សៀម​រាបៈ ចាប់ពី​ខែមិថុនា​ ឆ្នាំ​ ២០២២​ មក​អាជ្ញា​ធរ​មូល​ដ្ឋាន​និង​អង្គការ​សង្គម​ស៊ីវិលបា​ន​កៀរគរ​ប្រជា​សហ​គមន៍​នៅ​តំបន់​ចុងឃ្នៀស ​ដើម្បី​ចូលរួម​ធ្វើ​អនា​ម័យ​​សម្អាត​បរិស្ថាន​ និង​ប្រមូល​សំណល់​ប្លា​ស្ទិក​ពី​ក្នុង​ទឹក​ទន្លេ​។ សំរាម ​ឬ​ប្លា​ស្ទិ​ក​ទាំង​នោះ​បានរ​សាត់​អណ្តែត​ត្រៀប​ត្រា​នៅលើ​ផ្ទៃ​ទឹក ហើយ​វា​ក៏ត្រូវ​បាន​រសាត់​ទើរ​នៅ​លើ​ចុង​ឈើ​នា​រដូវ​វស្សា​ និង​រាយ​ប៉ាយ​ពេញ​ដី​នា​រដូវ​ប្រាំង​ផង​ដែរ​។​

​ជាក់​ស្តែង​នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ​សកម្ម​ភាព​របស់​អាជ្ញា​ធរ​មូលដ្ឋាន​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ដឹកនាំ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហ​គមន៍​ចុង​ឃ្នៀស​ឱ្យចូល​រួម​ធ្វើ​អនា​ម័យ​សម្អាត​បរិស្ថាននិង​ប្រមូល​សំណល់​ប្លា​ស្ទិ​កពី​ក្នុង​តំបន់​របស់ខ្លួន​សរុប​បាន​ជាង​ ១០០​ តោន​។​

​សំរាម​ទាំង​នោះ ​ត្រូវបាន​យកមក​ប្រមូល​ផ្តុំ​នៅលើ​ទីទួល​សុវត្ថិភាព​ ហើយ​ដឹក​ចេញពី​មាត់​ទន្លេ ​ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ដាក់​សំរាម​បាន​ត្រឹម​ត្រូវ​ប្រមាណ​​ ៨៥​ តោន​ ខណៈ​ ២០ ​តោន​ទៀត​ ត្រូវបាន​លិច​ទឹក​ទៅវិញ​អស់​ដោយ​សារ​ទឹក​ជំនន់​ទន្លេ​សាប​ឡើង​លឿន​ពេក​។ នេះ​ជា​ការអះ​អាង​រប​ស់លោក​ ស៊ា សុផល ​ប្រធាន​អង្គការ​មូល​និធិ​ទំពាំង​ស្នង​ឫស្សី ដែល​មាន​ទីតាំង​ក្នុង​តំបន់​បឹង​ទន្លេ​សាប​។​

​ប្រធាន​អង្គ​ការ​ដែល​តែង​កៀរគរ​ប្រជា​សហ​គមន៍​មូលដ្ឋាន​ដែល​កំពុង​រស់នៅ​លើទឹក​ និង​តាម​បណ្តា​យ​បឹង​ទន្លេ​សាប​ក្នុង​ខេត្ត​សៀម​រាប​ ឱ្យ​ចូលរួម​ថែរក្សា​បរិស្ថាន​រូបនេះ​ បាន​បន្ត​ថា មូលហេតុ​ដែល​សំរាម​មួយ​ចំនួន ​ត្រូវបាន​លិច​ទឹក​ទៅវិញ ក៏​ព្រោះ​តែ​សំរាម​ដែល​ប្រមូល​បាន​ពី​គ្រប់​ទិសទី​ក្នុង​តំបន់​ចុង​ឃ្នៀ​សបាន​ជួប​ប្រទះ​ការខ្វះ​ខាត​​មធ្យោ​បាយ​នៃ​ការ​ដឹក​ជញ្ជូន​ចេញ​ទៅ​រក​កន្លែង​ទុក​ដាក់​សំរាម​ត្រឹម​ត្រូវ​ប្រកប​ដោយ​ស្តង់​ដា​។

