤ នាក់ និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ៥ ០២៨ នាក់​។

គជប បញ្ជាក់​ថា សរុប​រយៈពេល ២ ​ថ្ងៃ លទ្ធផល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ទទួល គឺ​៖«​មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ៣២ ១៦៥ ​នាក់ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៥ ៨៥៧ នាក់ អ្នក​ដែល​បាន​កែតម្រូវ​ទិន្នន័យ មាន​ចំនួន ៩៩៤ នាក់ និង អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ១០ ១៧០ នាក់​»​។

បើតាម គជប ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២០ ខែ​តុលា ដល់​ថ្ងៃទី​ ៨ ខែ​ធ្នូ ឆ្នាំ​ ២០២២ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ គជប ក៏បាន​អំពាវនាវ​សូមឱ្យ​ពលរដ្ឋ​ខ្មែរ ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ និង​ស្នើសុំ​កែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ ប្រសិនបើ​កត់ត្រា​មិនបាន​ត្រឹមត្រូវ​។

សម្រាប់ ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨ ​ឆ្នាំ គិតដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ថ្ងៃទី​ ២៣ ខែ​កក្កដា ឆ្នាំ​ ២០២៣ គឺ​អ្នក​ដែល​កើតមុន ឬ​ត្រឹម​ថ្ងៃទី ២៤ ខែ​កក្កដា​ឆ្នាំ​ ២៥ និង ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក អញ្ជើញ​ទៅ​បោះ ឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា​៕