ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​អបអរសាទរ​លោក​ ស៊ី ជីនភីង ប្រធានាធិបតី​ចិន ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​សាជាថ្មី​ សម្រាប់​អាណត្តិ​ទី ​៣ ជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​ចិន ​(CPC) ​ក្នុង​សមាជជាតិ​របស់​គណបក្ស​លើក​ទី​២០ កាលពី​ពេល​ថ្មីៗ​នេះ​។

លោក​សម្តែង​សេចក្តី​រីករាយ​ក្រៃលែង​ដោយ​បាន​ទទួល​ដំណឹង​ថា លោក​ ស៊ី​ (Xi) ត្រូវបាន​ជាប់ឆ្នោត​សាជាថ្មី​ជា​អគ្គលេខាធិការ CPC និង​បាន​អបអរសាទរ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក CPC ទាំងអស់​ចំពោះ​ការបញ្ចប់​ដោយ​ជោគជ័យ​នៃ​សមាជជាតិ​លើក​ទី​២០ នៃ​គណបក្ស​កុម្មុយនីស្ត​ចិន ដែល​នឹង​ផ្តល់​កម្លាំង​ថ្មី​ដល់​ការកសាង​ប្រទេស​ចិន​ក្លាយ​ជា​ប្រទេស​សង្គមនិយម​ទំនើប​។

លិខិត​ចុះ​ថ្ងៃទី ​២៣ តុលា ទៅកាន់​លោក Xi លោក ហ៊ុន សែន សរសេរ​ថា​៖ «​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​សមត្ថភាព និង​ឈ្លាសវៃ​របស់​លោក ពិភពលោក​បាន​សាទរ​ចំពោះ​ជោគជ័យ​ដ៏ធំធេង​របស់​ចិន​លើ​ការកាត់បន្ថយ​ភាពក្រីក្រ នវានុវត្តន៍​បច្ចេកវិទ្យា វឌ្ឍនភាព​ផ្នែក​វិទ្យាសាស្ត្រ និង​ការកសាង​សង្គមនិយម​តាម​លក្ខណពិសេស​របស់​ចិន​»​។

លោក​ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បន្ថែម​ថា សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​បាន​ផ្តល់​ផលប្រយោជន៍ មិន​ត្រឹមតែ​ដល់​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដល់​ពិភពលោក​ទាំងមូល​ផងដែរ​។

លោក​សម្តែង​ការ​ជឿជាក់​ថា ជាមួយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​កិច្ចខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​របស់​លោក​ Xi ប្រទេស​ចិន​នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​បន្ថែមទៀត ព្រម​ទាំង​សម្រេច​បាន​នូវ​គោលដៅ ១០០ ​ឆ្នាំ លើក​ទី​២ ក៏ដូចជា​សម្រេច​ជោគជ័យ​លើ​គោលនយោបាយ និង​គោលដៅ​ដែល​ដាក់​ចេញ​ដោយ​សមាជជាតិ​របស់​ CPC លើក​ទី​២០ ​។

លោក​ថា កម្ពុជា-​ចិន មាន​ទំនាក់ទំនង​ល្អប្រសើរ រីកចម្រើន​ជា​លំដាប់​ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​គ្រប់​ជ្រុងជ្រោយ​ ដោយសារ​មិត្តភាព ប្រពៃណី​ និង​ទំនាក់ទំនង​ដ៏ស្និទ្ធស្នាល​របស់​ CPP និង​ CPC​។ ប៉ុន្មាន ឆ្នាំ​កន្លងមក​នេះ CPP និង CPC បាន​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ដែកថែប​បាន​ធ្វើឱ្យ​ទំនាក់​ទំនង កម្ពុជា-ចិន​រីកចម្រើន​ឥតឈប់ឈរ សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​។

លោក​សរសេរ​ថា​៖ «​ខ្ញុំ​ទន្ទឹងរង់ចាំ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី​រវាង CPP និង​ CPC ​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​ទៅកាន់​កម្រិត​ថ្មី​មួយទៀត​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជាថ្លែង​ថា ការជាប់​ឆ្នោត​សាជាថ្មី​របស់​លោក ​Xi គឺជា​ចំណុច​ល្អ​សម្រាប់​ទំនាក់ទំនង​កម្ពុជា​-​ចិន ដែល​កាន់តែ​រឹងមាំ​ស៊ីជម្រៅ​៕