​លោក សុផល​ បាន​បញ្ជាក់​ថា​៖ «​សំរាម​ដែល​ខំ​ប្រមូល​ច្រក​ការុង​ហើយ​យើង​ដឹក​អត់​ទាន់​ បាន​លិច​ទឹក​ប្រហែល​ ២០ ទៅ​ ២៥​ តោន​ឯណោះ​។ សរុប​ទៅ សំរាម​ដែល​យើង​បាន​ប្រមូល​សរុប​ទៅ​មិន​ក្រោម​ ១០០ ​តោន​ទេ​។ សំរាម​ដែល​លិច​ទឹក​ទៅ​វិញ វា​បាន​អណ្តែត​រាយ​ប៉ាយ​ទៅ​ក្នុង​បឹង​ទន្លេ​សាប​វិញ​ហើយ ​ហើយ​ខ្លះក៏​បាន​ជាប់​នៅ​លើ​មែក​ឈើ​និង​ខ្លះ​អណ្តែត​នៅ​តាម​ច្រាំង​»​។

​សហ​គមន៍​ចុង​ឃ្នៀ​ស គឺជា​សហ​គមន៍​មួយ​ដែល​មាន​ប្រជា​ពលរដ្ឋ​រស់នៅ​ប្រមាណ​ជិត​ ១ ០០០​ គ្រួសារ ស្ថិត​ក្នុង​សង្កាត់​ចុង​ឃ្នៀស ​ក្រុង​សៀម​រាប ខេត្ត​សៀម​រាប​។ ប្រជា​ពលរដ្ឋ​ភាគច្រើន​ក្នុង​តំបន់​នេះ គឺ​ប្រកប​របរ​នេ​សាទ​ ខណៈ​ពល​រដ្ឋ ​មួយ​ចំនួន​ប្រកប​របរ​ដឹក​ភ្ញៀវ​ទេស​ចរទៅ​ទស្សនា​ទេស​ភាព​តាម​ទន្លេ​ទាំង​ក្នុង​រដូវប្រាំង​និង​រដូវ​វស្សា​ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​ជីវិត​។​

​លោក​ ម៉ៃ មាន ដែល​ជា​យុវជន​ចូលរួម​ក្នុងការ​ប្រមូល​សំរាម​នៅ​ក្នុង​តំបន់​ចុង​ឃ្នៀ​ស បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ភូមិ​របស់​លោក​ គឺមាន​ភូមិប​ណ្តែ​ត​ទឹក​ដែលមាន​ពលរដ្ឋ​រស់នៅ​លើ​ទឹក ហើយ​បាន​ផ្លាស់​ប្តូរ​ការរស់​នៅ​តាម​បែប​ផែន​ខុស​គ្នា​ទៅ​តាម​រដូវ​ប្រាំង និង​រដូវ​វស្សា​។

លោក​បាន​បន្តថា ពលរដ្ឋ​ដែល​រស់​នៅ​លើទឹក​ប្រមាណ​ ៤៥​ ភាគ​រយ គឺ​ពួក​គាត់​ ត្រូវមាន​ជីវិ​តបត់​បែន​ទៅតាម​រដូវ​កា​ល ខណៈ​ការ​រស់នៅ​​របស់​ពួក​គាត់ គឺ​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​តាម​រដូវ​ទឹក​ទន្លេ​ឡើង​ចុះ​។

​តាម​រយៈ​ការ​ស្ម័គ្រ​ចិត្ត​ប្រមូល​សំរាម​ជា​ញឹក​ញាប់​ លោក​ ម៉ៃ មាន បាន​ថ្លែង​ថា ការ​ប្រមូល​សំរាម​របស់​ក្រុម​ការងារ​ដែល​ចូលរួម​ជាមួយ​ប្រជា​ពលរដ្ឋគឺ​មិន​ប្រឈម​នឹង​ឧបសគ្គ​នោះ​ទេ ​ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះគឺ​​កា​រដឹក​ជញ្ជូន​សំរាម​ចេញ​ពី​ក្នុង​សហ​គមន៍​ ព្រោះ​នៅ​ពេល​ប្រមូល​សំរាម​ពី​ទឹកបាន​មក​ហើយ គឺ​មិន​មាន​មធ្យោ​បាយ​ក្នុង​ការ​ដឹក​ជញ្ជូន​។​

