ភ្នំពេញៈ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ (ក.ក.ជ.)​ ផ្តល់​វគ្គ​បណ្តុះបណ្តាល​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិ​ទី៥ ​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ​ដោយ​ចាត់ទុក​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ជា​ភ្នាក់ងារ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​លើកកម្ពស់​យុទ្ធសាស្ត្រ​ជាតិ ​ស្ដីពី​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​នៅ​កម្ពុជា។

វគ្គ​បណ្តុះបណ្តាល​នេះ ​ត្រូវបាន​ធ្វើឡើង​នៅ​បន្ទប់​ប្រជុំនៃ​រដ្ឋបាល​សាលាស្រុក​ព្រែក​ប្រសព្វ នា​ថ្ងៃទី ២៤​ ខែតុលា​ ដោយ​មាន​ការសម្រប​សម្រួល​វិស័យ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ខេត្ត​ក្រចេះ​ រដ្ឋបាល​សាលាស្រុក​ព្រែក​ប្រសព្វ ​និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ MUSEFO/GIZ, UNICEF, SUN-CSAs។

លោក​ សយ អ៊ឹង ​អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ​និង​ជនបទបាន​ថ្លែងថា ​រាជរដ្ឋាភិបាល​កម្ពុជា ​បានទទួល​ស្គាល់​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ ​គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​សង្គម​កម្ពុជា ​ដូច​មាន​ចែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជាសកល​ស្តីពី​សិទ្ធិមនុស្ស ​និង​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌​ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន។

លោក​ថា ​ឈរលើ​ស្មារតី​នេះ ​រាជរដ្ឋាភិបាល​បានផ្ដល់​អាទិភាព​ខ្ពស់ ​និង​ចាត់ទុក​វិស័យ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ ជា​បញ្ហា​អន្តរវិស័យ​ ១ ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស ​សេដ្ឋកិច្ច ​ភាព​ចម្រុង​ចម្រើន​នៃ​សង្គមជាតិ ​និង​សមធម៌​សង្គម ។

លោក​ថ្លែងថា​៖ «ដំណោះ​ស្រាយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ មិន​ត្រឹមតែ​ជាការឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ​កន្លងមក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ​ធន់​នឹង​ភាព​ងាយ​រងគ្រោះ​ វិបត្តិ ​និង​បញ្ហា​ផ្សេងៗ ​ការពារ​បរិស្ថាន ​និង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ​និង​មាន​ចីរភាព ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​ រួម​នឹង​ភពផែនដី​ និង​វិបុលភាព»។

លោក​ សយ អ៊ឹង ​បញ្ជាក់ថា ​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ ​គឺជា​បញ្ហា​អន្តរ​វិស័យ​តម្រូវ​ឱ្យ​មាន​កិច្ចសហការ​ល្អ​ ការសម្រប​សម្រួល ​ការអន្តរាគមន៍ ​និង​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ​សុខាភិបាល ​អប់រំ ​ទឹក​ស្អាត ​និង​អនាម័យ​ គ្រប់គ្រង​ធនធានទឹក ​គាំពារ​សង្គម​ យេនឌ័រ ​និង​វិស័យ​ពាក់ព័ន្ធ​នានា។

លោក​ចាត់ទុក ​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ ទាំង​ក្រសួង​ស្ថាប័នរដ្ឋ ​ដៃគូ​អភិវឌ្ឍន៍ ​សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ សហគមន៍ ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ​ក្រុម​យុវជន​ អ្នកសារព័ត៌មាន ​ដើម្បី​អនុវត្ត​គោល​នយោបាយ ​និង​យុទ្ធ​សាស្ត្រ​តាម​វិស័យ ​និង​អន្តរវិស័យ​ខាងលើ ​គឺជា​កត្តា​ចាំបាច់ ​ដើម្បី​ដោះស្រាយ​ភាពស្មុគស្មាញ ​នៃ​ឫសគល់​អសន្ដិសុខ​ស្បៀង​ និង​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់។

លោក​បញ្ជាក់ថា​៖«ការយល់​ដឹង​ពី​សារៈសំខាន់​នៃ​វិស័យ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​អភិវឌ្ឍ​មូលធន​មនុស្ស ​សេដ្ឋកិច្ច ​និង​សង្គម​ជាតិ។ ហេតុនេះ​យើង​ត្រូវ​បណ្តុះបណ្តាល​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ យល់​ដឹង​អំពី​សារៈសំខាន់​វិស័យ​នេះ ​និង​លើកស្ទួយ​វិស័យនេះ​សម្រាប់​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ​និង​ជំរុញ​ឱ្យ​ពួកគាត់​ចេះ​វិភាគ​ និង​ចាត់​អាទិភាព​វិស័យ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ ​ព្រមទាំង​បញ្ជ្រាប​ការងារ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ទៅ​ក្នុង​ដំណើរការ​កសាង​ផែនការ​អភិវឌ្ឍន៍ ​និង​កម្មវិធី​វិនិយោគ​ឃុំ​-សង្កាត់»។

