ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាជីវកម្ម​បរិយាប័ន្ន​អាស៊ាន​លើក​ទី ៥ ​រយៈពេល ​២ ថ្ងៃ​ នៅ​ខេត្ត​សៀមរាប។ កម្មវិធី​នេះ ​ក៏​នឹងប្រកាស​ផងដែរ​នូវ​ម្ចាស់​ពានរង្វាន់​អាជីវកម្ម​បរិយាប័ន្ន​អាស៊ាន​ឆ្នាំ ២០២២ ​ដើម្បី​លើកស្ទួយ​អាជីវកម្ម​បរិយាប័ន្ន​ល្អ​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។

អាជីវកម្ម​បរិយាប័ន្ន​ គឺជា​អាជីវកម្ម​ឈរលើ​គោលការណ៍​ធុរកិច្ច ​ដែល​បង្កើត​ដំណោះស្រាយ​ជា​ប្រព័ន្ធ​ មាន​ភាព​ច្នៃប្រឌិត​ និង​មាន​ទ្រង់ទ្រាយ​ធំ ​ដែល​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​របស់​ប្រជាជន​ក្រីក្រ ​និង​ប្រជាជន​មាន​ចំណូល​ទាប​ (BoP​និង B40)។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ​បានឱ្យដឹង​ថា ​កិច្ចប្រជុំ​កំពូល​អាជីវកម្ម​បរិយាប័ន្ន​អាស៊ាន​លើក​ទី ៥​ នេះ ​ធ្វើ​ឡើង​នា​ថ្ងៃទី ២៦ ​និង ​២៧​ តុលា ​ក្រោម​ប្រធានបទ​ «ទាំងអស់គ្នា​ដើម្បី​បរិយាកាស​អំណោយផល​សម្រាប់​អាជីវកម្ម​បរិយាប័ន្ន​នៅ​នៅក្នុង​តំបន់​អាស៊ាន​-Together ​ASEAN IBee»។

ក្រសួង​បញ្ជាក់ថា​៖ «កិច្ចប្រជុំ​កំពូល​អាជីវកម្ម​បរិយាប័ន្ន​ខាងលើ​នេះ ​ត្រូវបាន​ប្រើប្រាស់​ជា​វេទិកា​មួយ​ សម្រាប់​កិច្ចសន្ទនា​រវាង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​តំបន់​អាស៊ាន ​ក្នុង​គោលបំណង​ចែករំលែក​នូវ​គោល​នយោបាយ ​និង​ផែនការ​លើកស្ទួយ​អាជីវកម្ម​បរិយាប័ន្ន ​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការជំរុញ​អាជីវកម្ម​បរិយាប័ន្ន ​និង​រួមគ្នា​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នេះ​ ក៏ដូចជា​ស្វែងរក​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា»។

កិច្ចប្រជុំ​កំពូល​អាជីវកម្ម​បរិយាប័ន្ន​អាស៊ាន​លើក​ទី ៥ ​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​កិច្ចសហការ​ ពី​លេខាធិការដ្ឋាន​អា​ស៊ាន ​អង្គការ ​United Nations Economic and Social Commission for Asia and the Pacific (ESCAP)​, Inclusive Business Action Network (IBAN), Organization for Economic Cooperation and Development (OECD) ​និង​អង្គការ OXFAM។

លោក​ ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ការប្រកាស​បើក​កិច្ចប្រជុំ​កំពូល​អាជីវ​កម្ម​បរិយាប័ន្ន​អាស៊ាន​លើក​ទី ៥ ​និង​កម្មវិធី​ពានរង្វាន់​អាជីវកម្ម​បរិយាប័ន្ន​អា​ស៊ាន​ ឆ្នាំ ២០២២។ ព្រឹត្តិការណ៍​នេះ ​នឹង​មាន​ការចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ រួមមាន ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ សមា​គម​អាជីវកម្ម ​វិនិយោគិន ​ក្រុមហ៊ុន​អាជីវកម្ម​បរិយាប័ន្ន ​អ្នកសម្របសម្រួល​អាជីវកម្ម ​និង​ដៃគូអភិវឌ្ឍន៍​នានា​ពី​ក្នុង​តំបន់​អាស៊ាន ​និង​ក្រៅ​តំបន់។