​លោក​បាន​រៀប​រាប់​ថា​៖ «​ប្រជា​ពលរដ្ឋ​បាន​ចូលរួម​ជាមួយ​យើង​ទោះ​មិនបាន​ ១០០​ ភាគរយ​ តែ​អាច​បាន​ពាក់​កណ្តាល ដែល​បាន​ចូល​រួម​តាម​ការ​កៀរ​គរ​របស់​យើង​។ ខ្ញុំនឹង​បន្ត​កៀរគរ​ដៃគូ​បន្ថែម​ទៀត​ដើម្បី​អនុវត្ត​សកម្ម​ភាព​នៃ​ការ​ប្រមូល​សំរាម​ក្នុង​ទន្លេ​ឱ្យមាន​និរន្តរ​ភាព​បន្ត​ទៀត​ ហើយ​យើង​ត្រូវការ​ការចូល​រួម​ពី​គ្រប់​ភាគី​»​។​

​លោក​ អ៊ុំ សារី ចៅ​សង្កាត់​ចុង​ឃ្នៀ​ស បាន​ថ្លែង​ថា​ ប្រសិន​បើ​រង់ចាំ​សកម្ម​ភាព​ដោយ​ផ្ទា​ល់ពី​ប្រជា​ពលរដ្ឋ ក្នុង​ការ​ប្រមូល​សំរាម​និង​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅក្នុង​តំបន់​បឹង​ទន្លេ​សាប​នោះគឺ​មិន​អាច​ទេ​។​ដូច្នេះ​ក្នុង​នាម​អាជ្ញា​ធរ លោក​បាន​បង្កើត​ជា​កម្ម​វិធី​នានា​ដើម្បី​កៀរគរ​ប្រជា​សហ​គមន៍​ឱ្យចូល​រួម​សម្អាត​បរិស្ថាន ជា​ពិសេស​គឺ​ការ​ប្រមូល​សំរាម​ប្លា​ស្ទិក​។

​ដោយ​សារ​ប្រឈម​នឹង​ការ​មធ្យោ​បាយ​ដឹក​ជ​ញ្ជូន​លោក សារី ​ក៏បាន​ដឹកនាំ​ប្រជា​សហ​គមន៍​ឱ្យចូល​រួម​បង់​ថវិកា​ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​មាន​ថវិកា​សម្រាប់​ជួល​មធ្យោ​បាយ​ដឹក​ជ​ញ្ជូន​​ពី​ក្រុម​ដឹក​ជ​ញ្ជូន​សំរាម​ចេញ​ពី​សហ​គមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា ចៀស​វាង​មាន​ការ​លិច​ទឹក ឬ​សំរាម​ទាំង​នោះ​រាយ​ប៉ាយ​ទៅ​វិញ​ជាថ្មី​ទៀត​។​

​លោក​ សារី បាន​បញ្ជាក់​ថា​៖ «​ពេល​នេះ យើង​ត្រូវធ្វើ​ហើយ ​ដោយ​មាន​ការ​បង់​សេវា​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការដឹក​ជញ្ជូន​សំរាម​ចេញ ​ហើយ​យើង​ក៏បាន​ចែក​ឧប​ករណ៍​ដល់​ពលរដ្ឋ​យើង ​ដើម្បីឱ្យ​ពួក​កាត់​ញែក​សំរាម​។ យើង​បង្កើត​គណៈ​កម្មការ​ ដើម្បី​ផ្សព្វ​ផ្សាយ ​និង​សម្អាត​រាល់​ខែ ដើម្បី​ឱ្យ​ពួក​គាត់​ចូល​រួម​ប្រមូល​សំរាម​ទាំង​អស់​គ្នា​»​។​