លោកបន្តថា​៖ «ការកៀរគរ​ធនធាន​ថវិកា ​និង​ធនធាន​មនុស្ស​នានា​ ទាំង​ក្នុង ​និង​ក្រៅ​សហគមន៍ ​សម្រាប់​លើកកម្ពស់​វិស័យ ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ ​ជាពិសេស​អាហារ​ប្រកបដោយ​សុខភាព​សម្រាប់​កុមារ ​ស្ត្រី​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះម្តាយ ​និង​ស្ត្រី​មាន​ផ្ទៃពោះ ​ក៏មាន​សារៈ​សំខាន់​ផងដែរ»។

បើតាម​ឯកសារ​ទស្សនទាន​របស់​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ​និង​ជនបទ ​ការប្រើប្រាស់​និង​ទទួលបាន​ស្បៀង​គ្រប់គ្រាន់​រួមគ្នា ​គឺជា​កត្តា​កំណត់​ពី​ស្ថានភាព​អាហារូបត្ថម្ភ​របស់​បុគ្គល​ម្នាក់ៗ។ ​របប​អាហារ​ ក្នុង​បរិមាណ​គ្រប់គ្រាន់ ​មាន​ទឹក​ស្អាត ​មាន​បង្គន់​អនាម័យ ​និង​មាន​ទម្លាប់​ប្រតិបត្តិ​អនាម័យ​ល្អ​ រួម​នឹង​ការថែទាំ​សុខភាព​ សុទ្ធតែជា​តម្រូវការ​ចាំបាច់​ត្រូវមាន ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​សុខុមាលភាព​ផ្នែក​អាហារូបត្ថម្ភ។

ឯកសារ​នេះ ​ឱ្យដឹង​ថា ​កុមារ​ដែល​មាន​កង្វះ​អាហារូបត្ថម្ភ​ មិន​ត្រឹមតែ​ប្រឈម​នឹង​ការស្លាប់ ​ការឈឺ ​និង​ការឆ្លង​ជំងឺ​ច្រើន​ប៉ុណ្ណោះ​ទេ ​តែ​ថែមទាំង​មាន​បញ្ហាកង្វះ​ប្រាជ្ញា​វៀងវៃ ​មាន​ការលូតលាស់​យឺត ​ហើយ​រៀន​មិនសូវ​បាន​ចប់​ឆ្នាំ​នៅ​ក្នុង​សាលា​ផងដែរ។

ឯកសារ​បញ្ជាក់ថា​៖«វគ្គ​បណ្តុះបណ្តាល​ការងារ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​នេះ​ នឹង​ជួយ​បង្កើន​សមត្ថភាព​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​និង​អ្នកពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​លើក​ទី២ ​ឆ្នាំ ២០១៩-២០២៣ ​នៅ​ថ្នាក់ក្រោម​ជាតិ​ឱ្យមាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់»។

កាលពី​ខែតុលា ​ឆ្នាំ ២០២០ ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​ណែនាំ​ឱ្យ​គ្រប់​រដ្ឋបាល​រាជធានី​-ខេត្ត ​ត្រូវ​រៀបចំ​បញ្ជ្រាប​ការងារ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ទៅក្នុង​ផែនការ​អភិវឌ្ឍន៍ ​និង​កម្មវិធី​វិនិយោគ​ឃុំ​-សង្កាត់​៣ ឆ្នាំ​រំកិល ​ដើម្បី​លើកកម្ពស់​វិស័យ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​នៅ​ថ្នាក់​ក្រោម​ជាតិ។

ផែនការ​អភិវឌ្ឍន៍ ​និង​កម្មវិធី​វិនិយោគ​ឃុំ​-សង្កាត់​ប្រកបដោយ​បរិយាប័ន្ន ​គឺជា​វិធីសាស្ត្រ ​និង​ជា​ឧបករណ៍ ​ជួយ​សម្រួល​ការអនុវត្ត​ គោល​នយោបាយ​ និង​យុទ្ធសាស្ត្រ​នានា ​ឱ្យស្រប​តាម​កំណែទម្រង់​វិមជ្ឈការ ​សម្រាប់​ការអភិវឌ្ឍន៍​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ​និង​ដើម្បីឱ្យ​ក្រុមប្រឹក្សាឃុំ-​សង្កាត់ ​បង្កើន​ចំណេះដឹង​លើ​វិស័យ​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ ​និង​លើកកម្ពស់​ស្ថានភាព​សន្តិសុខ​ស្បៀង ​និង​អាហារូបត្ថម្ភ​ក្នុង​សហគមន៍៕