ក្រសួង​បន្ថែមថា​៖ «ជាមួយ​គ្នានេះ ​កម្មវិធី​ពានរង្វាន់​អាជីវកម្ម​បរិយាប័ន្ន​អាស៊ាន​ឆ្នាំ ២០២២ ​ក៏​នឹង​ត្រូវបាន​រៀប​ចំឡើង​ក្នុង​គោល​បំណង​លើកស្ទួយ​អាជីវកម្ម​បរិយាប័ន្ន​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ​ដែល​បាន​ប្រកាន់​ខ្ជាប់​គោល​ការណ៍​អាជីវកម្ម​បរិយាប័ន្ន​បាន​ល្អ»។

បើ​តាម​របៀបវារៈ​របស់កម្ម​វិធី ​កិច្ចប្រជុំ​រយៈពេល​២ថ្ងៃនេះ ​នឹង​ពិនិត្យ​លើ​វឌ្ឍនភាព​ក្នុង​ការលើកកម្ពស់​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​អំណោយផល​សម្រាប់​អាជីវកម្ម​បរិយាប័ន្ន ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ​និង​ពិភពលោក​ និង​ពិភាក្សា​លើ​កិច្ចសហការ​ក្នុង​តំបន់​ សម្រាប់​ការជំរុញ​អាជីវកម្ម​បរិយាប័ន្ន។

ភាគី​ពាក់ព័ន្ធ​ ក៏​នឹង​ពិភាក្សា​ស្វែងរក​ឱកាស​ សម្រាប់​កិច្ចសហការ​លើ​ឧបករណ៍​គោល​នយោបាយ ​ដើម្បី​ជំរុញ​អាជីវកម្ម​បរិយាប័ន្ន ​ដូចជា​ការបង្វឹក​អាជីវកម្ម​បរិយាប័ន្ន ​ការវាយតម្លៃ​ទទួលស្គាល់​អាជីវកម្ម​បរិយាប័ន្ន ​និង​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម​បរិយាប័ន្ន ​ព្រមទាំង​សិក្សា​លើ​អាជីវកម្ម​បរិយាប័ន្ន​ ដែល​លើកកម្ពស់​ដល់​សេដ្ឋកិច្ច​ស្ត្រី ​ការសម្រប​ជាមួយ​អាកាស​ធាតុ ​និង​ដំណោះស្រាយ​បរិស្ថាន។ បន្ថែម​ពីនេះ ​ផ្តល់​ឱកាស​ពិភាក្សាគ្នា​ទៅលើ​គំរូ​អាជីវកម្ម​នវានុវត្តន៍ ​ដែល​មាន​ដំណោះស្រាយ​ជា​ប្រព័ន្ធ​ជូនដល់​ប្រជាជន​ក្រីក្រ ​និង​ប្រជាជន​មាន​ចំណូល​ទាប។

ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​នឹង​សម្របសម្រួល​ការផ្លាស់ប្តូរ​កិច្ចសហ​ប្រតិបត្តិការ​ត្បូង-ត្បូង ​លើ​អាជីវកម្ម​បរិយាប័ន្ន​ក្នុង​បណ្តា​ប្រទេស​មកពី​តំបន់​អាស៊ី​ខាងត្បូង ​និង​អាស៊ី​កណ្ដាល ​ក៏ដូចជា​នៅ​តំបន់​អាហ្វ្រិក​ផង​ដែរ។

នៅ​ឆ្នាំ ២០១៩ ​រាជរដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​បានធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ ​UNESCAP ​និង ​iBAN ​ដើម្បី​រៀបចំ​របាយការណ៍​ស្ថានភាព​ទីផ្សារ​អាជីវកម្ម​បរិយាប័ន្ន​នៅ​កម្ពុជា។ នៅ​ឆ្នាំ ២០២០ ​ក្រសួង​បានគាំទ្រ​ដល់​សេចក្តី​ណែនាំ​យុទ្ធសាស្ត្រ ​នៃ​របាយការណ៍​ស្ថានភាព​ទីផ្សារ​អាជីវកម្ម​បរិយាប័ន្ន​នៅ​កម្ពុជា ​និង​បានរៀបចំ​យុទ្ធសាស្ត្រ​អាជីវកម្ម​បរិយាប័ន្ន​កម្ពុជា ​(IBeeC Strategy)៕