​ខណៈ​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន​ក្នុងការ​កៀរគរ​សហ​គមន៍​សម្អាត​បរិស្ថាន ​លោក សារី​ នៅ​តែ​អះអាង​ថា ការ​ងារ​សម្អាត​អនា​ម័យ​បរិស្ថាន​នៅ​ក្នុង​ទន្លេ​សាប គឺ​ចាំបាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈ​ដ្ឋាន ហើយ​ប្រជា​ពលរដ្ឋ គឺជា​ស្នូល​ចាំបាច់​បំផុត​ដើម្បី​ធ្វើឱ្យ​ទន្លេ​គ្មាន​សំរាម​ដោយ​ការមិន​បោះ​ចោល​សំរាម ​ការ​មិន​ប្រើ​ប្រាស់​ប្លា​ស្ទិ​ក និង​ចូល​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​ទាំង​អស់​គ្នា​។​

​លោក​បាន​រៀបរាប់​បន្តថា​៖ «​សហ​គមន៍​របស់ខ្ញុំ​នៅជាប់​ដង​ទន្លេ​សាប ​ឃើញ​សំរាម​ហូរ​ចូល​មក​ក្នុង​ទន្លេ​រាល់ថ្ងៃ ពេលខ្លះ​មកពី​តំបន់​យើង​រស់នៅ​ផង​ និង​សំរាម​ហូរ​ចូល​មកពី​ប្រភព​ក្រៅ​ផង​។អ្វី​ដែល​យើង​ធ្វើ​នេះគឺ​ដើម្បី​កុំឱ្យ​បញ្ហា​សំរាម​ ក្លាយជា​បញ្ហា​កាន់តែ​ធំ​សម្រាប់​យើង ​យើង​ចង់ឱ្យ​ពលរដ្ឋ​ចូលរួម​ជា​មួយ​យើង​កាន់​តែ​ច្រើន ​ព្រោះ​កន្លង​មក​ពួក​គាត់​ចូល​រួម​ជា​មួយ​យើង​នៅ​មាន​កម្រិត​»​។​

​សំរាម​ប្លា​ស្ទិ​ក​ជា​ច្រើន ត្រូវ​បាន​ហូរ​ចូល​បឹង​ទន្លេ​សាប​ដោយ​ការប្រើ​ប្រាស់​របស់​សហ​គម​ន៍​ដែល​រស់​នៅ​លើ​បឹង​ទន្លេ​សាប​នេះ​ផង ​និង​ការ​ហូរ​នាំយក​ប្លា​ស្ទិ​កដែល​ប្រជា​ពលរដ្ឋ​បោះ​ចោល​គ្មាន​សណ្តាប់​ធ្នាប់​តាម​ព្រែក ​តាម​ស្ទឹង​នានា​ចាក់​ចូល​មក​ក្នុង​បឹង​ទន្លេ​សាប​ផង​។ នេះ​បើតាម​ការអះ​អាង​របស់​លោក នេត្រ ​ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។​

​ដូច្នេះ​លោក​បាន​ចាត់​ទុក​សកម្មភាព​នានា​របស់​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ចោល​សំរាម​ក្នុង​ទន្លេ​សាប​ និង​ឈប់​ឱ្យ​បឹង​ទន្លេសាប​ទទួលរង​នូវ​ការ​បំពុល​ដោយ​សំរាម ​ជាពិសេស​សំណល់​ប្លា​ស្ទិ​ក​តទៅ​ទៀត គឺ​រឿង​សំខាន់ ដែល​ចាំបាច់​ត្រូវការ​ការ​អប់រំ និង​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​។​

​លោក​ នេត្រ​ ភក្ត្រា បាន​បញ្ជាក់​ថា​៖​ «​ត្រូវការ​អប់រំ និង​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​លើ​ផល​ប៉ះពាល់​ពី​សំណល់​ប្លា​ស្ទិ​ក​។ ពិត​ជាមាន​សារៈ​សំខាន់​និង​ត្រូវធ្វើ​ជា​ប្រចាំ ហើយ​ជា​មួយ​គ្នានេះ​ត្រូវ​មាន​ការ​ចូល​រួម​អនុវត្ត​ជា​ប្រចាំ​»​។​

