ភ្នំពេញៈ​កម្មវិធី «​រត់​ជា​មួយ​សាយ ​៤ សែន​ជំហាន​» ​របស់​តារា​ចម្រៀង​ លោក អ៊ួន ​បឋម ហៅ​ សាយ​បាន​ចាប់​ផ្ដើម​ជា​ផ្លូវការ​ កាល​ពីថ្ងៃ​ទី​ ២២ ​ខែ​តុលា ឆ្នាំ​ ២០២២ ​។ ជា​កម្ម​វិធី​ដែល​លោក​ អ៊ួ​ន បឋម ​រត់​ពី​រាជ​ធានី​ភ្នំពេញ ​ឆ្ពោះទៅ​កាន់​ខេត្ត​សៀម​រាប​ក្នុង​ចម្ងាយ​ផ្លូវ​៣០៣​គីឡូ​ម៉ែត្រ​ដោយ​ប្រើ​រយៈ​ពេល ​៩ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី ​៣០​ ខែ​តុលា​ឆ្នាំ ​២០២២ ​។​

​គោល​បំណង​សំខាន់​នៃ​កម្ម​វិធី «​រត់​ជា​មួយ​សាយ ៤ ​សែន​ជំហាន​» ធ្វើ​ឡើង​ដើម្បី​រៃអង្គាស​ថវិកា​​ចំនួន​ ៤០​ ម៉ឺន​ដុល្លារជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ សម្រាប់​ទ្រ​ទ្រង់​ព្យា​បាល​ផ្នែក​មហា​រីក​ដែល​មន្ទីរ​ពេទ្យ​សង្កេត​ឃើញ​ថា​មាន​សញ្ញា​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ​។​

​សូម​ជម្រាប​ជូន​ថា មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ចាប់​ផ្ដើម​បើក​ទទួល​ការ​ពិនិត្យ ​ព្យា​បាល​ និង​ថែទាំ​កុមារ​ដែល​មាន​ជំងឺ​មហា​រីក​តាំង​ពី​ឆ្នាំ​២០១២​មក​។ ក្នុង ១ ឆ្នាំៗ មន្ទីរ​ពេទ្យ​នេះ ត្រូវ​ការ​ថវិកា​ពី​ ៣៥០ ០០០​ ដុល្លារ​ទៅ ៤៥០ ០០០ ដុល្លារ​ ដើម្បី​

ទ្រ​ទ្រង់​ដល់​ការ​ពិនិត្យ ​ព្យា​បាល និង​ថែទាំ​កុមារ​ដែល​មាន​ជំងឺ​មហា​រីក​ ហើយ​បើ​គិត​មក​ទល់​ពេល​នេះ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​បាន​ព្យា​បាល​កុមារ​ដែល​មាន​ជំងឺ​មហា​រីក​ចំនួន​ ៥០៨ ​នាក់​រួច​មក​ហើយ​។​

​លោក​ស្រី​ ស៊ិន​ កេ​ត​អរុណ​ ប្រធាន​ការិ​យា​ល័យ​ទំនាក់​ទំនង​សា​ធារណៈ​នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​បាន​ថ្លែង​ថា ​មន្ទី​រពេទ្យ​កុមារ​អង្គរ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ជំងឺ​មហា​រីក​លើ​កុមារ​មាន​ដូច​ជា ជំងឺ​មហា​រីក​បាត​ភ្នែក មហា​រីក​ឆ្អឹង​ខ្នង​ មហា​រីក​ជា​លិកា មហា​រីក​ខួរ​ក្បាល និង​ជំងឺ​មហា​រីក​គ្រាប់​ឈាម​។​

​ដ្បិ​តតែ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​មាន​វេជ្ជ​បណ្ឌិត​ដែល​មាន​ជំនាញ​ក្នុងការ​ព្យា​បាល​ជំងឺ​មហា​រីក​ទាំង​នេះ​ក៏ពិត​មែន ប៉ុន្តែ​បើតាម​លោក​ស្រី​ស៊ិន កេ​ត​អរុ​ណ ​ការ​ព្យា​បាល​ជំងឺ​មហារីក​ត្រូវ​ការ​ថវិកា​ច្រើន​ជាង​ការ​ព្យា​បាល​ជំងឺ​ប្រភេទ​ដទៃ​ទៀត ដោយ​សារ​តែ​វា​ទាម​ទារ​នូវ​បច្ចេក​ទេស​ចាំបាច់​មួយ​ចំនួន​ដូច​ជា ​ការ​វះកាត់ ​ការ​ចាក់​ថ្នាំ​គីមី ​ការបា​ញ់​កាំរស្មី​ឡាស៊ែ​រ ការចាក់​ថ្នាំ​បង្កក ជាលិកា​និង​ការ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​ជា​ដើម​។​

​គួរ​រំឭក​ដែរ​ថា នេះ​មិន​មែនជា​​លើក​ទី​ ១ ​ទេ ដែល​លោក ​អ៊ួ​ន បឋម ហៅ សាយ បា​នរៀប​ចំ​កម្មវិ​ធីរ​ត់ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរក្នុង​ខេត្តសៀមរាប​។ កាលពី​ឆ្នាំ ២០២០ លោក ​អ៊ួ​ន បឋម ​ហៅ​សាយ ធ្លាប់​បាន​រៀប​ចំ​កម្ម​វិធី​រត់​រយៈ​ពេល ​៩៧ ​ថ្ងៃ ជុំវិញ​ប្រទេស​កម្ពុជា និង​រៃអង្គាស​ប្រាក់​បាន​ចំនួន​៥០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ដែល​ប្រឈម​នឹង​ការ​ខ្វះខា​ត​ថវិកាដើ​ម្បី​ផ្ដល់​សេវា​ព្យា​បាល​ជំងឺ​ដល់​កុមារ​។​

​រាល់​ការ​បរិច្ចាគ​ទាំង​អស់​របស់​សប្បុរស​ជន​នឹង​បញ្ជូន​ទៅ​កាន់​គណនី​ធនាគារ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ដោយ​ផ្ទាល់​។ តារា​ចម្រៀង​លោក អ៊ួន ​បឋម ​ដែល​បាន​ចាប់​ផ្ដើម​បោះ​ជំហាន​រត់​ម្ដង​ទៀត​នៅ​ថ្ងៃទី​ ២២ ​ខែតុលា ឆ្នាំ​ ២០២២ ​បាន​អំពាវ​នាវ​ដល់​សប្បុ​រស​ជន​ជាតិ​ និង​អន្ដរ​ជាតិ​ឱ្យ​ជួយ​បរិច្ចាគ​ថវិកា​ទៅតាម​លទ្ធ​ភាព​របស់​ខ្លួន​ ដើម្បី​រួម​ចំណែក​ក្នុង​បេសកកម្ម​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​ក្រញាំ​នៃជំងឺ​មហា​រីក​ដ៏​កាច​សាហា​វ​៕