​ជា​មួយ​សកម្ម​ភាព​នេះ ​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សីនឹង​អនុវត្ត​កម្មវិធី​ប្រមូល​យក​ប្លា​ស្ទិ​កឬ​ហៅថា Waste Mana​ge​ment and Harvest Plastic program នៅ​ក្នុង​តំបន់​ចុង​ឃ្នៀ​ស​នេះនា​ចុង​ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​រួមគ្នា​ប្រមូល​សំរាម​ពី​ទន្លេ​ជា​ថ្មី​ទៀត​។ នេះ​បើតាម​ការអះ​អាង​របស់​លោក ស៊ា សុផល​។

​លោក​ ស៊ា សុផល បាន​រៀ​បរាប់​បន្ត​ថា សកម្ម​ភាព​ប្រមូល​សំរាម​នេះ ​នឹង​ធ្វើ​ឡើង​វិញ​ជា​បន្ត​បន្ទាប់ ​ក្រោយ​ខក​ខាន​សកម្ម​ភាព​មួយ​រយៈ​ដោយ​សា​រតែ​បញ្ហា​ជំងឺ​កូ​វីដ​ ១៩ ​ស្រប​ពេល​ដែល​ការ​កៀរគរ​ពលរដ្ឋ​នៅក្នុង​សហ​គមន៍​ទន្លេ​សាប​គឺ​បាន​ធ្វើ​ឡើង​គ្រាន់​ជា​ទ្រង់​ទ្រាយ​តូចៗ​ប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ការ​ប្រមូល​សំរាម​លើទឹក​ ខ្ញុំនឹង​គ្រោង​ធ្វើ​យុទ្ធនា​ការ​ធំ​មួយ​នៅក្នុង​ព្រឹ​ត្តិការណ៍​ប្រចាំ​ឆ្នាំ​យើង ក្រោយ​ពេល​ទឹក​ស្រក ក្រោយ​បុណ្យ​អំ​ទូក​ហើយ​។ កម្មវិធី​យើង​នេះ គឺ​ផ្តោត​ទៅ​លើ​តំបន់​ចុង​ឃ្នៀ​ស ដែល​មាន​ពលរដ្ឋ​រស់​នៅ​ប​ណ្តែ​ត​ទឹក​ដោយ​បំផុស​ចលនា​ឱ្យ​ចូលរួម​ទាំង​អស់​គ្នា ដោយ​ប្រើ​ទូក​រាប់​រយ​គ្រឿង​ដើម្បី​ដួស​យក​សំរាម​ពី​ក្នុង​ទឹក​»​។​

​បើ​តាម​ផែន​ការ យុទ្ធ​នាការ​នេះ នឹង​ត្រូវ​ប្រើប្រា​ស់​ទូក​ជាង ២០០ ​គ្រឿង និង​សកម្ម​ភាព​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​ក្នុង​តំបន់​ដែល​រំពឹង​ថា ​នឹងមាន​ការ​ចូលរួម​បាន​ច្រើន​ដើម្បី​ប្រមូល​សំរាម​ពី​បឹង​ទន្លេ​សាប ​ខណៈ​សំរាម​ដែល​ប្រមូល​ពីលើ​​គោកក្នុ​ង​តំបន់​ចុង​ឃ្នៀ​ស ត្រូវ​បាន​ប្រមូល​ចេញ​ជា​បន្ត​បន្ទាប់​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​សកម្ម​ភាព​ទាំង​នោះ​ បានចាប់​ផ្តើម​ធ្វើ​ឡើង​នៅក្នុង​សហ​គមន៍​ចុង​ឃ្នៀ​សដែល​មាន​ចម្ងាយ​ប្រមាណ ​១០​ គីឡូម៉ែ​ត្រ​ ពី​ក្រុង​សៀមរា​ប ក្រោយ​ជំងឺ​រាត​ត្បាត​កូ​វីដ​ ១៩ បាន​ថម​ថយ ។ អ្នក​រស់នៅ​ក្នុង​តំបន់ ​បាន​ចូល​រួម​ជា​កម្លាំង​និង​ថវិកា​ក្នុង​សកម្ម​ភាព​នៃ​ការ​ប្រមូល ​និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ ​ដើម្បី​កុំឱ្យ​សំរាម​ទាំង​នោះ រាយ​ប៉ាយ​មកវិញ​។ យើង​នឹង​សង្ឃឹម​ថា ​មាន​អ្នក​ចូល​រួម​កាន់​តែច្រើ​ន​»៕